ជប៉ុន​បញ្ជាក់ថាមាន​អ្នក​ឆ្លង​វីរុស​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដំបូង​មកពី​ប្រទេស​ចិន​

183
ចែករម្លែក

​ក្រសួង​សុខាភិបាល​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​មករា​ថា ​ជប៉ុន​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ដំបូង​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​។​

​ក្រសួង​នេះ​បាន​និយាយថា ​បុរស​អាយុ​ជាង​៣០ ឆ្នាំ​ម្នាក់​មក​ពី​តំបន់​Kanagawa នៅ​ជិត​ទីក្រុង​តូ​ក្យូ​ ត្រូវបាន​ធ្វើតេស្តិ៍​រកឃើ​ញ​វិជ្ជមាន​នៃ​វីរុស​នេះ​។ បុរស​នេះ​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​ជា​កន្លែង​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ពី​វីរុស​ថ្មី​នេះ​។​

​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយថា ​វីរុស​ថ្មី​នេះ​អាច​ឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស​មាន​កម្រិត តែ​មិន​ទាន់​មាន​ភស្តុតាង​ជា​ក់លាក់​ទេ ​និង​បាន​​ព្រមាន​ដល់​មន្ទីរពេទ្យ​នៅ​ទូទាំង​ពិភពលោក​។​

​វីរុស​ថ្មី​នេះ​គឺជា​ពពួក​នៃ​វីរុស​ដែល​អាច​បង្ក​ការឆ្លង​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ជំងឺ​Sars)​នៅ​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ​ប្រហែលជា​មាន​ការឆ្លង​មាន​កម្រិត​ពី​មនុស្ស​ទៅ​មនុស្ស​នៅក្នុង​គ្រួសារ​មួយ​នៅ​ប្រទេស​ចិន​។​

​ក្រុម​អាជ្ញាធរ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន​បានបញ្ជាក់​ថា ​ប្តី​ប្រពន្ធ​មួយគូ​ដែល​បាន​រៀបការ​ស្ថិតក្នុង​ចំណោម​មនុស្ស​៤១​នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​​រកឃើញ​មាន​ជំងឺ​រលាក​សួត​ដែល​ត្រូវបាន​គេ​ជឿ​ថា​បណ្តាលមកពី​វីរុស​ថ្មី​នេះ​៕​ដោយ​៖​សុខា​/sn/Ha

ក្រុម​អ្នក​ពិសោធន៍​ពិនិត្យមើល​សំណាក​ឈាម​មក​ពី​ជនជាតិ​ចិន​ម្នាក់​ដើម្បី​រក​វីរុស​នៃ​ជំងឺ​រលាក​សួត​នៅ​មន្ទីរពេទ្យ​មួយ​នៅ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​៩​ខែ​​មករា​ឆ្នាំ​២០២០