ជប៉ុន​ព្រមានៈ រលក Wifi អាចធ្វើ​ឲ្យ​បុរស​ពិបាក​មានកូន​

844
ចែករម្លែក

​តាម​លទ្ធផល​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ជប៉ុន​បង្ហា​ញ​ថា ប្រសិន​បុរស​ប្រាស្រ័យ​យូរអង្វែង​ជាមួយ​រលក Wifi នឹងធ្វើ​ឲ្យ​ថយចុះ​លទ្ធភាព​មានកូន ។​

​ការស្រាវជ្រាវ​ត្រូវបាន​ដំណើរការ​ពី​ខែសីហា ដល់​ខែវិច្ឆិកា ២០១៨ ។ ក្រុម អ្នក​វិទ្យា សាស្ត្រ​បាន​ស្រាវជ្រាវ​គ្រោះថ្នាក់​របស់​រលក​អេឡិចត្រូនិក ក្នុង​បណ្តា​ឧបករណ៍ប្រើប្រាស់ Wifi ដូចជា​ទូរស័ព្ទ​ចល័ត​ទៅដល់​ចលនា និង​សុខភាព​មេជី​វិត​របស់​បុរស ៥១ នាក់ មាន​អាយុ​មធ្យម ៣៨,៤ ឆ្នាំ និង​សុទ្ធតែ​ធ្លាប់​បង្ក​កំណើត​សិប្ប​និមិត្ត​នៅ​មន្ទីរពេទ្យ ។​

​គំរូ​មេជី​វិត​របស់​បុរស​ទាំង​នេះ​ត្រូវបាន​ចែកជា ៣ ក្រុម ។ ក្រុម​ដំបូង​មិន​ប្រាស្រ័យ​ជាមួយ​រលក Wifi ក្រុមទី​២ ប្រាស្រ័យ​ជាមួយ​រលក Wifi តែមាន​ស្រទាប់​ការពារ​មួយ ក្រុមទី​៣ ប្រាស្រ័យ​ទាំងស្រុង​ជាមួយ​រលក Wifi ។​

​គំ​រូប​មេជី​វិត​ត្រូវបាន​ដាក់​ជិត​ឧបករណ៍​បញ្ចេញ Wifi ដូចគ្នា​នឹង​របៀប​ដែល​បុរស​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោ ។ ក្រុម​ស្រាវជ្រាវ​ឲ្យ​មេជី​វិត​ប្រាស្រ័យ​ជាមួយ​រលក Wifi បន្តបន្ទាប់ ៣០ នាទី , ៦០ នាទី​, ២ ម៉ោង​, ២៤ ម៉ោង​, បន្ទាប់មក​ត្រួតពិនិត្យ​ឡើងវិញ ។​

​លទ្ធផល​បង្ហាញថា ប្រសិន​ប្រាស្រ័យ​ជាមួយ​រលក Wifi តែ​ក្នុង ៣០ និង ៦០ នាទី ចលនា​របស់​មេជី​វិត​ហាក់ដូច​មិន​ផ្លាស់ប្តូរ ។ ប៉ុន្តែ ពេលវេលា​ប្រាស្រ័យ​កាន់តែ​វែង មេជី​វិត​កាន់តែ​ពុំ​សូវ​មាន​ចលនា និង​ងាប់​ច្រើនជាង ។ ក្រោយ ២៤ ម៉ោង អាត្រា​មេជី​វិត​ងាប់​នៅ​ក្រុមទី​១ គឺ ៨,៤% ក្រុមទី​២​គឺ ១៨,២% និង​ក្រុមទី​៣ គឺ ២៣,៣% ។​

​ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​ថាៈ «​បរិស្ថាន​ដែល​យើង​រស់នៅ និង​ធ្វើការ​ពោរពេញ​ដោយ រលក​អេឡិចត្រូនិក ហេតុនេះ គ្រប់គ្នា​គួរ​ប្រយ័ត្នប្រយែង​អំពី​គ្រោះថ្នាក់​ចំពោះ​សុខភាព ពី​បណ្តា​កន្លែង​មាន​រលក​អេឡិចត្រូនិក​» ៕ ប្រែ​សម្រួលៈ រតនៈ​