ជប៉ុន​ស្ទាក់​ស្ទើរចិត្ត​ក្នុង​ការចុះ​ហេ​ត្ថ​លេខា​លើ “​គំនិត​ក្រុមចម្រុះ​ប្រចាំ​ឈូង​សមុទ្រ​ពែ​ក្ស​” របស់លោក​ត្រាំ ចំពេល​កំពុងមាន​ជម្លោះ​រឹបអូស​នាវា​ដឹក​ប្រេង​

312
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុងមាន​បញ្ហា​ក្នុងការ​ធានាបាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើន​វត្តមាន​យោធា​នៅក្នុង​ដែនទឹក​ក្បែរ​ប្រទេស​អ៊ីរ៉ង់ កន្លែង​ដែល​អាម៉េរិក​បាន​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​បរទេស​។ អ៊ីរ៉ង់​បាន​ច្រានចោល​ការអះអាង​នេះ និង​ចោទប្រកាន់​អាម៉េរិក​ថា​ធ្វើឱ្យ​កើនឡើង​ភាព​តានតឹង​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អា​បេ បានចង្អុលបង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​មិនទាន់​សម្រេចចិត្ត​អំពី​របៀប​ឆ្លើយតប​ទៅនឹង​សំណើរ​រំពឹងទុក​ពី​សហរដ្ឋ​អាម៉េរិក​សម្រាប់​បេសកកម្ម​កងទ័ពជើងទឹក​ជប៉ុន​ទៅកាន់​ដែនទឹក​នៅក្បែរ​ប្រទេស​អ៊ីរ៉ង់​និង​យេ​ម៉ែន​នៅឡើយ​ទេ​។​

​លោក​អា​បេ​បាន​សង្កត់ធ្ងន់ថា “​យើង​បានចាប់ផ្តើម​ស្តាប់​នូវ​គំនិត​របស់​សហរដ្ឋ​អាម៉េរិក​ស្តីពី​បញ្ហា​នេះហើយ​យើង​ចង់​បន្ត​ស្តាប់​ដោយ​យកចិត្តទុកដាក់​។ ក្នុងពេល​ជាមួយគ្នា​នោះដែរ ប្រទេស​ជប៉ុន​ក៏មាន​ទំនាក់ទំនង​មិត្ត​ភាពល្អ​ជាមួយ​អ៊ីរ៉ង់​ផងដែរ​”​។​

​លោក​អា​បេ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា លោក​ចង់​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន់ រូ​ហា​នី ហើយ​ថា​ជប៉ុន​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​។​

​លោក​អា​បេ​បាន​ចំណាយ​ពេលធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​កាលពី​ខែ​មុន បន្ទាប់ពី​មានការ​សន្ទនា​គ្នា​រវាង​លោក​អា​បេ​និង​លោក​ត្រាំ​។ ក្នុងអំឡុង​ទស្សនកិច្ច​របស់លោក​អា​បេ នាវា​ដឹក​ប្រេង​២​គ្រឿង​ដែល​ដឹកទំនិញ “​ទាក់ទង​នឹង​ជប៉ុន​” ត្រូវបាន​វាយប្រហារ​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់ ដោយ​អាមេរិក​បាន​ស្តីបន្ទោស​ភ្លាមៗ​ទៅលើ​អ៊ីរ៉ង់​។ រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និយាយថា ពេលវេលា​នៃ​ការវាយប្រហារ​គាប់​ជួន​នឹង​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ ហួស​ពី​ការសង្ស័យ​ទៅទៀត ហើយ​បាន​បដិសេធ​ការពាក់ព័ន្ធ​ណាមួយ​ក្នុងការ​វាយប្រហារ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ជប៉ុន​មិនទាន់​សម្រេចចិត្ត​អំពី​របៀប​ឆ្លើយតប​ទៅនឹង​សំណើរ​រំពឹងទុក​ពី​សហរដ្ឋ​អាម៉េរិក​សម្រាប់​បេសកកម្ម​កងទ័ពជើងទឹក​ជប៉ុន​ទៅកាន់​ដែនទឹក​នៅក្បែរ​ប្រទេស​អ៊ីរ៉ង់​និង​យេ​ម៉ែន​នៅឡើយ​ទេ