ជប៉ុន​រកឃើញ​បំណែក​យន្តហោះ​ធ្លាក់ F-35

728
ចែករម្លែក

​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​ថា ខ្លួន​បាន​រកឃើញ​កម្ទេចកម្ទី​មួយចំនួន​ពី​យន្តហោះ​ចម្បាំង​បំបាំងកាយ​មួយគ្រឿង ដែល​បាន​ធ្លាក់​កាលពី​ខែមេសា ប៉ុន្តែ​នៅ​កំពុង​ស្វែងរក​មេ​ម​ម៉ូ​រី “​សំខាន់បំផុត​” ដែល​អាច​ផ្តល់​តម្រុយ​អំពី​គ្រោះថ្នាក់​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ថា​កេ​ស៊ី អ៊ី​វ៉ា​យ៉ា បាន​និយាយថា ជិត​មួយខែ​បន្ទាប់ពី​យន្តហោះ​ទំនើប F-35A ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​នៅឯ​នាយ​ឆ្នេរ​ភាគ​ឦសាន​ប្រទេស​ជប៉ុន ទាំង​សាកសព​អ្នកបើកបរ​និង​សាកសព​យន្តហោះ​ពុំ​ត្រូវបាន​រកឃើញ​ទេ​។​

​ក្រុម​អ្នកជំនាញ​និយាយថា ជប៉ុន​និង​អាមេរិក​ចង់​ការពារ​កុំឱ្យ​កម្ទេចកម្ទី​ចេញពី​យន្តហោះ​ត្រូវបាន​រកឃើញ​ដោយ​រុស្ស៊ី​ឬ​ចិន ជាមួយ​លោក​អ៊ី​វ៉ា​យ៉ា​ទទួលស្គាល់​កាលពី​ខែ​មុន​ថា មាន “​អាថ៌កំបាំង​សំខាន់​ចាំបាច់​ត្រូវការពារ​” នៅលើ​យន្តហោះ​នោះ​។​

​លោក​អ៊ី​វ៉ា​យ៉ា​បាន​និយាយថា បំណែក​មួយចំនួន​រួមទាំង​ផ្នែក​មួយ​នៃ​ការថត​ទិន្នន័យ​ពី​ជើងហោះហើរ​នេះ ត្រូវបាន​រកឃើញ​វិញ “​នៅ​ឬ​បន្ទាប់ពី​ថ្ងៃទី ៣ ខែឧសភា​”​។ លោក​បន្តថា “​ក្រសួងការពារជាតិ​កំពុង​សិក្សា (​លើ​បំណែក​ដែល​យកបាន​) ប៉ុន្តែ​នៅ​ចំណុច​នេះ មេម៉ូរី​ដ៏​សំខាន់បំផុត (​នៃ​ការកត់ត្រា​ទិន្នន័យ​ហោះហើរ​) មិនត្រូវ​បាន​រកឃើញ​ទេ​”​។​

​យន្ដហោះ​ចម្បាំង​នេះ​បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី ៩ ខែមេសា ខណៈពេល​កំពុង​ហោះហើរ​នៅ​ចម្ងាយ ១៣៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទីក្រុង​មី​សាវ៉ា ប្រទេស​ជប៉ុន​លើ​បេសកកម្ម​ហ្វឹកហ្វឺន​។​

​យន្ដហោះ​នេះ​បាន​បាត់​ការទាក់ទង​ប្រហែល ៣០ នាទី​បន្ទាប់ពី​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​មី​សាវ៉ា​រួមជាមួយ​យន្តហោះ​បី​គ្រឿង​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា យន្តហោះ F-35A មានតម្លៃ ៩០ លាន​ដុល្លារ​ក្នុង​មួយគ្រឿង និង​ត្រូវបាន​ជប៉ុន​ដាក់ពង្រាយ​ដើម្បី​ជំនួស​យន្តហោះ F-4៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ F-35A បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ៩ មេសា