ជប៉ុន​នៅតែ​បន្ត​ផ្តល់ជំនួយ​ដល់​កម្ពុជា​! មិន​ខ្វល់​នឹង​សំឡេង​ប្រឆាំង​!

725
ចែករម្លែក

​មិន​ថា​ជំនួយឥតសំណង ឬក៏​ជា​ជំនួយ​កម្ចីសម្បទាន​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្រាប់ អង្គការ​សង្គម​ស៊ីវិល​នោះទេ គឺ​រាជរដ្ឋាភិបាល​ជប៉ុន នៅតែ​បន្ត​ផ្តល់ជូន ដើម្បី​ចូលរួម​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​ដដែល​។ គ្រាន់តែ​ពីរ​ថ្ងៃ​សោះ គឺ​នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ជប៉ុន​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​គិត​ជា​ទឹកប្រាក់​ប្រមាណ ៤៤​លាន​ដុល្លារ​អាម៉េរិក​។​

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង ការបរទេស បាន​ចុះហត្ថលេខា​ជាមួយ​លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្ដីពី ហិរញ្ញប្បទាន​របស់​ជ​ប៉ុន ដែលមាន ទឹកប្រាក់​សរុប​ចំនួន ៤.៩៣៩ លាន​យ៉េន ( ប្រមាណ ៤៣,៣៦ លាន​ដុល្លារ​)​។ ក្នុងនោះ ឥណទាន​សម្បទាន​ចំនួន ៣.៥៩៩ លាន​យ៉េន (​ប្រមាណ ៣១,៥៦ លាន​ដុល្លារ​) សម្រាប់​អនុវត្ត «​គម្រោង​កែលម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២» និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១.៣៤០ លាន​យ៉េន (​ប្រមាណ ១១.៨ លាន​ដុល្លារ​) សម្រាប់​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ​» ។​
​ ​
ជំនួយឥតសំណង និង​ឥណទាន​សម្បទាន ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា​នេះ នឹង​រួមចំណែក យ៉ាងសំខាន់​ក្នុងការ​បន្ត​អនុវត្ត «​យុទ្ធសាស្ត្រ​ចតុកោណ​» ដំណាក់កាល​ទី ៤ របស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ដែល​ស្របទៅនឹង​មុំ​ទី ២ និង​ទី​៤ ដែល​បាន​សង្កត់ធ្ងន់​លើ «​ការកែលម្អ​ប្រព័ន្ធ ឡូ​ជី​ស្ទីក ការលើក​កំពស់​ការតភ្ជាប់​ផ្នែក​ដឹកជញ្ជូន ថាមពល និង​ឌីជីថល​» និង «​ការលើកស្ទួយ កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ ការ​គ្រប់ គ្រង​ធម្មជាតិ និង​វប្បធម៌​ប្រកប ដោយ​ចីរភាព​» ដែល​ទាំងនេះ ជា​ចលករ​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​
​ ​
ដោយឡែក កាលពី​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ លោក ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​លោក ម៉ាត់​ស៊ូ​អុ​កា តា​គូ​យ៉ា ប្រធាន​គម្រោង​អង្គការ World Vision Japan ក៏បាន​ចុះហត្ថលេខា លើ​ឯកសារ​ផ្តល់ និង​ទទួល​ជំនួយឥតសំណង់​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ​អាម៉េរិក របស់​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​សម្រាប់​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​ទារក ក្នុង​ខេត្តតាកែវ​។​

​គម្រោង​ជំនួយ​ថ្មី​នេះ អង្គការ​ជប៉ុន នឹង​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក​របស់ មណ្ឌល​សុខភាព ផ្ដល់​ការអប់រំ​ផ្នែក​សុខភាព ដល់​មាតា​នៅក្នុង​តំបន់ បង្កើត​នូវ​ហឹប​សុខភាព និង​អាហារូបត្ថម្ភ​សហគមន៍ ដើម្បីអោយ​គ្រួសារ​ក្រីក្រ អាច​ទទួលបាន​សេវា​សុខភាព និង​កែលម្អ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅតាម​មណ្ឌល​សុខភាព​។

​គម្រោង​នេះ នឹងត្រូវ​អនុវត្ត​រយៈ​ពេល​ពីរ​ឆ្នាំ ដោយ​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ផ្ដោតលើ ប្រធានបទ សុខភាព ដូចជា ការថែទាំ​មុន និង​ក្រោយ​សម្រាល ជំនាញ​សង្គ្រោះ​ជីវិត ជា​មូលដ្ឋាន និង​សមាហរណកម្ម​ការគ្រប់គ្រង និង​ព្យាបាល​ជំងឺ កុមារ​តាម​សហគមន៍ ជាដើម​។ ចាប់តាំងពី ឆ្នាំ​២០០២ មក រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ៣៥​លាន​ដុល្លារ​អាមេរិក ដល់​អង្គការ​ក្រៅ រដ្ឋាភិបាល សម្រាប់​អនុវត្ត​គម្រោង​ចំនួន ១១៥ ដែល​ផ្តោត​សំខាន់​ទៅលើ វិស័យ​អប់រំ នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោស សម្អាត​មីន ក្នុងប្រទេស​កម្ពុជា​។​
​ ​
​ដោយឡែក គិត​ចាប់ពី​ខែមេសា ២០១៨ ដល់​ខែមីនា ឆ្នាំ​២០១៩ កម្ពុជា និង​ជប៉ុន បាន​ចុះ ហត្ថលេខា​លើ​ឯកសារ សី្ត​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន ដែល​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ចំនួន ១៤.៩៩៧ លាន​យ៉េន គិត​ជា​ដុល្លារ​អាមេរិក ប្រមាណ ១៣៤,៣៨ លាន ក្នុងនោះ ជំនួយឥតសំណង​ប្រមាណ ១៩,៤២ លាន​ដុល្លារ និង​ឥណទាន​សម្បទាន​ប្រមាណ ១១៤, ៩៦ លាន​ដុល្លារ​។
​ ​
ជប៉ុន គឺជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​អាទិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា តាំងពីដើម​ទស្សវត្សរ៍ ឆ្នាំ​១៩៩០ ជាពិសេស​ការកែលំអ​ប្រព័ន្ធ ដឹកជញ្ជូន​(Logistics) សុខាភិបាល អប់រំ ការអភិវឌ្ឍន៍​ធនធានមនុស្ស កសិកម្ម និង​លើក​កំពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​
​ ​
ដូច្នេះ​សរុបមក ជប៉ុន មិនបាន​ខ្វល់​នឹង​សំឡេង​របស់​បក្សប្រឆាំង ឬក៏​បរ​ទេសណា​ទេ​។ ជប៉ុន​នៅ​ជាមួយ​កម្ពុជា បន្ត​ជួយ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​ពង្រឹង​លទ្ធិប្រជា ធិបតេយ្យ​។ គេ​ក៏​នៅចាំ​បាន​ថា ក្នុងការ​បោះឆ្នោតជាតិ កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ជប៉ុន​បាន​គាំទ្រ​ដល់ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​ការប្រកាស​គាំទ្រ​លទ្ធផល បោះឆ្នោត​នៅ​កម្ពុជា ផងដែរ​៕ ដោយ​: ម៉េង​ឆៃ​