ជប៉ុន​មាន​គោលបំណង​កាត់បន្ថយ​អត្រា​ធ្វើអត្តឃាត ៣០%

1282
ចែករម្លែក

​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី ២៥ កក្កដា បានអនុម័ត​ផែនការ​មួយ ដើម្បី​កាត់បន្ថយ​ចំនួន​ធ្វើអត្តឃាត ៣០ ភាគរយ​នៅ​អំឡុង​១​ទសវត្សរ៍​ខាងមុខ ដោយ​និយាយថា កម្រិត​ធ្វើអត្តឃាត​របស់​ប្រទេស​នៅតែ “​ធ្ងន់ធ្ងរ​”​។

​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ ដែល​គេ​សើរើ​ជា​លើកដំបូង​ក្នុង​រយៈពេល ៥ ឆ្នាំ មាន​គោលបំណង​កាត់បន្ថយ​ចំនួន​ធ្វើអត្តឃាត ១៨,៥ ករណី​ក្នុង​មនុស្ស ១០០.០០០ នាក់ ក្នុង​ឆ្នាំ ២០១៥ មក​នៅត្រឹម ១៣ ករណី​ក្នុង​ឆ្នាំ ២០២៥ ដែលជា​កម្រិត​មួយ​ស្រដៀង​នៅ​អាមេរិក និង អាល្លឺម៉ង់​។

​គោលដៅ​ថ្មី​នេះ​គឺ​សមាមាត្រ​គ្នា​ទៅនឹង​ការកាត់បន្ថយ​ចំនួន​ធ្វើអត្តឃាត​មក​នៅត្រឹម ១៦.០០០ ករណី ឬ តិចជាង​នេះ ក្នុង​ឆ្នាំ ២០២៥​។ បន្ទាប់ពី​ឡើងដល់​កម្រិត​កំពូល គឺ ៣៤.៤២៧ ករណី​ក្នុង​ឆ្នាំ ២០០៣ ចំនួន​ធ្វើអត្តឃាត​ក្នុងប្រទេស​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល ៧ ឆ្នាំ​ជាប់​គ្នា គឺ​មក​នៅត្រឹម ២១.៨៩៧ ករណី ក្នុង​ឆ្នាំ ២០១៦​។

​តែ​ទោះយ៉ាងណា អត្រា​ធ្វើអត្តឃាត​របស់​ជប៉ុន នៅតែ​ខ្ពស់​នៅលើ​សកលលោក​។ អត្រា​ធ្វើអត្តឃាត ១៩,៥ ករណី​ក្នុង​មនុស្ស ១០០.០០០ នាក់​ក្នុង​ឆ្នាំ ២០១៤ ធ្វើឱ្យ​ជប៉ុន​ជាប់​លេខ ៦ ក្នុង​ពិភពលោក ដោយ​តាម​ពីក្រោយ​ប្រទេស​លី​ទុយ​អា​នី ៣០,៨ ករណី កូរ៉េខាងត្បូង ២៨,៥ ករណី និង ប្រទេស​ស៊ូ​រី​ណា​ម (Surinam) ២៤,២ ករណី​។ នេះ​បើតាម​ក្រសួងសុខាភិបាល​ជប៉ុន ដែល​រៀបរៀង​ទិន្នន័យ​នេះ​តាំងពី​ឆ្នាំ ២០១៣​។​

​ដោយ​កំណត់​វិធានការ​ប្រឆាំងនឹង​ការធ្វើអត្តឃាត​ដូចជា​ការលុបបំបាត់​ឧបសគ្គ​ចំពោះ​ការរស់នៅ​ជាដើម​នោះ គោលការណ៍​ណែនាំ​អំពាវនាវ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​ដូចជា​ម៉ោង​ធ្វើការ​ច្រើន​ហួសប្រមាណ ការធ្លាក់​ទឹកចិត្ត​ក្រោយ​ឆ្លងទន្លេ និង​ការរើសអើង​ភេទ​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ការងារ និង សុខុមាលភាព លោក យ៉ា​ស៊ូ​ហ៊ី​សា ស៊ីអូ​ហ្សា​គី និយាយ​នៅ​សន្និសីទកាសែត​ថា “​យើង​ចង់​សម្រេច​គោលដៅ​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចទៅរួច ដោយ​វិភាគ​មូលហេតុ​នៃ​ការធ្វើអត្តឃាត​”​។

​គោលដៅ​ថ្មី​នេះ​គឺមាន​មហិច្ឆតា​ខ្លាំង​ជាង​គោលដៅ​កាត់បន្ថយ​អត្រា​ធ្វើអត្តឃាត ២០ ភាគរយ​នៅ​អំឡុង​មួយ​ទសវត្សរ៍​ខាងមុខ ដែល​កំណត់​នៅក្នុង​គោលការណ៍​ណែនាំ​ពីដំបូង ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០០៧​។ មន្ត្រីជាន់ខ្ពស់​មួយរូប​ទទួលស្គាល់ថា “​វា​ជា​របា​កំណត់​រាង​ខ្ពស់​បន្តិច​ហើយ​”​។

​រដ្ឋាភិបាល​នឹង​បង្កើន​វិធានការ​ប្រឆាំង​ម៉ោង​ធ្វើការ​ច្រើន​ហួសប្រមាណ បន្ទាប់ពី​បញ្ហា​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណៈ បន្ទាប់ពី​ការធ្វើអត្តឃាត​រប​ស់បុ​គ្គ​លិ​ក​ស្រី​អាយុ ២៤ ឆ្នាំ​របស់​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ខ្នាត​យក្ស Dentsu Inc ដោយសារ​ធ្វើការ​ច្រើន​ហួសប្រមាណ​។ រដ្ឋាភិបាល​ក៏​នឹង​ផ្តោត​សំខាន់​លើ​ការធានា​សុខភាព​ផ្លូវចិត្ត​របស់​និយោជិត និង ទប់ស្កាត់​ការប្រើ​អំណាច​បៀតបៀន​ផ្លូវភេទ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស