ជប៉ុន​បញ្ចេញ​កញ្ចប់​ថ​វិកា​ដើម្បី​ជំរុញ​កំណើន​

183
ចែករម្លែក

​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ​បាន​បញ្ចេញ​កញ្ចប់​ថវិកា​១២០​ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កំណើន​ដែល​គាំង​ទ្រឹង​នៅក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​ក្នុង​លោក​នេះ​ចំពេល​មាន​ហានិ​​ភ័យ​នៅ​នាយ​សមុទ្រ​ហើយ​ពួក​អ្នក​បង្កើត​គោលនយោបាយ​សម្លឹង​រក​វិធី​រក្សា​សកម្មភាព​សេដ្ឋកិច្ច​អោយ​ហួស​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នា​ឆ្នាំ​២០២០​។​

​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ បានប្រកាស​កញ្ចប់​ថវិកា​តំលៃ​១៣​លាន​លាន​យេន​(១១៩,៦៦​លាន​ដុល្លារ​)​កាលពី​ថ្ងៃ​៥​ធ្នូ ហើយ​រដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​សេចក្តីលម្អិត​បន្ថែម​​នៅពេល​ក្រោយ​បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​អនុម័ត​វា​។​

​កញ្ចប់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច មាន​តំលៃ​សរុប​ប្រមាណ​២៥​លាន​លាន​យេន​(២៣០​ពាន់​លាន​ដុល្លារ​)​បើ​រួមបញ្ចូល​ឥណទាន​រដ្ឋ ការធានា​ឥណទាន​និង​ការចំណាយ​វិស័យ​ឯកជន​។​

​ទោះ​ជា​ទំហំ​ថវិកា​ជំរុញ​កំណើន​នេះ​មើល​ទៅ​ធំ តែ​ពួក​អ្នកសេដ្ឋកិច្ច​មើលឃើញ​ផល​ពី​ការចំណាយ​នឹង​មាន​កំរិត​ដែល​សារ​តែ​ការចំណាយ​ពិត​តិច​ជាង​ឆ្ងាយ​។​

​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ពេលនេះ​តូច​ជាង​ថវិកា​ធំ​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៦ ដែល​មាន​តំលៃ​២៨​លាន​លាន​យេន នៅពេល​ការបោះឆ្នោត​របស់​អង់គ្លេស​ដើម្បី​ចាកចេញ​ពី​អឺរ៉ុប​​បានធ្វើអោយ​ស្រអាប់​ទស្សនវិស័យ​នៃ​ការនាំចេញ​របស់​ជប៉ុន​។​

​សូមបញ្ជាក់​ថា សេដ្ឋកិច្ច​ជប៉ុន​បាន​រីកចំរើន​យឺត​ស្ទើរតែ​នៅ​ទ្រឹង​នៅ​ខែ​កក្កដា​និង​កញ្ញា នៅពេល​ដំណើរ​រីកចំរើន​យឺត​នៃ​សេដ្ឋកិច្ច​សកល​ប៉ះពាល់​ការនាំចេញ​។​ការលក់​រាយ​ក៏​​បាន​ដាំ​ក្បាល​ចុះ​ក្នុង​កំរិត​លឿន​បំផុត​កាលពី​ខែ​តុលា​ធៀប​នឹង​ការលក់​នៅ​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ​នៅពេល​ពន្ធ​ពី​ការលក់​កើនឡើង​ជា​ហេតុនាំអោយ​អ្នក​ទិញ​ទំនិញ​រឹត​​បន្តឹង​ការចំណាយ​៕​ដោយ​៖​វាសនា​

ប្រជាជន​ដើរកាត់​សង្កាត់​លក់ដូរ​នៃ​ទីក្រុង​អូ​សា​កា​