ជប៉ុន​ផ្តល់​ជំនួយ​១,២​ពាន់​លាន​ដុល្លារ​ដល់​បង់​ក្លា​ដែស​

351
ចែករម្លែក

​ជប៉ុន​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​បង់​ក្លា​ដែស​ចំនួន​១៣២,៦​ពាន់​លាន​យ៉េន (១,២ ពាន់​លាន​ដុល្លារ​) កាលពី​ថ្ងៃ​ពុធ​ទី​២៩​ឧសភា​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ផ្លូវ​រថភ្លើង​ល្បឿន​លឿន​និង គម្រោង​ដទៃ​ទៀត​។​

​ក្រសួង​ការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ជំនួយ​ដែល​ត្រូវបាន​ប្រកាស​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស លោកស្រី​ សេក ហា​ស៊ីណា​នេះ ក៏​នឹង​ជួយ​ទៅ​ដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​បង់​ក្លា​ដែស ហើយ​នឹង​គាំទ្រ​កិច្ច​ខំប្រឹងប្រែង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថាមពល​​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស​។​

​បន្ទាប់ពី​មាន​ពិធី​ចុះហត្ថលេខា​នៅ​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អាបេ នៅ​ទីក្រុង​តូ​ក្យូម​កនោះ លោកស្រី សេក ហា​ស៊ីណា បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​​ថា លោកស្រី​ស្វាគមន៍​ការសន្យា​របស់​លោក ស៊ីន​ហ្សូ អាបេ ដែលថា “​ជប៉ុន​នឹង​ឈរ​នៅ​ជាមួយ​បង់​ក្លា​ដែស ” ខណៈ​ដែល​ប្រទេស​របស់​លោកស្រី ស្វែងរក​ការចូលរួម​ក្នុង​ពិភព​ប្រទេស​​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៤១​។​

​លោក ស៊ីន​ហ្សូ អាបេ​បាន​និយាយថា ក្រុម​មេដឹកនាំ​មាន “​ការផ្លាស់ប្តូរ​ដ៏​មាន​អត្ថន័យ​” លើ​បញ្ហា​ជាច្រើន ដោយ​រួមទាំង​ការបន្ត​គាំទ្រ​របស់​លោកស្រី សេក ហា​ស៊ីណា​ចំពោះ​ការជំទាស់​​ប្រឆាំង​របស់​ជប៉ុន ទៅលើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក ស៊ីន​ហ្សូ​អាបេ​បាន​បន្ថែម​ថា​បង់ក្លា​ដែ​ស​និង​ជប៉ុន​ក៏​បាន​បញ្ជាក់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​របស់​​ពួកគេ​ដើម្បី​ធ្វើការ​រួម​គ្នា​ប្រឆាំង​នឹង​ភេរវកម្ម​។​

​លោក ស៊ីន​ហ្សូ អាបេ បាន​ធ្វើ​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​កាលពី​ថ្ងៃ​ពុធ​សំរាប់​ជា​ករា​ផ្តល់​កិត្តិយស​របស់ លោកស្រី សេក ហា​ស៊ីណា​ដែល​បាន​មកដល់​ប្រទេស​ជប៉ុន​កាល​​ពី​ថ្ងៃ​អង្គារ​ហើយ​ចាកចេញ​កាលពី​ថ្ងៃ​សុក្រ​៕​ដោយៈ​សុខា​/sn

លោកស្រី សេក ហា​ស៊ីណា ចាប់​ដៃ​ជាមួយ លោក ស៊ីន​ហ្សូ អាបេ ក្នុងអំឡុង​សន្និសីទកាសែត​នៅ​ការិយាល័យ​នៃ​វិមាន​រដ្ឋ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ពុធ​