ជប៉ុន​បន្ថែម​យន្តហោះ​បំបាំងកាយ យន្តហោះ​ចាក់​សាំង​និង​រ៉ា​ដា​ដើម្បី​ទប់ទល់​ប្រឆាំង​ចិន​និង​រុស្ស៊ី​នៅ​អាស៊ី​បូព៌ា​

567
ចែករម្លែក
  • 105
    Shares

​ឯកសារ​ការពារជាតិ​ថ្មី​ពីរ​របស់​រដ្ឋាភិបាល​ជ​ប៉ុន​បាន​និយាយថា​ជប៉ុន​នឹង​បង្កើន​ការចំណាយ​ថវិកា​លើ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ទំនើប មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ​និង​គ្រឿង​បរិក្ខារ​យោធា​ផ្សេងៗ​ទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ដើម្បី​គាំទ្រ​កងទ័ព​អាមេរិក ដែល​កំពុង​ប្រឈមមុខ​នឹង​យោធា​ចិន នៅ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​។​

​ផែនការ​នេះ​គឺជា​ការចង្អុលបង្ហាញ​ច្បាស់​អំពី​មហិច្ឆតា​របស់​ជប៉ុន​ដើម្បី​ក្លាយជា​មហាអំណាច​តំបន់ ខណៈដែល​ចិន​បង្កើន​កម្លាំងយោធា​រប​ស់​ខ្លួន​ហើយ​រុស្ស៊ី​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​អាមេរិក​របស់ខ្លួន​។​

​ផែនការ​យុទ្ធសាស្ត្រ​ការពារជាតិ​រយៈពេល​១០​ឆ្នាំ ដែល​ត្រូវ​បានអនុម័ត​សម្រេច​ដោយ​រដ្ឋាភិបាលរ​បស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​​ទី​១៨​ខែធ្នូ​ថា ” សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​ប៉ុន្តែ​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​នឹង​ប្រទេស​កំពុង​លេចឡើង​ហើយ​យើង​ទទួល​​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ចិន​និង​រុស្ស៊ី​នៅពេល​ពួកគេ​ប្រជែង​លំដាប់ថ្នាក់​តំបន់ ” ។

​ជប៉ុន គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​អាមេរិក Lockheed Martin Corp F-35 ចំនួន​៤៥​គ្រឿង​ដែលមាន​តម្លៃ​សរុប​ជិត​៤​ពាន់​លាន​ដុល្លារ​ដោយ​បន្ថែម​ទៅ​​លើ​យន្តហោះ​ចំនួន​៤២​គ្រឿង​ដែល​បាន​បញ្ជា​ទិញ​រួចហើយ​។ នេះ​បើ​យោងតាម​ផែនការ​របស់​ជប៉ុន ដែល​ត្រូវ​បានអនុម័ត​នៅ​ថ្ងៃ​អង្គារ​នេះ​។

​ផែនការ​ថ្មី​នេះ នឹង​រួម​ប​ញ្ជូ​ល​ទាំង​យន្តហោះ​ឡើង​ចុះ​ត្រង់​និង​ចំណាយ​ទីជិត​ដើម្បី​ឡើង​ចុះ​ធុន​(STOVL) B ចំនួន​១៨​គ្រឿង នៃ​ប្រភេទ​យន្តហោះ​F-35 ដែល​ក្រុម​អ្នកធ្វើ​​ផែនការ​នេះ ចង់​ដាក់​ដំណើរការ​នៅលើ​កោះ​ទាំងឡាយ​របស់​ជប៉ុន តាម​ជាយ​សមុទ្រ​ចិន​ខាងកើត​។​

​ការបញ្ជាទិញ​យន្តហោះ F-35 ថ្មី​អាចអោយ​ជប៉ុន​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ជាមួយ​អាមេរិក​។​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ដែល​បាន​គំរាម​យកពន្ធ​​លើ​រថយន្ត​នាំចូល​ពី​ជប៉ុន បាន​អរគុណ​នាយករដ្ឋមន្ត្រី​ជប៉ុន​ចំពោះ​ការទិញ​យន្តហោះ​បន្ថែម​កាលពីពេល​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​នៅ​កិច្ចប្រជុំ​G20​នៅ​អា​ហ្ស​ង់​ទីន​។​

នាវា​ដឹក​ឧទ្ធម្ភាគចក្រ​២​គ្រឿង​របស់​កងទ័ពជើងទឹក​ជប៉ុន​គឺ Izumo និង Kaga នឹងត្រូវ​កែ​សំរាប់​ដក់​យន្តហោះ​F-35B

​ជប៉ុន គ្រោង​នឹង​ចំណាយ​ថវិកា​ជាង​២៥,៥ លាន​លាន​យេន​(២២៤.៧០០​លាន​ដុល្លារ​) លើ​គ្រឿង​បរិក្ខារ​យោធា​សម្រាប់​រយៈពេល​ជាង​៥​ឆ្នាំក្រោយ គឺ​ច្រើនជាង​​ចំណាយ​មុនៗ​៦,៤ ភាគរយ​។​

​គ្រឿង​បរិក្ខា​ផលិត​នៅ​អាមេរិក​ដទៃទៀត​ដែល​ជប៉ុន​ត្រូវ​ទិញ​រួមមាន រ៉ា​ដា​ការពារ​អាកាស​Aegis Ashore​ដើម្បី​ការពារ​ទល់នឹង​កាំជ្រួច​របស់​កូរ៉េខាងជើង យន្តហោះ​ចាក់​សាំង​Boeing Co KC-46 Pegasus ចំនួន​៤​គ្រឿង​ដើម្បី​ពង្រីក​រយៈ​ចម្ងាយ​ហោះ​នៃ​យន្តហោះ​ចម្បាំង​ជប៉ុន និង​យន្តហោះ​ព្រមាន​ជាមុន​ចំនួន Northrop Grumman E-2 Hawkeye ៩​គ្រឿង​។​

​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​លោក កំពុង​បញ្ជូន​នាវា​និង​យន្តហោះ​ល្បាត​ដែនទឹក​នៅ​ជិត​ជប៉ុន ខណៈ​កូរ៉េខាងជើង​នៅ​មិនទាន់​បំពេញ​តាម​ការសន្យា​រំលាយ​​ចោល​សព្វាវុធ​នុយក្លេអ៊ែ​រ​និង​កម្មវិធី​កាំជ្រួច​របស់ខ្លួន​នៅឡើយ​។​

​ចំណែក​រុស្ស៊ី ដែល​បន្ត​ស៊ើប​យកការណ៍​ដែនអាកាស​ជប៉ុន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​បាន​សង់​បន្ទាយ​ថ្មីៗ​សំរាប់​ដាក់​ទ័ព​នៅ​កោះ​ភាគ​ខាងជើង​មួយ​ដែល​ខ្លួន​​ដណ្តើមយក​ពី​ជប៉ុន​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២៕​ដោយ​៖​សុខា​/​វាសនា​