ជប៉ុន​ផ្តល់ជំនួយ​ជាង ១,២ លាន​ដុល្លារ ដល់​ភាគី​អន្តរជាតិ នៅ​សាលាក្តី​ខ្មែរក្រហម​

1536
ចែករម្លែក

​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានប្រកាសថា កាលពី​ថ្ងៃទី ៣១ ខែកក្កដា រដ្ឋាភិបាល​ជប៉ុន បាន​បញ្ចេញ​ប្រាក់​ចំនួន ១.២២១.៨១៨ ដុល្លារ​អាមេរិក ជា​វិភាគទាន សម្រាប់​ឆ្នាំសារពើពន្ធ ឆ្នាំ​២០១៧ របស់ខ្លួន ដើម្បី​ផ្តល់ជូន​ភាគី​អង្គការសហប្រជាជាតិ នៃ​ថវិកា​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

នួនជា(ខាងឆ្វេង)និងខៀវសំផន។មេដឹកនាំខ្មែរក្រហមដែលសាលាក្តីខ្មែរក្រហមកំពុងដំណើរការកាត់ទោស(រូបសាលក្តីខ្មែរក្រហម)

​សេចក្តីប្រកាស​ដដែល​លើកឡើងថា រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ចិត្ត​ផ្តល់​វិភាគទាន​នេះ ដើម្បី​បន្ត​ទ្រទ្រង់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​។ ប្រទេស​ជប៉ុន​កត់សំគាល់​នូវ​ការវិវឌ្ឍ​កាលពីពេល​ថ្មីៗ​នេះ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក ដូចជា​ការធ្វើ​សវនាការ​ស្តាប់​ការធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ក្នុង​សំណុំរឿង​០០២/០២ នៅក្នុង​អង្គជំនុំជម្រះ​សាលាដំបូង និង​ដីកា​ដំណោះស្រាយ ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤/០១ ហើយ​ទន្ទឹមនឹងនេះ លើកទឹកចិត្ត​ឲ្យ អ​.​វ​.​ត​.​ក បន្តដំណើរ​ការ​លើ​សំណុំរឿង ដែល​នៅ​សេសសល់​ក្នុង​របៀប​មួយ​មាន​ភាពត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​ដោយហេតុថា ជនជាប់ចោទ មាន​វ័យ​កាន់តែ​ចាស់ជរា និង​សុខភាព​ទន់ខ្សោយ និង​ដើម្បី​សម្រេចបាន​នូវ​យុត្តិធម៌ ដែល​កំពុង​ត្រូវបាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​យ៉ាងយូរ​មកហើយ សម្រាប់​ប្រជាជន​កម្ពុជា​។​
​សេចក្តីប្រកាស​ដដែល​លើកឡើងថា រដ្ឋាភិបាល​ជប៉ុន​ផ្តល់​សារសំខាន់​ទៅលើ​សាលាក្តី​ខ្មែរក្រហម ដោយ​ផ្អែកលើ​ទស្សនៈ​ចំនួន​បី​។ ទីមួយ ការកាត់ក្តី​ខ្មែរក្រហម គឺជា​ដំណាក់កាល​បញ្ចប់​នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ដើម្បី​បង្ការ​ទប់ស្កាត់​ការកើតមាន​ឡើងវិញ​នៃ​អំពើ​ឃោរឃៅ ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​របប​ខ្មែរក្រហម​។ ទី​ពីរ សាលាក្តី​ខ្មែរក្រហម​នេះ នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​ប្រការនេះ នឹង​រួមចំណែក​ដល់​ការផ្សះផ្សា​ជាតិ​ឡើងវិញ​។ ទី​បី សាលាក្តី​នេះ នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ ស្ថានទូត​ជប៉ុន ក៏បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន បាន និង​កំពុង​ជួយ​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា តាំងពីដើម​ដំបូង​រៀងមក ហើយ​គិត​ត្រឹម​ថ្ងៃនេះ ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន​សម្រាប់​តុលាការ​នេះ មាន​ចំនួន ៨៦,៣៤ លាន​ដុល្លារ​អាមេរិក ដោយ​គិត​រួមទាំង​ការបញ្ចេញ​ថវិកា​លើក​នេះ ប្រហាក់ប្រហែល​នឹង ៣១% នៃ​ថវិកា​សរុប ដែល​ផ្តល់​ដោយ​ប្រទេស​ផ្តល់ជំនួយ​ជូន​ភាគី​ជាតិ និង​ភាគី​អង្គការសហប្រជាជាតិ នៃ អ​.​វ​.​ត​.​ក​។ លើសពីនេះ​ទៀត ប្រទេស​ជប៉ុន រួមជាមួយ​ប្រទេស​បារាំង ក្នុងឋានៈ​ជា​សហប្រធាន​នៃ​មិត្ត​របស់ អ​.​វ​.​ត​.​ក បាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ យ៉ាងសកម្ម​។​
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រេ​ហម បាន​ឲ្យ​ដឹងថា ថវិកា​សម្រាប់​ឆ្នាំ​២០១៧ សាលាក្តី​ខ្មែរក្រហម គ្រោង​ចំណាយ​ចំនួន ២៦,៤៦ លាន​ដុល្លារ ក្នុងនោះ ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​គ្រោង​ចំណាយ​ចំនួន ៦,៥ លាន​ដុល្លារ​។ សម្រាប់​ឆ្នាំ​២០១៧ ភាគី​ទាំងពីរ មាន​ថវិកា​ស្ទើរតែ​គ្រប់គ្រាន់​ហើយ ដោយនៅ​ខ្វះ​តែ​ប្រមាណ​ក្រោម ៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​
​លោក នេត្រ ភក្ត្រា បន្តថា សម្រាប់​ឆ្នាំ​២០១៦ សាលាក្តី​ខ្មែរក្រហម បាន​ចំណាយ​ថវិកា​ចំនួន ៣២,៣៤ លាន​ដុល្លារ​។ សរុប​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ឆ្នាំ​២០១៦ សាលាក្តី​បាន​ចំណាយ​ថវិកា ២៩៣,១ លាន​ដុល្លារ ក្នុងនោះ​ភាគី​អន្តរជាតិ​ចំណាយ​ចំនួន ២២៤,៤ លាន ហើយ​ភាគី​ជាតិ​ចំណាយ ៦៨,៧ លាន​ដុល្លារ​៕ដោយៈម៉េងឆៃ