ជម្រើសជាតិ​បាល់ទាត់​ថៃ​ការពារ​តំណែង​ជើងឯក​ស៊ី​ហ្គេម​បានសម្រេច ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ទាំង​ប្រផុតប្រផើយ ១-០

1055
ចែករម្លែក

​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​បានឈ្នះ​មេដាយមាស​ជា​លើក​ទី​បី​ជាប់ៗ​គ្នា​របស់ខ្លួន​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ទី​២៩​សីហា​ក្រោយពី​ផ្តួល​ម្ចាស់ផ្ទះ ម៉ាឡេស៊ី ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​ម្ចាស់ផ្ទះ ដែល​បាន​ដណ្តើម​មេដាយមាស​ចំនួន ១១១ គ្រឿង​លើស​គោលដៅ​កំណត់​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ បាន​សម្លឹងមើល​មេដាយមាស​បន្ថែមទៀត ក្នុង​កីឡាបាល់ទាត់​បុរស​។​

​ប៉ុន្តែ​ជម្រើសជាតិ​ថៃ​ទេ​ជា​អ្នក​ដណ្តើមបាន​មេដាយមាស ដោយ​គ្រប់គ្រង​លើ​ការប្រកួត​ស្ទើរតែ​ទាំងស្រុង​នៅ​ចំពោះមុខ​ទស្សនិកជន​ដ៏​ណែនណាន់តាន់តាប់​ក្នុង​ពហុ​កីឡដ្ឋាន Shah Alam ។​

​ក្រោយ​ប្រកួត​បានត្រឹមតែ ៥ នាទី ខ្សែប្រយុទ្ធ​ថៃ វរៈ​ចិត កា​ណិ​ត​ស្រី​បំ​ប៉ែន បាន​ត្បុល​ចូលទៅក្នុង​ប្រអប់​ពិន័យ​ប៉េ​ណា​ល់​ទី មុន​ពេលដែល​ខ្សែការពារ​ម៉ាឡេស៊ី​ទាក់​ជើង​ដួល​។ អាជ្ញាកណ្តាល​បាន​ពិនិត្យមើល​យ៉ាង​ឆាប់រហ័ស​ទៅលើ​ហេតុការណ៍​នោះ ប៉ុន្តែ​ទីបំផុត​បាន​គ្រវី​ដៃ​ឱ្យ​លេង​បន្ត​។​

​មុនពេល​ការប្រកួត​តង់​ទី​១​បានបញ្ចប់ ក្រុម​ថៃ​បាន​គំរាមកំហែង​ខ្លាំង​ចេញពី​បាល់​ជ្រុង ប៉ុន្តែ​ការ​តែ​ត​ដូច​រន្ទះបាញ់​ចេញពី​ខ្សែប្រយុទ្ធ​ថៃ​ត្រូវបាន​សង្គ្រោះ​ដោយ​អ្នកចាំទី​ម៉ាឡេស៊ី ហា​ហ្ស៊ី​ក ណាដ​ស្ល៊ី ដោយ​ធ្វើ​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ស្រែក​ហ៊ោ​អបអរ​កងរំពង​ពេញ​ពហុ​កីឡដ្ឋាន​។​

​ទោះបីជា​គាត់​ត្រូវបាន​សរសើរ​ចំពោះ​ការសង្គ្រោះ​ដ៏​អស្ចារ្យ​នេះ​ក៏ដោយ ក៏ប៉ុន្តែ ហា​ហ្ស៊ី​ក លែងមាន​សំណាង​ត្រឹម​នាទី​ទី ៣៩​។ ក្រុម​ថៃ​បាន​ទាត់​ចេញពី​ជ្រុង ដែល​គួរតែ ហា​ហ្ស៊ី​ក សង្គ្រោះបាន​យ៉ាង​ងាយ ប៉ុន្តែ​អ្នកចាំទី​របស់​ក្រុមបាល់ទាត់ Johor Darul Ta’zim រូបនេះ​បែរជា​ហក់​ដោល​បាល់​ចេញ ភ្លាត់ស្នៀត​ចូល​ទី​ខ្លួនឯង​ទៅវិញ ជាហេតុ​ធ្វើឱ្យ​ស្តា​ត​ទាំងមូល​ស្ងាត់​ជ្រៀប​។​

​ម៉ាឡេស៊ី​បាន​ព្យាយាម​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​តង់​ទី ២ ប៉ុន្តែ​ពួកគេ​ជួប​ការលំបាក​ខ្លាំង​ពេល​ក្រុម​ថៃ​បើក​ការវាយលុក​ខ្លាំងក្លា​ថែមទៀត​។​

​មុន​បញ្ចប់​ការប្រកួត ១២ នាទី ខ្សែបម្រើ​ស្លាប​ម៉ាឡេស៊ី ស៊ី​យ៉ា​វ៉ាន់ អ៊ី​សាក បាន​ទាត់​បាល់​កោង​ចេញពី​ក្រៅ​ប្រអប់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​បាល់​បែរជា​ហើរ​ទៅបុក​របារ​ទី​។​

​ជាមួយនឹង​ការបរាជ័យ​នេះ ម៉ាឡេស៊ី​បាន​ខកខាន​ក្នុងការ​ប្រមាញ់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ជា​លើកដំបូង​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០១១ ៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​បាល់ទាត់​ថៃ​លើក​ពាន​ស៊ី​ហ្គេម​ជា​លើក​ទី​៣ នៅ​ទឹកដី​ម៉ាឡេស៊ី