ជប៉ុន​នឹង​ផ្តល់ប្រាក់​៣​លាន​ដុល្លារ​ដល់​មី​យ៉ាន់​ម៉ា​សម្រាប់​ការវិលត្រឡប់​របស់​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

396

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែមករា​នេះ បាន​ជំរុញ​លោកស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា​ឱ្យ​ធានាបាន​នូវ​ការវិលត្រឡប់​ប្រកបដោយ​សុវត្ថិភាព​និង​ដោយ​ស្ម័គ្រចិត្ត​របស់​ក្រុម​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា
​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​អំពើហិង្សា​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដែលមាន​បញ្ហា​។​

​ខណៈដែល​លោក ថា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​នោះ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្តល់ប្រាក់​ជំនួយ​ចំនួន​៣​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​សបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ស្តីពី​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ហើយ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយថា ខ្លួន​នឹង​ចាប់ផ្តើម​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ នៅ​ថ្ងៃទី​២៣ ខែមករា​។ ចំនួន​ពិតប្រាកដ​និង​វិសាលភាព​នៃ​ការធ្វើ​មាតុភូមិនិវត្តន៍​នេះ គឺ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦៥០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ដើម្បី​គេច​ពី​ការបង្ក្រាប​ដ៏​ឃោរឃៅ ដែល​នៅក្នុង​ការបង្ក្រាប​នោះ កងកម្លាំង​សន្តិសុខ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ជា​លក្ខណៈ​បោស​ការសម្អាត​ជនជាតិភាគតិច​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់លោក កូ​ណូ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា រួមបញ្ចូល​ទាំង​ការធ្វើដំណើរ​ទៅកាន់​រដ្ឋ​រ៉ា​ឃី​ន​។ លោក កូ​ណូ បាន​និយាយថា ជប៉ុន​គ្រោង​ផ្តល់ជំនួយ​បន្ថែមទៀត​ដើម្បី​កែលម្អ​លក្ខខណ្ឌ​មនុស្សធម៌​និង​ការអភិវឌ្ឍ​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​លោកស្រី អ៊ុង សាន ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ និង ជា​រដ្ឋមន្ត្រីការបរទេស​បាន​និយាយ​នៅក្នុង​សន្និសីទ​រួម​ក្នុងអំឡុង​ជួប​ជាមួយ លោក កូ​ណូ ថា “​យើង​សូម​អរគុណ​ប្រទេស​ជប៉ុន​ចំពោះ​ឆន្ទៈ​របស់ខ្លួន​ក្នុង​ការគាំទ្រ​តម្រូវការ​នេះ ទាំង​ក្នុង​រយៈពេល​ខ្លី​និង​រយៈពេល​វែង​” ៕ ដោយ៖ សុខា

លោកស្រី អ៊ុង សាន ស៊ូ​ជី ធ្វើ​សន្និសីទ​រួមជាមួយ​លោក ថា​រ៉ូ កូ​ណូ បន្ទាប់ពី​ជំនួប​របស់​ពួកគេ​នៅ​ក្រសួងការបរទេស​នៅ​ទីក្រុង​ណៃ​ពិដោ នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែមករា