ជប៉ុន​ផ្តល់​ថវិកា​២​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ​

871
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ទឹកប្រាក់​សរុប​ចំនួន ២​លាន​ដុល្លារ​អាម៉េរិក លើ​គម្រោង​បង្ការ និង​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧-២០២១ និង​ពង្រីក​ការអន្តរាគមន៍​សំខាន់ៗ​។​

ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​ការផ្ដល់​ហិរញ្ញប្បទាន​ចំនួន ២​លាន​ដុល្លារ​

​ការផ្ដល់​ជំនួយ​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​ការផ្ដល់​ហិរញ្ញប្បទាន​ចំនួន ២​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការងារ​កុមារ​នៅ​កម្ពុជា រវាង​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​នូ​ជី (Hidehisa HORINOUCHI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​អង្គការ UNICEF ដឹកនាំ​ដោយ​លោកស្រី ណា​តា​ឆា ផា​ឌី​សុន ប្រធានស្ដីទី​អង្គការ UNICEF ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព​លោក វង សូត រដ្ឋមន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ទីស្ដីការក្រសួង កាលពី​ថ្ងៃទី​២២ ខែមករា​ឆ្នាំ​២០១៨​។​

​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) បានប្រកាស​ផ្សព្វផ្សាយ​គម្រោង​បង្ការ និង​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា​។ គម្រោង​ថ្មី​នេះ មាន​គោលបំណង​ព​ន្លឿ​ន​ចំណាត់ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា​។ ជា​លទ្ធផល កុមារ​កម្ពុជា​ងាយ​រងគ្រោះ​ជាង​មួយ​លាន​នាក់ នឹង​ទទួលបាន​កិច្ចការពារ​កាន់តែខ្លាំង​ពី​អំពើហិង្សា​។
​ក្រោម​កិច្ច​គាំទ្រ​ថវិកា​ពី​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់​ប្រទេស​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​២​លាន​ដុល្លារ​អាមេរិក គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧-២០២១ ពង្រីក​អន្តរាគមន៍​សំខាន់ៗ សាកល្បង​វិធានការ​ច្នៃប្រឌិត​ថ្មីៗ និង​អនុវត្ត​ក្របខ័ណ្ឌ INSPIRE ដែលជា​កម្រង​យុទ្ធសាស្ត្រ​៧​ចំណុច ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា “​ដើម្បី​រួមចំណែក​ដល់​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់ជាតិ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​កុមារ​។ ការបង្កើតឱ្យមាន​នូវ​ប្រព័ន្ធ​កិច្ចការពារ​កុមារ​មួយ ដែលមាន​ការសម្របសម្រួល​ទូទាំងប្រទេស ព្រមជាមួយ​បុគ្គលិក​មាន​ជំនាញ និង​សមត្ថភាព នឹង​ជួយ​ដល់​កុមារ​ដែល​បាន​ទទួលរង​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន ឱ្យទទួល​បានការ​ថែទាំ និង​កិច្ច​គាំទ្រ​ដែល​ពួកគេ​ត្រូវការ ព្រមទាំង​នឹង​ជួយ​បង្ការ​អំពើហិង្សា​នៅពេល​អនាគត​ផងដែរ​”​។​

​ចំណែក​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​នូ​ជី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ទទួលស្គាល់ថា កិច្ចការពារ​កុមារ​គឺជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា​របស់​រដ្ឋាភិបាល​ជ​ប៉ុន​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ភាពចាំបាច់​នៃ​កិច្ចការពារ​កុមារ ត្រូវបាន​បញ្ចូល​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។ រដ្ឋាភិបាល​ជប៉ុន គាំទ្រ​ដល់​សកម្មភាព​ផ្សេងៗ​គ្នា​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ក្រោម​កិច្ចដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី អា​បេ (Abe)​។ នៅ​កម្ពុជា ដោយមាន​កិច្ច​គាំទ្រ​ពី​យូ​នី​សេ​ហ្វ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ឆ្នាំ​២០១៧-២០២១​។ ដោយ​ផ្តោតលើ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​វិស័យនេះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​២២៣​លាន​យ៉េន​ជប៉ុន ស្មើនឹង​២​លាន​ដុល្លារ​អាមេរិក ជូន​ដល់​អង្គការ​យូ​នី​សេ​ហ្វ ដើម្បី​គាំទ្រ​ដល់​ក្រសួង​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​សកម្មភាព​កិច្ចការពារ​កុមារ នៅក្នុង​ផែនការ​សកម្មភាព​នេះ​។ ខ្ញុំ​ជឿថា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ មាន​សារៈប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​មួយ​ដ៏​ល្អ​ដល់​ស្មារតី​កុមារ​ជាច្រើន ដែល​ពួកគេ​នឹង​រួមចំណែក​អភិវឌ្ឍ​អនាគត​របស់​ប្រទេស​កម្ពុជា​”​។​

​រីឯ​លោកស្រី ណា​តា​ឆា ផា​ឌី​សុន ប្រធានស្តីទី​យូ​នី​សេ​ហ្វ ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា “​គម្រោង​នេះ នឹង​បន្ត​ពង្រឹងសមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យមាន​ប្រព័ន្ធ​កិច្ចការពារ​កុមារ​មួយ​ដែល​ដំណើរការ និង​មាន​សម្របសម្រួល​ល្អ ដើម្បី​អាច​បង្ការ និង​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​លើ​កុមារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ជា​លទ្ធផល កុមារ​ងាយ​រងគ្រោះ​ជាង​១​លាន​នាក់ នឹង​ទទួលបាន​កិច្ចការពារ​កាន់តែ​ប្រសើរ​ពី​អំពើហិង្សា តាមរយៈ​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ល្អ​ជាង​មុន សេវា​កិច្ចការពារ​កុមារ​ប្រកបដោយ​គុណភាព និង​បរិយាកាស​សហគមន៍​ដែល​ផ្តល់​កិច្ច​គាំទ្រ​។ ក្រសួង​ជាច្រើន រួមមាន​ក្រសួងសុខាភិបាល យុត្តិធម៌ មហាផ្ទៃ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ព្រមទាំង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​គន្លឹះ​ទាំងនេះ​។ ការអនុវត្ត​គម្រោង​នេះ​ប្រកបដោយ​ជោគជ័យ នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ក្នុង​តំបន់ សម្រាប់​ការប្រយុទ្ធប្រឆាំង​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​៕ ល​