ជម្លៀស​អ្នកភូមិ​ដោយសារ​ខ្លាច​របេះ​ផ្ទាំង​ទឹកកក​យក្ស​កម្ពស់ ១០០ ម៉ែត្រ ហើយ​បង្ក​រលក​យក្ស ស៊ូ​ណា​មី​

847
ចែករម្លែក

​ក្រុម​អ្នកភូមិ​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​ភ្លាមៗ ដោយសារ​ការព្រួយបារម្ភ​ខ្លាច​ផ្ទាំង ទឹកកក​យក្ស​មាន​ទំហំ​ប៉ុន​កូនភ្នំ ដែល​អណ្តែត​នៅ​តំបន់​ហ្គ្រី​ន​លែ​នស៍ (Greenland) អាច​នឹង របេះ​ទឹកកក​មួយ​ផ្ទាំង​កម្ពស់ ១០០ ម៉ែត្រ ហើយ​បង្ក​រលក​យក្ស​ស៊ូណាមិ​។

​ដោយ​ភ័យខ្លាច​ផ្ទាំង​ទឹកកក​ដែល​របេះ​នោះ​បង្កឱ្យមាន​ទឹកជំនន់ អាជ្ញាធរ​បានសម្រេច​ចិត្ត​ជម្លៀស ប្រជាជន​ចេញពី​តំបន់​លំនៅ​ដ៏​គ្រោះថ្នាក់​នៃ​កោះ​អ៊ី​ន​ណា​ស៊ីត (Innaarsuit Island) ដ៏​សែន ដាច់ស្រយាល​។​

​ក្រុមគ្រួសារ​ប្រជាជន​នៅ​តំបន់​វាលទំនាប ត្រូវបាន​ជម្លៀស​ចេញពី​មាត់​ឆ្នេរ​បន្ទាប់ពី​ប្រទះឃើញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​ថា ផ្ទាំង​ទឹកកក​កម្ពស់​រាប់រយ​ម៉ែត្រ​អាច​នឹង​របេះ​ធ្លាក់ចូល​ទឹក​។​

ប្រធាន​ផ្នែក​សន្តិសុខ​ឈ្មោះ លី​ណា ដេវីត​សេន (Lina Davidsen) នៃ​ប៉ូលិស​ហ្គ្រី​ន​លែ​ន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Ritzau របស់​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃ​សុក្រ​ថា “​យើង​ព្រួយបារម្ភ​ខ្លាច ផ្ទាំង​ទឹកកក​កម្ពស់​រាប់រយ​ម៉ែត្រ​របេះ​ចុះមក ហើយ​ធ្វើឱ្យ​ទឹកជំនន់​យ៉ាងគំហុក​នៅក្នុង​ភូមិ បង្ក​គ្រោះថ្នាក់​”​។

​ទោះជា​យ៉ាងណា គ្មាន​ការបញ្ជា​ក់ថា ប្រជាជន​នឹង​អាច​ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ​បាន នៅពេលណា​ទេ​៕ ប្រែ​សម្រួល​: ខុម

#