ជប៉ុន​នឹង​ផ្តល់ជំនួយ​ឥ​តសំណង​ដើម្បី​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​តំបន់​ជើងឯក​

1205
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​តាម​គ្រោង​រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ជំនួយឥតសំណង​ដើម្បី​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មួយ​កន្លែង​លើ​ផ្ទៃដី​ទំហំ​៣​ហិកតា​កន្លះ នៅ​តំបន់​ជើងឯក ដើម្បី​បំ​លែង​ទឹក​កខ្វក់​ឱ្យ​មកជា​ទឹកស្អាត មុននឹង​បង្ហូរ​ចូលទៅក្នុង​ទន្លេ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​។​
​គម្រោង​ដែល​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​ផ្នែក​បរិស្ថាន​នេះ​បានបង្ហាញ​ឱ្យដឹង​ក្នុង​កិច្ចពិភាក្សា​ការងារ​រវាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​ហៅ​ចៃកា( JICA) តំណាងឱ្យ​រដ្ឋាភិបាល​ជ​ប៉ុន កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ថា ក្នុង​កិច្ចប្រជុំ​នោះ​លោក បេ​អ៊ី អ៊ី​តូ តំណាង​ប្រតិភូ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុនថ្លែងថា ការងារ ដែល​ខាង​ភាគី​ជប៉ុន​ត្រូវធ្វើ គឺមាន​គម្រោង​មួយចំនួន ដែល​នឹងត្រូវ​អនុវត្ត​សំរាប់​ផែន​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិ​កម្មនេះ ទី​១​គឺ ធ្វើការ​បណ្តុះបណ្តាល ពី​បច្ចេកទេស​ដល់​មន្ត្រីរាជកា​រ​ដែល​ទាក់ទង​ជាមួយ នឹង​ការគ្រប់គ្រង​ទឹក​កខ្វក់ ដើម្បី​បង្កើន​សមត្ថភាព​លើ​ផ្នែក​នេះ​។​​លោក បេ​អ៊ី អ៊ី​តូ​បាន​បន្តថា​ ខាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន នឹង​ជួយ​តាក់តែង​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ក្នុងការ​គ្រប់គ្រង​ទឹក​កខ្វក់​នេះ​។​លោក អ៊ី​តូ លើកឡើង​ទៀតថា​៖ ចំពោះ​គម្រោង​ទៅ​២​គឺ វា​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នៅ​តំបន់​ជើងឯក ក្នុង​ខណ្ឌដង្កោ ដែល​ត្រូវការ​ដី​ទំហំ​៣​ម៉ឺន​៥​ពាន់​ម៉ែត្រការ៉េ ដែល​អាចមាន​សមត្ថភាព​ក្នុងការ​ចម្រោះ​ទឹក​កខ្វក់ ទៅជា​ទឹកស្អាត ដោយ​១​ថ្ងៃ បំ​លែង​បាន​ប្រមាណ​៥​ពាន់​ម៉ែត្រគូប​។
​លោក​បន្ថែម​ចំពោះ​បញ្ហា​នេះ​ទីភ្នាក់ងារ​ចៃកានឹង​បញ្ជូន​អ្នកជំនាញ​មក​ធ្វើការ​សិក្សា​លម្អិត​នៃ​គម្រោង​អាង​ប្រព្រឹត្តិ​កម្មនេះ ដោយ​នឹង​ប្រើប្រាស់​ពេលវេលា​នៃ​ការសិក្សា​ចំនួន​៤​ឆ្នាំ​។​

លោក អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា​ គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់ នៅ​រាជធានី​ភ្នំពេញ​ឱ្យមាន​ភាពប្រសើរឡើង​៕