ជប៉ុន​មាន​អ្នកបើក​យន្តហោះ​ចម្បាំង​ស្រី​ជា​លើកដំបូង​

779
ចែករម្លែក
  • 41
    Shares

​យោធា​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​សីហា​ថា ប្រទេស​ជប៉ុន​កំពុង​ត្រៀម​មាន​អ្នកបើក​យន្តហោះ​ចម្បាំង​ស្រី​ជា​លើកដំបូង​របស់ខ្លួន​។​

​អនុសេនីយ៍ទោ មី​សា ម៉ាត់​ស៊ូ​ស៊ី​ម៉ា អាយុ ២៦ ឆ្នាំ​មកពី​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​តាំងតែ​ពី​ខ្ញុំ​បាន​មើល​រឿង Top Gun ពេល​ខ្ញុំ​នៅ​រៀន​សាលាបឋមសិក្សា​មក ខ្ញុំ​តែងតែ​សរសើរ​អ្នកបើកបរ​យន្ដហោះ​ចម្បាំង​”​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ខ្លី​មួយ​ថា ម៉ាត់​ស៊ូ​ស៊ី​ម៉ា​បានបញ្ចប់​ការហ្វឹកហ្វឺន​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ហោះហើរ​យន្តហោះ​ចម្បាំង F-15 ហើយនឹង​ត្រូវដាក់​បញ្ចូល​ឈ្មោះ​ជា​ផ្លូវការ​ជា​អ្នកបើកបរ​យន្តហោះ​ចម្បាំង​នៅ​ថ្ងៃ​សុក្រ​ទី​២៤​សីហា​នេះ​។​

​នាង​ម៉ា​ត់ស៊ូ​ស៊ី​ម៉ា និយាយថា “​ខ្ញុំ​ចង់​បន្ត​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ (​មិន​គ្រាន់តែ​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​) តែ​ក៏​សម្រាប់​ស្ត្រី​ដទៃទៀត​ដែល​នឹង​ដើរ​តាមផ្លូវ​នេះ​នាពេល​អនាគត​”​។​

​កងកម្លាំង​ទ័ពអាកាស​បានសម្រេច​នៅ​ឆ្នាំ ១៩៩៣ ដើម្បី​បើកចំហ​មុខតំណែង​ទាំងអស់​ដល់​ស្ត្រី លើកលែងតែ​អ្នកបើក​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ឈ្លបយកការណ៍​។​

​ប៉ុន្តែ​ការដាក់​កម្រិត​នេះ​ត្រូវបាន​ដកចេញ​នៅ​ឆ្នាំ ២០១៥ ដោយ​បើកផ្លូវ​សម្រាប់​នាង​ម៉ាត់​ស៊ូ​ស៊ី​ម៉ា​ចូលរួម​ជាមួយ​ក្រុម​អ្នកបើកបរ​យន្ដហោះ​ចម្បាំង ជាមួយ​ស្រីៗ​៣​នាក់​ទៀត​កំពុង​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន​។​

​ស្ត្រី​មាន​ចំនួន​ត្រឹមតែ ៦,៤ ភាគរយ​នៃ​កងទ័ព​ជប៉ុន​សរុប ២២៨.០០០ នាក់​ប៉ុណ្ណោះ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន ហ្សូ​អេ​បេ​បាន​អំពាវនាវ​ដល់​ពិភព​សាជីវកម្ម​របស់​ប្រទេស​នេះ​ឱ្យ​បើកចំហ​តំណែង​ជា​អ្នកដឹកនាំ​ដល់​ស្ត្រី ប៉ុន្តែ​ទទួលបាន​ជោគជ័យ​តិចតួច​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ា​ត់ស៊ូ​ស៊ី​ម៉ា​នឹងត្រូវ​ប្រកាស​ជា​អ្នកបើក​យន្តហោះ​ចម្បាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ