ជប៉ុន​ផ្តល់ជំនួយ​៥០០​លាន​យ៉េន​សម្រាប់​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា​

583
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន៥០០លាន​យ៉េន សម្រាប់​អនុវត្ត​ន៍គម្រោង «​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​» នៅ​កម្ពុជា។​

ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន៥០០លាន​យ៉េន ធ្វើឡើង​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៨:៣០ ព្រឹក នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ក្នុងឋានៈ​ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ ​ជប៉ុន​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​បានរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​វិស័យសេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម ព្រមទាំង​បង្កើន​ការតភ្ជាប់​ជាមួយ​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​៕​B/Ha