ជប៉ុន​ផ្សព្វផ្សាយ​អាហារូបករណ៍​ដល់​សាលា​នៅ​កម្ពុជា​

320

(​ភ្នំពេញ​)៖​ស្ថានទូត​ជប៉ុន​សហការ​ជាមួយ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន (JAC)​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​​វិទ្យាល័យ​ចំនួន​៧​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​អាហារូបករណ៍​ជប៉ុន​(MEXT Scholarship)​។

​ស្ថានទូត​ជប៉ុន​បាន​បង្កើត​កម្មវិធី​ទស្សនកិច្ច​វិទ្យាល័យ​នេះ​តាំងពី​ឆ្នាំ​២០១២​មក​ក្នុង​គោលបំណង​ឲ្យ​សិស្សានុសិស្ស​វិទ្យាល័យ​ទាំងអស់​បាន​​ស្វែងយល់​ពី​ប្រទេស​ជប៉ុន និង​វប្បធម៌​ជប៉ុន ព្រមជាមួយ​ការណែនាំ​អំពី​អាហារូបករណ៍​ជប៉ុន​ដល់​សិស្សានុសិស្ស​វិទ្យាល័យ​តាមរយៈ​ការ​​បង្ហាញ​វីដេអូ ការធ្វើ​បទ​បង្ហាញ​ដោយ​បុគ្គលិក​ស្ថានទូត និង​សំណួរចម្លើយ ក្នុង​រយៈពេល​មួយ​ម៉ោង​កន្លះ​។​

​សម្រាប់​ទស្សនកិច្ច​វិទ្យាល័យ​ឆ្នាំនេះ សមាជិក​JAC ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នឹងចូលរួម​ធ្វើ​បទ​បង្ហាញ​ជាមួយ​ស្ថានទូត​​នៅ​វិទ្យាល័យ​ដូចខាងក្រោម ដែលជា​អតីត​វិទ្យាល័យ​របស់​ពួកគាត់​។ ពួកគាត់​នឹង​ចែករំលែក​បទពិសោធន៍​នៅ​ប្រទេស​ជប៉ុន​និង​ការងារ​​ដែល​ទទួលបាន​បន្ទាប់​ពី​សិក្សា​នៅ​ប្រទេស​ជប៉ុន​និង​ធ្វើការ​ជម្រុញ​លើកទឹកចិត្ត​សិ​ស្សា​វិទ្យាល័យ​ទាំងអស់​ឆ្ពោះទៅកាន់​អនាគត​ដ៏​ត្រចះត្រចង់​។​ទស្សនកិច្ច​នេះ​នឹង​ជម្រុញ​ឲ្យ​សិស្សានុសិស្ស​វិទ្យាល័យ​ទាំងអស់ មានឱកាស​បាន​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ពី​ប្រទេស​ជប៉ុន​និង​កាន់តែ​ខិត​
​ខំប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត​ដើម្បី​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​

​វិទ្យាល័យ​ទាំង​៧​មាន​៖១. វិទ្យាល័យ​សេរី​មង្គល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​២. វិទ្យាល័យ​ហ៊ុនសែន​ខ្សាច់កណ្តាល ខេត្តកណ្តាល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧៣​។​វិទ្យាល័យ​ព្រះមុនីវង្ស​បាត់ដំបង​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​។​៤. វិទ្យាល័យ​នេ​ត​យ៉ង់​ ​ខេត្តបាត់ដំបង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​។​៥. វិទ្យាល័យ​ព្រះសីហនុ​ ​ខេត្តកំពង់ចាម​ថ្ងៃទី​១៩ ខែធ្នូ​ ​ឆ្នាំ​២០១៧​។​៦. វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ​ខេត្តកណ្តាល​ ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨៧​និង​៧. វិទ្យាល័យ​ឥន្ទ្រ​ទេវី​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨៕​ដោយ​៖​សុផល​/sn
​ ​
​ស្ថានទូត​ជប៉ុន​សហការ​ជាមួយ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន ផ្សព្វផ្សាយ​អាហារូបករណ៍​ដល់​វិទ្យាល័យ​ចំនួន​៧​នៅ​កម្ពុជា​

​ ​