ជប៉ុន​ផ្តល់​ថវិកា​ជិត​៣០​លាន​ដុល្លារ​សម្រាប់​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​

380

(​ភ្នំពេញ​)៖​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣ ១៧០ លាន​យ៉េន (​ប្រមាណ ២៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង «​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​» នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ។​

​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ត្រូវបាន​ផ្តល់ជូន​រដ្ឋា​ភិ​បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​លើក​កំពស់​សមត្ថភាព​​ធនធានមនុស្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម របស់​ជាតិ​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា តាមរយៈ​ជំនួយឥតសំណង​នេះ អាគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​ចំនួន​២​កន្លែង មួយ​នៅ​រាជ​​ធានី​ភ្នំពេញ និង​មួយទៀត​នៅ​ខេត្តបាត់ដំបង នឹង​ត្រូវបាន​សាងសង់ ហើយ​បំពាក់​បរិក្ខា​ឧបទេស ក្នុងពេល​ដ៏​ខី្ល​ខាងមុខ​ដែល​នឹង​ពង្រីក​​លទ្ធភាព​ក្នុងការ​បំពាក់បំប៉ន និង​បណ្តុះបណ្តាល​គ្រូបង្រៀន ឲ្យ​ស្របតាម​តម្រូវការ​អភិវឌ្ឍន៍រ​បស់​ប្រទេសជាតិ​កម្ពុជា​។

​វិទ្យាស្ថាន​គរុ​កោ​ល​ស្យ​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវបាន​ស្ថាបនា​ក្រោម​ជំនួយឥតសំណង​របស់​ជប៉ុន​នេះ មាន​តួនាទី​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ក្នុង​រាជធានី និង​គ្រូ​ពី​ខេត្ត​នៅ​ជាយដែន​ចំនួន​៥​ទៀត​គឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ កោះកុង និង​ស្ទឹងត្រែង​។ រីឯ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង​នឹង​ជួយ​ខេត្ត​ជិតខាង​ចំនួន ៥ ផងដែរ គឺ ខេត្ត​ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧ​ត្ត​មានជ័យ និង​សៀមរាប​៕​ដោយៈ មុនី​រ័ត្ន​/sn

​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា និង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន (​រូប​ថ​តៈ​មុនី​រ័ត្ន​)