ជប៉ុន​នឹង​បញ្ជូន​កងកម្លាំង​ផ្ទាល់ខ្លួន​ទៅ​តំបន់​មជ្ឈិម​បូព៌ា ដោយ​មិន​ចូលរួម​​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាម៉េរិក​ទេ​

216
ចែករម្លែក

​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​តុលា​ថា​ខ្លួន​បាន​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​ការពារ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​មជ្ឈិមបូព៌ា នោះទេ ប៉ុន្តែ​កំពុង​ត្រៀម​បញ្ជូន​កងទ័ព​ផ្ទាល់​របស់​ខ្លួន​ដើម្បី​ធានា​ការដឹកជញ្ជូន​ប្រេង​មកកាន់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយថា ជប៉ុន​នឹង​រក្សា​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ទោះបីជា​ខ្លួន​មិន​ចូលរួម​​ក្នុង​ក្រុមចម្រុះ​នេះ​ក៏​ដោយ​។ សហរដ្ឋ​អាម៉េរិក​និយាយថា ក្រុម​ចម្រុះ​នេះ​គឺ​ការពារ​នាវា​ពាណិជ្ជកម្ម​ទាំងឡាយ​ពី​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ ។​

​លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​” សន្តិភាព​និង​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​អន្តរជាតិ​ដោយ​រួមទាំង​​ប្រទេស​ជប៉ុន​ផង​។ បន្ទាប់ពី​យើង​បាន​សិក្សា​យ៉ាង​ហ្មត់ចត់​អំពី​វិធានការណ៍​ណា​ដែល​អាច​មាន​ប្រសិទ្ធភាព​បំផុត​នោះ​យើង​បាន​សម្រេចចិត្ត​អនុវត្ត​វិធានការ​ផ្ទាល់ខ្លួន ដាច់​ដោយ​​ឡែក​” ។​

​តម្រូវការ​ថាមពលរ​បស់​ជប៉ុន គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការនាំ​ចូល​ប្រេង​។

​ជប៉ុន​បាន​រក្សា​ចំណង​មិត្តភាព​ជា​មួយ​អ៊ីរ៉ង់​ហើយ​មាន​ការស្ទាក់ស្ទើរ​ចិត្ត​ក្នុង​ការចូលរួម​ជាមួយ​កម្លាំងចម្រុះ​បែបនេះ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេក៏បាន​ព្យាយាម​​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ ផងដែរ​៕​ដោយ​៖​សុខា​/sn

លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន