ជប៉ុន​បង្កើន​សមត្ថភាព​វាយប្រហារ ដោយ​ត្រៀម​យន្តហោះ​ចម្បាំង F-35 ជាច្រើន​គ្រឿង​

1086
ចែករម្លែក

កាសែត​ចិន South China Morning Post បាន​រាយការណ៍​ថា កងទ័ព​ការពារ​ខ្លួន​ជប៉ុន កំពុង​ឆ្ពោះទៅរក​ការបង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ឡើងវិញ តាមរយៈ​ការដាក់​ត្រៀម​នូវ​យន្តហោះ​ចម្បាំង F-35 ​ដែល​បំពាក់​ដោយ​មី​ស៊ី​ល​ជាច្រើន​គ្រឿង ។​

​លោក ឡង់ ហ្គា​ទ្លី​ង (Lance Gatling) អ្នកវិភាគ​វិស័យ​យោធា មកពី​ក្រុម​អ្នកស្រាវជ្រាវ​និង​វិភាគ “Nexial Research Inc” បាន​និយាយប្រាប់​កាសែត​ចិន​នេះ កាលពី​ថ្ងៃ​អង្គារ ទី​២៧ មិថុនា​ថា “​ជប៉ុន​មិនដែល​បាន​អ្វី​ដូច​នៅពេលនេះ​ទេ កាលពី​ពេលមុនៗ​នោះ​”​។​

​លោក​បាន​បន្ថែមថា “​យន្តហោះ​F-35 នេះ ជា​ប្រភេទ​យន្តហោះ​បំបាំងកាយ ដែល​បំពាក់​ដោយ​អាវុធ ដែល​អនុញ្ញាតឱ្យ​អ្នកបើក​យន្តហោះ​ទៅកាន់​តែ​ជិត​គោលដៅ​វាយប្រហារ នៅពេលដែល​ចាប់ផ្តើម​វាយប្រហារ​ដោយ​មី​ស៊ី​ល​”​។

ដោយ​ខ្លួន​ជា​កងទ័ព​ស្វ័យការពារ​ខ្លួន​នោះ កងទ័ព​ជប៉ុន មានការ​ស្ទាក់ស្ទើរ​ក្នុង​ការផលិត​សព្វាវុធ​កម្រិត​វាយប្រហារ ប៉ុន្តែ​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ កំពុង​ផ្លាស់ប្តូរ នៅពេលដែល​មានការ​គំរាមកំហែង​ក្នុង​តំបន់​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ នៅ​សមុទ្រ​ចិន​ខាងត្បូង និង នៅ​សមុទ្រ​ចិន​ខាងកើត​។ ប៉ុន្តែ​កាសែត​ជប៉ុន Yomiuri Shimbun បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ការធ្វើឱ្យ​ប្រសើរ​អំពី​សមត្ថភាព​វាយប្រហារ​របស់​យន្តហោះ F-35 គឺជា​កា​រស​ម្រ​ច​ចិត្តជា​ធម្មតា​របស់​ក្រុម​អ្នកធ្វើ​គោលនយោបាយ​ក្នុងការ​អភិវឌ្ឍន៍​បែបនេះ​។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​ទំនងជា​នឹង​សាកសួរ​អំពី​ហេតុផល​របស់​ជប៉ុន​ចំពោះ​ការ​មាន​គ្រឿង​ស​ព្វា​អាវុធ​បែបនេះ​ដែរ​ស្រប​ពេលដែល លោក ឡង់ ហ្គា​ទ្លី​ង និយាយថា “​ទោះយ៉ាងណា​ក្តី វា​ដូចជា​មិន​ទំនង​ទេ ដែលថា ជប៉ុន​នឹង​ប្រើប្រាស់​មី​ស៊ី​ល​ទាំងនោះ​ដើម្បី​វាយប្រហារ​លើ​ចិន​នោះ​”៕ ​ដោយ ៖សុខា

យន្តហោះ​ចម្បាំង​F-35 របស់​ជប៉ុន
#