ជម្ងឺកូវីតធូរស្បើយពលរដ្ឋចេញលំហែ កាយនៅតំបន់កំសាន្ត

86
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ ស្ថានភាពជម្ងឺកូវីតមានសភាពធូរស្រាលបន្តិចធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាទៅលំហែកាយនៅតំបន់ជ្រលងទឹកហូរភ្នំដំបង។

ក្នុងដំណើរកម្សាន្តជាលក្ខណះគ្រួសារកាលពីចុងសប្តាហ៍កន្លងមកនេះ លោក ប៊ុន ណាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យបានបង្ហាញអារម្មណ៍រីករាយឲ្យដឹងថា តាមរយះការរៀបរាប់តគ្នាពីមិត្តភក្តិបានធ្វើឲ្យរូបលោក ក៏ដូចជាបងប្អូនក្រុមគ្រួសារប្រមាណ២០នាក់បានធ្វើដំណើរឆ្លងខេត្តមកដល់ទីនេះដើម្បីលំហែកាយ ទស្សនាតំបន់ព្រៃភ្នំ និងងូតទឹកថ្លាឆ្វេងក្នុងជ្រលងដងស្ទឹងដែលមានទឹកហូរប៉ប្រះជាមួយដុំសិលារដិបរដុបច្រើនតម្រៀបគ្នានៅទីនេះ។

សម្រស់ធម្មជាតិរុក្ខជាតិទាប ខ្ពស់ពណ៌ប៉ៃតងនៅលើជ្រលងផ្ទៃទឹកហូរបុកផ្ទប់ជាមួយដុំថ្មបង្កើតជាសូរសម្លេង និងពន្លឺចែងចាំងលាយឡំជាមួយខ្យល់យ៉ាងត្រជាក់ផងនោះបានធ្វើឲ្យអារម្មណ៍របស់លោកដក់ជាប់មិនចង់ឃ្លាត និងសន្យាចំពោះខ្លួនឯងថានឹងវិលត្រឡប់មកលេងនៅជ្រលងទឹកស្ទឹងភ្នំដំបង ខេត្តប៉ៃលិននេះសារជាម្តងទៀតនៅពេលក្រោយ។

ចំណែកកញ្ញា ពេជ្រ លីហុង ម្ចាស់អាហារដ្ឋាននៅតំបន់នេះបានប្រាប់ឲ្យដឹងថា ទីកន្លែងជ្រលងស្ទឹងភ្នំដំបងនេះពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវចូលមកលេងជាហូរហែឥតដាច់ ពិសេសនៅថ្ងៃចុងសប្តាហ៍ ឬក៏ថ្ងៃបុណ្យជាតិនានា។ ភ្ញៀវទាំងអស់ដែលចូលមកលេងនៅទីនេះភាគច្រើនជាភ្ញៀវមកពីតំបន់ទីប្រជុំជនខេត្តប៉ៃលិន ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប និងមកពីទីក្រុងភ្នំពេញផងដែរ។

បច្ចុប្បន្នខេត្តប៉ៃលិនមានសក្តានុពលទេសចរណ៍ធំទូលំទូលាយជាច្រើនរួមមានគោលដៅសំខាន់ៗដូចជារមណីដ្ឋានភ្នំលោកយាយយ៉ាត រមណីដ្ឋានទឹកធ្លាក់ភ្នំខៀវ តំបន់លំហែកាយអូរឈើក្រំ រមណីដ្ឋានចំការខ្នុរ រមណីដ្ឋានម្លប់សាវម៉ាវ និងតំបន់រមណីដ្ឋានស្ទឹងត្រជាក់ចិត្តជាដើម៕/B