ជប៉ុន​បង្ហាញ​ឡាន​ហោះ បន្ទាប់ពី​ធ្វើតេស្ត​ហោះហើរ​លើកដំបូង​បាន​ជោគជ័យ​(វីដេអូ)

487
ចែករម្លែក

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស NEC Corp អាចជួយ​ជប៉ុន​ឱ្យ​ក្លាយជា​អ្នក​នាំមុខគេ​ក្នុង​ឧស្សាហកម្ម​ដ្រូ​ន​ដឹក​អ្នកដំណើរ បន្ទាប់ពី​បង្ហាញ “​ឡាន​ហោះ​” របស់ខ្លួន​ដោយ​ដាក់​វា​សំកាំង​ផុតពី​ដី ៣ ម៉ែត្រ រយៈពេល​មួយ​នាទី​ពេញ​។ ឡាន​ហោះ​ដើរ​ដោយ​ថាមពល​អគ្គិសនី ដែល​ធំ​ជាង​ដ្រូ​ន​ធម្មតា​៤​ដង​ជាមួយ​ស្លាបចក្រ​របស់​វា ត្រូវបាន​រចនា​ឡើង​ដើម្បី​ដឹក​មនុស្ស​នៅ​ខាងក្នុង​កាប៊ីន​តូច​របស់​វា​។ ចង​ជាមួយ​ខ្សែពួរ​និង​សាកល្បង​ក្នុង​ទ្រុង​សំណាញ់​យក្ស​នៅ​ជាយក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ លើក​នេះ​ដ្រូ​ន​នេះ​ពុំបាន​ដឹក​អ្នកដំណើរ​នៅ​ខាងក្នុង​ទេ​។​

​យោងតាម​វេ​ប​សាយ Bloomberg បានឱ្យដឹងថា ឡាន​ហោះ​គឺជា​ផ្នែក​មួយ​នៃ​គោលបំណង​កាន់តែ​ធំ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចង់ឱ្យ​ប្រទេស​នេះ​ក្លាយជា​អ្នក​នាំមុខគេ​ខាង​ឡាន​ហោះ បន្ទាប់ពី​បាត់បង់​ការ​នាំមុខគេ​ខាង​បច្ចេកវិជ្ជា​រថយន្ត​អគ្គិសនី​និង​សេវា​ដឹកជញ្ជូន​តាម​កម្មវិធី​ទូរស័ព្ទ​។ វិនិយោគិន​មូលធន​នៅក្នុង​ប្រទេស​បាន​បង្កើត​មូលនិធិ​ជំនាញ​មួយ ដែល​គេ​ស្គាល់​ថា “​មូលនិធិ​ដ្រូ​ន​” ដែល​ទុក​សម្រាប់តែ​ការវិនិយោគ​លើ​យន្ដហោះ​ស្វ័យប្រវត្តិ​ទូទៅ​និង​ឡាន​ហោះ​សម្រាប់​អាជីវកម្ម​។​

​លោក គូ​ជី អូ​កា​ដា ដែល​ស្ថិត​ក្នុងចំណោម​អ្នកដឹកនាំ​គម្រោង​នៅ​ក្រុមហ៊ុន NEC Corp បាន​ប្រាប់ Bloomberg ថា “​ជប៉ុន​គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន ដូច្នេះ​មានន័យថា​ឡាន​ហោះ​អាចជួយ​សម្រាល​បន្ទុក​ច​រា​ចរណ៍​បាន​យ៉ាងច្រើន​។ យើង​កំពុង​ដាក់​ជំហរ​ខ្លួន​យើង​ជា​កម្លាំងចលករ​រុញច្រាន​ការហោះហើរ​លើ​មេឃ ផ្តល់​ទិន្នន័យ​ទីតាំង និង កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង​សម្រាប់​ឡាន​ហោះ​”​។​

​ក្រុមហ៊ុន NEC Corp បាន​ចំណាយពេល​ប្រហែល​មួយឆ្នាំ​ក្នុងការ​បង្កើត​ឡាន​ហោះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​រួមជាមួយ​ក្រុមហ៊ុន​ថ្មីថ្មោង​របស់​ជប៉ុន Cartivator ដែល​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​ឡាន​ហោះ​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ ២០២៦​។ ក្នុងស្ថានភាព​បច្ចុប្បន្ន ឡាន​ហោះ​គំរូ​មាន​ទម្ងន់ ១៥០ គីឡូក្រាម បណ្តោយ ៣,៩ ម៉ែត្រ ទទឹង ៣,៧ ម៉ែត្រ និង​កម្ពស់ ១,៣ ម៉ែត្រ​។ នៅក្រោម​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជប៉ុន ការដឹកជញ្ជូន​ដែល​ធ្វើឡើង​ដោយ​ឡាន​ហោះ​បែបនេះ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣ ហើយ​នៅ​ប្រហែល​ជាមួយ​ទសវត្សរ៍​ទៀត គេ​សង្ឃឹមថា ឡាន​ហោះ​បែបនេះ​នឹង​ដឹកជញ្ជូន​មនុស្ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន NEC Corp អាចជួយ​ជប៉ុន​ឱ្យ​ក្លាយជា​អ្នក​នាំមុខគេ​ក្នុង​ឧស្សាហកម្ម​ដ្រូ​ន​ដឹក​អ្នកដំណើរ បន្ទាប់ពី​ធ្វើតេស្ត​ឡាន​ហោះ​ដោយ​ជោគជ័យ
#