ជប៉ុន​ស្វែងរក​ពួក​អ្នកនេសាទ​កូរ៉េខាងជើង បន្ទាប់​ពី​នាវា​ជប៉ុន​និង​ទូក​នេសាទ​កូរ៉េខាងជើង​បុក​គ្នា​

354
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ជប៉ុន​បាន​និយាយថា​ពួកគេ​កំពុង​ស្វែងរក​អ្នកនេសាទ​កូរ៉េខាងជើង​ជាច្រើន​នាក់​ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​​ប្រទេស​ជប៉ុន​បន្ទាប់ពី​ទូក​របស់​ពួកគេ​បាន​បុក​ជាមួយ​នាវា​ល្បាត​របស់​ភ្នាក់ងារ​ជលផល​ជប៉ុន​ហើយ​បាន​លិច​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៧​តុលា​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ក្រុម​​អ្នកនេសាទ​ច្រើន​មក​ពី​កូរ៉េខាងជើង​។​

​ក្រុម​មន្ត្រី​នៃ​នាវា​ល្បាត​ជប៉ុន​នេះ បាន​និយាយថា​មាន​ជនជាតិ​កូរ៉េខាងជើង​ប្រហែល​២០​នាក់​បាន​ស្ថិតនៅលើ​ទូក​នោះ ហើយ​មនុស្ស​មួយចំនួន ត្រូវបាន​សង្គ្រោះ​ដោយ​នាវា​​ភ្នាក់ងារ​ជលផល​បន្ទាប់​ពី​ការស្វែងរក​និង​សង្គ្រោះ​ត្រូវបាន​ធ្វើឡើង ។​

​ក្រុមមន្ត្រី​នេះ​បាន​និយាយថា នាវា​ល្បាត​ជប៉ុន​នេះ មិន​មាន​ការខូចខាត​ខ្លាំង​នោះទេ ហើយ​អាច​បន្ត​ដំណើរ​ទៅ​ទៀត​បាន​។​

​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​បាន​និយាយថា ទូក​កូរ៉េ​ខាងជើង​បាន​លិច​ប្រហែល​កន្លះ​ម៉ោង​បន្ទាប់​ពី​ការបុក​នេះ​។

​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​បាន​និយាយថា​យន្តហោះ​និង​នាវា​ជាច្រើន​របស់​ខ្លួន​បាន​ឆ្ពោះទៅកាន់​តំបន់​នោះ​ដើម្បី​ចូលរួម​ស្វែងរក​ជនជាតិ​កូរ៉េខាងជើង​ទាំងនោះ​៕​ប្រែ​សម្រួល​៖​សុខា​

នាវា​ល្បាត​ជប៉ុន ស្ថិត​នៅ​កន្លែង​បុក​គ្នា​ជាមួយ​ទូក​នេសាទ​កូរ៉េខាងជើង​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ