ជប៉ុន​បោះទុន​៦០​លាន​ដុល្លារ​វិនិយោគ​លើ​អចលនទ្រព្យ​ចំនួន​បី​នៅ​ក្រុងភ្នំពេញ​ ​

665

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន CREED ASIA (Cambodia)Co,Ltd​បានសម្រេច​បោះទុន​ប្រមាណ​៦០​លាន​ដុល្លារ​​អាមេរិក វិនិយោគ​លើ​គំរោង​អចលនទ្រព្យ​ចំនួន​បី​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​មើលឃើញ​ឳ​កាស​រីកចំរើន​នៅ​កម្ពុជា​។​
​ ​
​លោក​TAKASHI Eguchi​អគ្គនាយក​ក្រុមហ៊ុន​ជប៉ុន​CREED ASIA (Cambodia)Co, Ltd ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់ CREED GROUP​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​របស់​យើង​បាន​សហការ​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​TRIPLE GEM នៅ​ឆ្នាំ​២០១២ និង​បានចាប់ផ្តើម​វិនិយោគ​ខុន​ដូ​Bodaiju Residences នៅ​ឆ្នាំ​២០១៣ ដែល​រហូត​មកទល់ពេលនេះ​យើង​បាន​វិនិយោគ​លើ​គំរោង​ខុន​ដូ និង​បុរី​មហា​សែន​សុខ បន្ទាប់ពី​បុរី​នេះ​ទទួលបាន​ជោគជ័យ​ក្រុមហ៊ុន​ទាំងពីរ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Hoosiers ដើម្បី​ចាប់ផ្តើម​គំរោង​លំនៅដ្ឋាន​ថ្មី​មួយ​ឈ្មោះ​ARATA​ដែលមាន​ទំហំ​ផ្ទៃដី​១២​ហិកតា​។​
​ ​
​លោក​បន្តថា “​គំរោង​ទាំងបី​នេះ ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ប្រមាណ​៦០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជា​​ពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ពេញនិយម​រស់នៅ​លំនៅដ្ឋាន​ជាប់​ដី​”​។ លោក​បន្តថា “​រយៈពេល​១០​ឆ្នាំ​ខាងមុខ​ខ្ញុំ​គិតថា​ប្រជា​​ជនកម្ពុជា​នឹង​ផ្លាស់ប្តូរ​ការគិត ហើយ​ពួកគេ​ចាប់ផ្តើម​រស់នៅ​ខុន​ដូ ដោយសារ​តំលៃ​ដីធ្លី​នៅ​កណ្តាល​ក្រុង​ឡើងថ្លៃ​ខ្ពស់​”​។​

​លោក​បាន​លើកយក​បទពិសោធន៍​ពី​ប្រទេស​ក្នុង​តំបន់​ថា ប្រជាជន​នៅ​ទីក្រុង​បាងកក​ក៏​ដូចគ្នា ពួកគេ​ចង់បាន​លំនៅដ្ឋាន​ជាប់​ដី ប៉ុន្តែ​ដោយសារ​ទីក្រុង​រីកចំរើន តំលៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់ ពួកគេ​បានចាប់ផ្តើម​រស់នៅ​តាម​ខុន​ដូ​។ នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ក៏​ដូចគ្នា ប្រជាជន​ប្រាថ្នា​រស់នៅ​ផ្ទះ​ជាប់​ដី​ដូចគ្នា ប៉ុន្តែ​ដោយសារ​ដី​មាន​តំលៃ​ថ្លៃ និង​ទីក្រុង​កាន់តែ​ចង្អៀត​ពួកគេ​​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​។ នាពេល​អនាគត​ប្រជាជន​វ័យក្មេង​នៅទីនេះ ពួកគេ​នឹង​រស់​នៅតាម​ខុន​ដូ​ដែលមាន​ទីតាំង​នៅក្បែរ​​ឬ​កណ្តាល​ទីក្រុង​។​
​ ​
​លោក​TAKASHI Eguchi​បាន​បន្តថា “​ការរីកចំរើន​សេដ្ឋកិច្ចកម្ពុជា និង​ការកើនឡើង​នូវ​ស្រទាប់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម ជា​កាលានុវត្តន៍​ភាព​ស​ម្រា​ប់​យើង ដែល​ត្រូវ​ផ្តោតលើ​ការវិនិយោគ​លំនៅដ្ឋាន ដើម្បី​បំពេញតម្រូវការ​ដល់​ពួកគេ​”​។​លោក​បន្តថា​“​យើង​នឹង​​វិនិយោគ​លើ​មូលដ្ឋាន​ប្រជាជន ដែលមាន​តម្រូវការ​ពិតប្រាកដ​ស​ម្រា​ប់​ទីផ្សារ​ជាក់ស្តែង​”៕​ដោយ​ច្រាយ ចំណាន​/sn

គំរោង​អចលនទ្រព្យ​វិនិយោគ​ដោយ​អ្នកវិនិយោគ​ជប៉ុន​(​រូបភាព​ឯកសារ​)​