ជម្លោះដីធ្លី​នៅ​ស្រុក​ព្រៃនប់​ឈានដល់​យក​ផ្លូវជាតិ​លេខ​៤ ធ្វើជា​ចំណាត់​ខ្មាំង​

492
ចែករម្លែក
  • 44
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជម្លោះ​ដណ្តើម​ដីធ្លី នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ផ្ទុះឡើង ឈានដល់​មានការ​បិទផ្លូវ​ជាតិ​លេខ​៤ ​ត្រង់ចំណុច​ចំណោទ​អូរ​ត្រាវ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩​នេះហើយ ប្រការនេះ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​កកស្ទះ​រាប់​ម៉ោង តាំងពី​ព្រលឹម​ថ្ងៃ​ដដែល​នេះ​។​

​ពលរដ្ឋ​ច្រើន​នាក់ ដែល​អះអាងថា ពួកគាត់​ជា​ជនរងគ្រោះ​បាន​ប្រាប់ថា គោលបំណង​នៃ​ការបិទផ្លូវ​ជាតិ​លេខ​៤​នេះ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ក្នុង​ការរុះរើ​ផ្ទះសម្បែង​ពួកគាត់​រាប់រយ​ខ្នង​នាពេល​យប់មិញ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ស្រុក​ព្រៃនប់​។​

​មន្ត្រី​អាជ្ញាធរ​ឃុំ​បិត​ត្រាំ​ង​ម្នាក់ សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយថា ករណីនេះ​ជា​រឿង​របស់​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី លើ​ទីតាំង​ជម្លោះ​នោះ ព្រោះ​ការចូលទៅ​រុះរើ​សំណង់​អនាធិបតេយ្យ​ចោល​នោះ គឺ​ម្ចាស់​ដី​គេ​ប្រើ​កម្លាំង​កម្មករ មិនមាន​ការពាក់ព័ន្ធ​អ្វី​ជាមួយ​សមត្ថកិច្ច​ដែនដី​នោះទេ​។​

​ប្រភព​ដដែល​បន្តថា តាម​សំដី​របស់​ម្ចាស់​កម្មសិទ្ធិ​អះអាងថា មិនមាន​ផ្ទះសម្បែង​ពលរដ្ឋ​ណា​ម្នាក់​រស់នៅ​ជាប្រចាំ​អចិន្ត្រៃយ៍​នោះទេ គឺ​មា​តែ​ខ្ទម តូចៗ ទើប​កម្មករ​រុះរើ​បាន​ប្រកបដោយ​ជោគជ័យ ប្រសិនបើ​មាន​មនុស្ស​ស្នាក់នៅ​ប្រាកដ ពិតជា​កើត​ជម្លោះ​ហិង្សា​ជាក់​ជាមិនខាន មិនមែន​ទុកពេល​ដល់​ព្រឹក​ឡើង គៀងគរ​មនុ​ស្សមក​ធ្វើការ​តវ៉ា បិទផ្លូវ​ជាតិ​លេខ​៤ បែបនេះ​ទេ​។​

​ទាក់ទិន​ករណីនេះ រស្មី​កម្ពុជា​មិនអាច​សុំ​ការពន្យល់​ពី​អាជ្ញាធរ​ស្រុក​-​ខេត្ត បាន​នៅឡើយ​ទេ ដោយ​សុំ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​មិន​ទទួលបាន​សម្រេច​ខ្លះ​បិទ​ខ្លះទៀត ពេល​ហៅចូល​ហើយ​តែ​ចុច​ផ្តាច់​ប្រព័ន្ធ​តែម្តង​៕ ល​