ជប៉ុន​និយាយថា សុវត្ថិភាព​នៃ​នាវា​នៅ​ច្រក​សមុទ្រហ័​រមូស ជា​បញ្ហា​ដ៏​សំខាន់​ស្លាប់​រស់​

397
ចែករម្លែក

​លោក Yoshihide Suga នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​ខែ​មិថុនា​ថា​ជប៉ុន​មើលឃើញ​ការធានា​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​នៅ​ច្រក​​សមុទ្រ ហ័​រមូស នៃ​ឈូង​សមុទ្រ​ពែ​ក្ស គឺជា​បញ្ហា​ស្លាប់​រស់​នៃ​សន្តិសុខ​ថាមពល​របស់ខ្លួន​។​

​លោក Yoshihide Suga​បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​Twitter​ដែលថា ប្រទេស​ជាច្រើន​​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការនាំ​ប្រេង​ចេញ​មជ្ឈិមបូព៌ា ដោយ​រួមទាំង​ប្រទេស​ចិន​និង​ជប៉ុន​នោះ​នឹង​ការពារ​នាវា​ផ្ទាល់ខ្លួន​របស់​ពួកគេ ជាជាង​ពឹងផ្អែក​លើ​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​ស្តីបន្ទោស​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​ថ្មីៗ​ទៅ​លើ​នាវា​ដឹក​ប្រេង​ជាច្រើន​គ្រឿង នៅក្បែរ​ឈូង​សមុទ្រ​ពែ​ក្ស ទោះបីជា​អ៊ីរ៉ង់​បាន​បដិ​​សេធ​ការចោទប្រកាន់​នេះ​ក៏​ដោយ​។​

​លោក​Yoshihide Suga បាន​និយាយថា ” យើង​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការកើនឡើង​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​នេះ​។ ជាពិសេស​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​តាម​ច្រក​​សមុទ្រហ័​រមូស គឺជា​បញ្ហា​ដ៏​សំខាន់​បំផុត​នៃ​សន្តិសុខ​ថាមពល​របស់ខ្លួន ហើយ​ថា វា​ជា​ការសំខាន់​ខ្លាំង សម្រាប់​សន្តិភាព​និង​ភាពរុងរឿង​នៃ​សហគមន៍​អន្តរជាតិ​”​។​

​លោក​បាន​បន្ថែម​ថា​ជប៉ុន​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​នៅ​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​

​ជាង​៦០​ភាគរយ​នៃ​ប្រេង​ដែល​ដឹក​កាត់​តាម​ច្រក​សមុទ្រ​នេះ ដឹក​ទៅកាន់​ប្រទេស​ជាច្រើន​នៅ​អាស៊ី​៕​ដោយ​៖​សុខា​/sn

នាវា​ដឹកទំនិញ បើក​ឆ្ពោះទៅកាន់​ច្រក​សមុទ្រហ័​រមូស នៅ​ឯនាយ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​Musandam ប្រទេស​អូ​ម៉ង់ កាលពី​ឆ្នាំ​២០១៨

#