ជប៉ុន​ផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​ដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធប្រឆាំង​និង​បង្ការ​ការរីក​រាលដាល​នៃ​វីរុស​COVID-19

129
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រទេស​ជប៉ុន​បានផ្តល់​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធប្រឆាំង​និង​បង្ការ​ការរីក​រាលដាល​នៃ​វីរុស​COVID19​ដែល​បានសម្លាប់​មនុស្ស​រាប់រ​យ​នា​ក់នៅ​ពាសពេញ​ពិភពលោក​។​សម្ភារ​វេជ្ជសាស្ត្រ​នេះ មានដូចជា​៖​អាវ​បំពង់ អាល់កុល​សម្អាត​ដៃ​វ៉ែនតា​ការពារ​សុវត្ថិភាព​និង​ស្រោមដៃ​។​ពិធី​ប្រគល់​-​ទទួល​សម្ភារ​បរិក្ខារ​វេជ្ជសាស្ដ្រ​សម្រាប់​បម្រើឱ្យ​ការការពារ​និង​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី (COVID-19) ក្រោម​ជំនួយឥតសំណង​របស់​ជប៉ុន​ដល់​កម្ពុជា បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​ថ្លែង​នៅក្នុង​កម្មវិធី​ប្រគល់​ទទួល​សម្ភារ​បរិក្ខា​រ​វេជ្ជសាស្ដ្រ​នេះ​ឯកអគ្គរាជទូត​វិ​សាម​ញ្ញា​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​មី​កា​មី​ម៉ាសា​ហ៊ី​រ៉ូ​បាន​ថ្លែង​នូវ​ការគោរព​ដឹងគុណ​ចំពោះ​ការយោគយល់​និង​រួមចំណែក​ដ៏​ធំធេង​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​។​ជាមួយនេះ​ភាគី​ពាក់ព័ន្ធ​និង​ប្រជាជន​កម្ពុជា​ទាំងអស់​សម្រាប់​ការទទួល​ស្វាគមន៍​នាវា​ទេសចរណ៍​MSWesterdam​ដែលមាន​អ្នកដំណើរ​ជាច្រើន​រួមទាំង​ជនជាតិ​ជប៉ុន​ផងដែរ​។​បានធ្វើ​ដំណើរ​និង​ការខិតខំ​ប្រឹងប្រែង​សម្រួល​ដល់​អ្នកដំណើរ​ទាំំ​ង​អស់ ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

​លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងបន្ដថា​៖​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​វីរុស COVID-19 និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ថ្ងៃនេះ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់ អាវ​បំពង់ អាកុល សម្អាត​ដៃ វ៉ែនតា ការពារ​សុវត្ថិភាព និង​ស្រោមដៃ ជាដើម​ដល់​កម្ពុជា ។


​លោក​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា​៖​សម្ភារ​បរិក្ខារ​ទាំងនេះ​នឹង​ជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា ដែល​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​នេះ និង​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​វីរុស COVID-19 នេះ​បន្ថែមទៀត​។​យើង​អាច​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សុខភាព​ពិភពលោក​ជាដើម ។​ជាពិសេស​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នេះ ចំណង​មិ​ត្ដ​ភាព រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន នឹង​កាន់តែ​ស៊ីជម្រៅ ថែម​មួយកម្រិត​ទៀត​»​។​

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​លោក​ម៉ម​ប៊ុនហេង​ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​និង​ជូន​ចំពោះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សម្រាប់​ការផ្ដល់​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ​ដល់​កម្ពុជា​ក្នុងការ​ត្រៀម​រៀបចំ​ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​រ៉ូ​ណារ​វីរុស​(COVID19)​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​គម្រោង​ជំនួយ​របស់​ប្រទេស​ជប៉ុន​មកដល់​កម្ពុជា​គឺមាន​តាំងពី​ឆ្នាំ​១៩៩៥​ដល់​បច្ចុប្បន្ននេះ​រួមទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​, មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​, មន្ទីរពេទ្យបង្អែក​មង្គល​បុរី​,​មន្ទីរពេទ្យបង្អែក ខេត្ដ​កំពង់ចាម​, មន្ទីរពេទ្យបង្អែក ខេត្ដ​ព្រះសីហនុ​, មន្ទីរពេទ្យបង្អែក ខេត្ដ​ស្វាយរៀង​, មន្ទីរពេទ្យបង្អែក ខេត្ដ​បាត់ដំបង និង​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប ដែល​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖​ជំនួយ​មនុស្សធម៌ របស់​រដ្ឋាភិបាល​ជប៉ុន ជូន​រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃនេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​សម្ភារ​បរិក្ខារ​វេ​ជ្ជ​សាស្ដ្រ​សម្រាប់​បម្រើឱ្យ​ការការពារ​និង​ការឆ្លើយតប​ការ​រាតត្បាត នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី COVID-19​ទាំងអស់ រួមមាន​៖ កញ្ចប់​តេស្ដ​រហ័ស​ចំនួន ១.០០០​កញ្ចប់​, សម្ភារ​បង្ការ​បុគ្គលិក​សុខាភិបាល ចំនួន ១​ម៉ឺន​កំ​ផ្លេ​, កញ្ចប់​មន្ទីរពិសោធន៍ ចំនួន​១​ពាន់​កញ្ចប់​, ម៉ាស់ និង​ម៉ាស៊ីន​ស្កេ​ន​កំដៅ ចំនួន​១០​គ្រឿង​។

​លោក​រដ្ឋមន្ដ្រី​បន្ដថា «​សម្ភារ​ទាំងនេះ មិន​ត្រឹមតែ​ទុក​ប្រើ​សម្រាប់​ឆ្លើយតប​នឹង​វីរុស COVID-19 បច្ចុប្បន្ននេះ​ប៉ុណ្ណោះ​ទេ​តែ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​នៅពេលណា​ដែលមាន​ផ្ទុះ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ផ្សេងៗ​នាពេល​អនាគត​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្ភារ​វេជ្ជសាស្ដ្រ​ដែល​នៅសល់​បន្ថែមទៀត នឹង​មកដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​»៕S/

​ចំណងជើង​រូបថត​៖​ជប៉ុន​ផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ​ដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធប្រឆាំង​និង​បង្ការ​ការរីក​រាលដាល​នៃ​វីរុស COVID-19​