ជប៉ុន​សន្យា​នៅតែ​បន្ត​ជួយ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​កម្ពុជា​

91
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ​ ៖ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​ដែល​បញ្ចប់​អាណត្តិ​បាន បង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ​ក្នុងនេះ​ថា​នៅតែ​បន្ត​ក្នុង​ការជួយ​បណ្តុះបណ្តាល​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​បន្ថែមទៀត​។​

ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ​លោក HORINOUCHI ឯក អគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ដែល​បាន​ជួប​សំណេះសំណាល​និង​ជម្រាបលា លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ទីស្ដីការក្រសួង​ការងារ កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​កន្លងមក​។​

បញ្ជាក់ប្រាប់ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុង​ពិធី​នេះ លោក HORINOUCHI បាន ឲ្យដឹងថា ប្រទេស​ជប៉ុន​នៅតែ​រីករាយ​ក្នុងការ​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​កម្ពុជា​បន្ថែម​ទៀត​។​

ព្រម​ជាមួយគ្នានេះ​លោក​អគ្គរាជទូត​បាន​រំលឹក​ដែរ​ថា កន្លងមក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន លើ​ការបញ្ជូន​កម្មសិក្សាការី​-​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ចំនួន ២ រួមមាន​៖ ទី​១. អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ (MOC) ស្តីពី​កម្មវិធី​បណ្តុះបណ្តាល​កម្ម​សិក្សា​ការី​ជំនាញ​បច្ចេកទេស បាន​ចុះ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ និង​ទី​២. អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ (MOC) ស្តីពី​ក្របខណ្ឌ​សម្រាប់​ភាពជា​ដៃគូ​ព័ត៌មាន សម្រាប់​ប្រតិបត្តិការ​សមស្រប​នៃ​ប្រព័ន្ធ​ទទួលយក​ធនធានមនុស្ស​បរទេស ដោយមាន​ឋានៈ​នៃ​ការ​ស្នាក់នៅ​នៃ​ពលករ​ជំនាញ បាន​ចុះ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បានទទួល និង​បណ្ដុះបណ្ដាល​កម្មសិក្សាការី​កម្ពុជា ឲ្យ​ទទួលបាន​ប្រាក់​បៀរ​វត្ស​ខ្ពស់ និង​ចំណេះ​ជំនាញ​យ៉ាង​ល្អ​ប្រសើរ ដែល​បានរួម​ចំណែក​ជួយ​ជំរុញ​ជីវភាព​របស់​ពួកគេ​ឱ្យមាន​ភាព​រីកចម្រើន​បាន​មួយកម្រិត​។ សម្រាប់​កិច្ចប្រតិបត្តិការ​ក្នុងប្រទេស ជប៉ុន​បាន​បញ្ជូន​គ្រូ​ជំនាញ​មក​បណ្ដុះបណ្ដាល​ដល់​សិក្ខាកាម​កម្ពុជា​និង​ក្រៅពីនេះ ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក៏មាន​ការយកចិត្តទុកដាក់​ចំពោះ​កម្មករនិយោជិត​ផងដែរ ដូចជា​បញ្ហា​អនាម័យ និង​សុវត្ថិភាព​ការងារ ពិសេស​ជប៉ុន​ក៏បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​ជាដើម​។​

លោក រដ្ឋមន្ត្រី​បានលើកឡើង​ផង​ថា កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថានទូត​ជប៉ុន រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ជានិច្ច ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ និង​មាន​ភាព​យូរអង្វែង​ទៅ​ថ្ងៃ​ខាងមុខ​។

​គួរបញ្ជាក់ ទៀត ថា លោក HORINOUCHI ដែល​បញ្ចប់​តំណែង​ជា​អគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​នឹងត្រូវ​ចេញពី​ប្រទេស​កម្ពុជា​ត្រលប់​ទៅ​ប្រទេស​ជប៉ុន​វិញ​៕B/