ជម្លៀស ប្រជាពលរដ្ឋ​ចេញពីផ្ទះ​សំបែង និង​លោក​សង្ឃចេញពី​វត្ត​អា​រ៉ា​ម ខណៈ​ប្រតិបត្តិការ ដោះ​គ្រាប់​គីមី​របស់​អាមេរិក​ចាប់ផ្តើម​នៅ​ស្វាយរៀង​

1350

(​ស្វាយរៀង​)៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣​តុលា​នេះ មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​គីមី និង​ស៊ីម៉ាក់ បានចាប់ផ្តើម​ប្រតិបត្តិ​ការជម្លៀស​ប្រជាពលរដ្ឋ ចេញពី​ភូមិឋាន​របស់​ពួកគាត់ ទៅរក​ទី​សុវត្ថិភាព ដើម្បី​បើក​ប្រតិបត្តិការ​ដោះ​គ្រាប់បែក​គីមី​ដ៏​គ្រោះថ្នាក់​បន្សល់ទុក​ដោយ​អាមេរិក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កេ ដា អគ្គលេខាធិការរង​អាជ្ញាធរ​គីមី នៃ​ក្រសួងការពារជាតិ​និង​ជា​អ្នកនាំពាក្យ​ក្នុង​ប្រតិបត្តិការ​ដោះ​គ្រាប់​​បែក​គីមី ដែល​កំពុង​ឈរជើង នៅ​ទីតាំង​គ្រាប់បែក បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ហ្វ្រេស​ញូ​វ​នៅ​ព្រឹក​នេះ​ថា​« «​ប្រតិបត្តិការ​ដោះ​គ្រាប់​​បែក​គីមី ដែល​ទម្លាក់​ដោយសា​ហរ​ដ្ឋ​អាមេរិក ជំហាន​ទី​១ ចាប់ផ្តើម​ហើយ ដោយ​មន្ត្រី​ជំនាញ​របស់​យើង ចាប់​ត្រួត​ពិនិត្យឡើងវិញ និង​រាវរក​ជាតិ​ផ្ទុះ​ជុំវិញ​ទីតាំង​ប្រតិបត្តិការ រួច​នឹង​ចាប់ផ្តើម​ដំណើរ​ការជីក​រក​គ្រាប់បែក​គីមី​។ ស្របពេល​នឹង​ចាប់ផ្តើម​ដំណើរការ​នេះ ប្រជាពលរដ្ឋ ព្រះសង្ឃ​ក៏ត្រូវ​បាន​ជ​ម្លៀ​ង​ចេញ ទៅរក​កន្លែង​សុវត្ថិភាព​រួចរាល់​ផងដែរ ដែលមាន​ចម្ងាយ​ប្រមាណ​១,៥​គីឡូម៉ែត្រ ពី​ទីតាំង​ប្រតិបត្តិការ​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ប្រាប់​សារព័ត៌មាន​ដដែល​ថា នៅ​ទីតាំង​សុវត្ថិភាព​នោះ មន្ត្រី​បានរៀបចំ​រោង​ជ្រក​និង​អាហារ​ជូន​ប្រជាពលរដ្ឋ​​ដើម្បី​ឲ្យ​ពួកគាត់​បានទទួល​ទាន​។ ចំពោះ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​វិញ អាជ្ញាធរ​អនុញ្ញាត ឲ្យ​មាន​សមាជិកគ្រួសារ​ម្នាក់​ប៉ុណ្ណោះ​នៅចាំ​ផ្ទះ ដែល​សមាជិកគ្រួសារ​នោះ នៅមាន​កម្លាំង​ខ្លាំង​អាច​រត់លឿន ពេល​មាន​បញ្ហា​អាសន្ន​កើតឡើង​។​

​សូម​ជម្រាប គ្រាប់បែក​គីមី​ដ៏​គ្រោះថ្នាក់​ចំនួន​ពីរ​គ្រាប់ ដែលជា​កេរ្តិ៍ដំណែល​ដ៏​ជូរជត់​របស់​អាមេរិក បន្សល់ទុក​ឲ្យ​ប្រជាជន​ខ្មែរ ត្រូវបាន​រកឃើញ​នៅក្នុង​បរិវេណ​សាលារៀន និង​វត្ត​អា​រ៉ា​ម ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពីដើមឆ្នាំ​២០១៧​នេះ​៕sn

សកម្មភាពអ្នកជំនាញរៀបចំដោះកំទេចគ្រាប់បែកគីមីអាមេរិកនៅស្វាយរៀង(រូប៖វេបសាយ)