ជម្រុញ​ដាំ​ឈើ​ធ្នង់​លើផ្លូវ​លំនៅ​ជុំវិញ​តំបន់​ប្រាសាទបន្ទាយឆ្មារ​

984
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​បាន​ជម្រុញ​ដាំ​ឈើ​ធ្នង់​អោយបាន​ច្រើន​លើផ្លូវ​លំ ផ្លូវជាតិ ផ្លូវ​ខេត្ត​នៅ​ជុំវិញ​តំបន់​ប្រាសាទបន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​បាន​ជម្រុញ​ដូចខាងលើ កាលពី​ថ្ងៃទី​២១ ​ខែតុលា ​ឆ្នាំ​២០១៨ ខណៈ​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្មពួក មន្ត្រី​បរិ​ស្ថា​នុ​រក្ស​តំបន់ការពារទេសភាព​បន្ទាយឆ្មារ មន្ត្រី​អាជ្ញាធរ​ស្រុក​ថ្មពួក​និង​ឃុំ​បន្ទាយឆ្មារ កង​នគរបាល​ឃុំ ស្រុក កង​អាវុធហត្ថ​ស្រុក កងកម្លាំង​នគរបាល​អង្គភាព​នគ​របាល​ការពារ​បេ​តិក​ភ័​ណ្ឌ​ប្រាសាទបន្ទាយឆ្មារ កងទ័ព​វរ​សេនា​តូច​លេខ​៥១៤​និង​វរ​៥១៣ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ និង​យោធិន​កម្មសិក្សាការី​នាយទាហាន​សកម្ម​សាលា​ត្មាត​ពង ជំនាន់​១៩ អនុវត្ត​ជាក់ស្តែង​ដាំ​ឈើ​ធ្នង់​ធំៗ​ចំនួន​៨០០​ដើម លើ​២៨០០​ដើម​នៅលើ​ផ្លូវលំ​ប្រវែង​៤.៦០០​មែ​៉​ត្រ​ភ្ជាប់​ពី​ផ្លូវ​ព័ទ្ធ​ខាងក្រៅ​នៃ​កសិណ​ប្រាសាទ​បន្ទាយឆ្មារ​ទៅ​ប្រាសាទ​យាយ​គុំ ប្រាសាទ​ចិញ្ចឹម​ត្រី​និង​ទៅ​អាង​ជើងគ្រុះ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ដ្រុ​ក​ថ្មពួក ។​

បើតាម​លោក​ ដុំ ឈាង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មពួក​និង​លោក​ហេង សុភ័ក្ត្រ មេឃុំ​បន្ទាយឆ្មារ​ឲ្យ​ដឹងថា ​ឈើ​ធ្នង់​ធំៗ​ដែល​នាំមក​ដាំ​ខាងលើ ជា​អំណោយ​រប​ដ់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​និង​លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ​កែ គឹមយ៉ាន​។

ហើយ​កន្លងមកនេះ លោក​និង​លោកស្រី​ក៏បាន​ឧបត្ថម្ភ​កូនឈើ​ប្រណីត​រាប់ពាន់​ដើម ​យកទៅ​ដាំ​លើ​សងខាង​ផ្លូវលំ​ពិ​ភូមិ​គោក​សំរោង​ឃុំ​បន្ទាយឆ្មារ​ចូលទៅ​អាង​ជើងគ្រុះ ។ ហើយ​ផ្លូវលំ​នេះ​និង​ផ្លូវលំ​ប្រវែង​វេ​ង ខ្លី​៣២​ខ្សែ​ទៀត​ដែល​ប្រើ​អំណោយ​លោក​និង​លោកស្រី​បាន​ជួសជុល​រួចហើយ ​កាលពី​អំឡុង​ខែ​មី​ថុ​នា​និង​កក្កដា​ឆ្នាំ​២០១៨​កន្លងមក​នោះ ក៏​នឹងត្រូវ​ជម្រុញអោយមាន​កា​រ​ដាំ​ដើមឈើ​ឡើងវិញ​ដែរ​។​

ជាងនេះទៅទៀត ផ្លូវ​ខេត្ត​កាត់មុខ​ប្រាសាទបន្ទាយឆ្មារ​និង​ផ្លូវជាតិ​លេខ​៥៦​ កាត់​តំបន់​ប្រាសាទបន្ទាយឆ្មារ​ក៏​នឹងត្រូវ​ជម្រុញ​អោយដាំ​ឈើ​ឡើងវិញ​ដែរ ក្នុង​បំណង​ធ្វើឲ្យមាន​ដើមឈើ​និង​ព្រៃ​ឡើងវិញ ក៏ដូចជា​លើក​កម្ពស់​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធ​ម៌ ​និង​ប្រវត្តិសាស្ត្រ​បន្ទាយឆ្មារ​និង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​។​

ចំណែក​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានអោយដឹងថា  យោង​ចលនា​ជម្រុញ​ដាំ​ដើមឈើ​នេះ​ អង្គភាព​កង​វរៈសេនា​តូច​ល​រខ​៥១៤​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​សន្យា​ឧបត្ថម្ភ​ដើម​ធ្ន​ង​ធំៗ​ដែល​គាស់​ពី​ព្រៃ​និង​ផ្សាំ​ចំនួន​១,០០០​ដើម​សម្រាប់​នាំទៅ​ដាំ​បន្ថែម​នៅ​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​នៅ​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ ចំពេល​មានការ​រៀបចំ​ពិធី ប្រណាំងទូក​’’​ង​’’​ថ្នាក់​ខេត្ត និង​មាន​ព្រឹត្តិការ​ប្រពៃ​ណិ​និង​កំសាន្ត​សប្បាយ​ជាច្រើន​នោះ​៕B

លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សហការី​ព្រមទាំង​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ​និង​កងកម្លាំង​ដាំ​ដើម​ធ្នង់​ធំៗ​លើ​ផ្លូវលំ​ភ្ជាប់​ពី​ប្រាសាទបន្ទាយឆ្មារ​ទៅ​ប្រាសាទ​យាយ​គុំ​និង​ទៅ​អាង​ជើងគ្រុះ (​រូប​:​ភ្នំ​ស្វាយ​)​