ជម្លោះ​កោះ​របស់​ជប៉ុន​និង​កូរ៉េខាងត្បូង​រាលដាល​ដល់​កីឡា​អូឡាំពិក​

401
ចែករម្លែក

សង្គ្រាមពាក្យសម្តី​ជុំវិញ​ភាពជា​ម្ចាស់​លើ​កម្រង​កោះ​តូចៗ​នៅ​សមុទ្រ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​រីក​រាលដាល​ដល់​កីឡា​អូឡាំពិក​ជាថ្មី​ម្តងទៀត ខណៈ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​បាន​រិះគន់​ចំពោះ​ការតវ៉ា​របស់​របប​ក្រុង​សេ​អ៊ូ​ល​ជុំវិញ​ការដាក់​រូប​ផែនទី​ជប៉ុន​នៅលើ​វេ​ប​សាយ​អូឡាំពិក​ក្រុង​តូ​ក្យូ​។​

​ប្រទេសជិតខាង​ទាំងពីរ​នេះ​បាននិងកំពុង​ប្រឈមមុខគ្នា​រួចទៅហើយ​ជុំវិញ​ការ​រឹតត្បិត​របស់​ជប៉ុន​លើ​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិជ្ជា​ខ្ពស់​សម្រាប់​កូរ៉េខាងត្បូង​ក៏ដូចជា​បញ្ហា​សំណង​ដល់​ប្រជាជន​កូរ៉េខាងត្បូង ដែល​គេ​បង្ខំ​ឱ្យធ្វើ​ការ​នៅ​ក្រុមហ៊ុន​ជប៉ុន​អំឡុង​សង្គ្រាមលោកលើកទីពីរ​។​

​អ្នកនាំពាក្យ​កំពូល​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា កូរ៉េខាងត្បូង​បានដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ ដែល​លោក​ហៅថា “​មិនអាច​ទទួលយកបាន​ទាំងស្រុង​” ដោយយោង​ទៅតាម​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​ថា កោះ ឈ្មោះ​តា​កេ​ស៊ី​ម៉ា គឺជា​របស់​ជប៉ុន​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ក៏បាន​ជំទាស់​ផងដែរ​ចំពោះ​ការចាត់ទុក​សមុទ្រ​នៅ​ចន្លោះ​ប្រទេស​ជិត​ទាំងពីរ​ថា “​សមុទ្រ​ជប៉ុន​” គឺ​សំដៅលើ​សមុទ្រ​ខាងកើត ដែល​កូរ៉េខាងត្បូង​តែងតែ​ហៅ​នោះ​។​

​លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា ប្រធាន​ខុទ្ទកាល័យ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​បាន​ទាក់ទង​ទៅ​កូរ៉េខាងត្បូង​ថា​ជំហរ​របស់​ពួកគេ​គឺ​មិនអាច​ទទួលយក​បានទេ​” ដោយ​បន្ថែមថា ស្ថានភាព​នៃ​ទំនាក់ទំនង​គឺ “​ដុនដាប​ធ្ងន់ធ្ងរ​ណាស់​”​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​មិនទាន់មាន​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​ភ្លាមៗ​នោះទេ​។​

​ប្រទេស​ទាំងពីរ​ក៏​ធ្លាប់មាន​ជម្លោះ​ប្រហាក់ប្រហែលគ្នា​នេះដែរ​នៅឯ​កីឡា​អូឡាំពិក​រដូវរងា ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ព្យឹ​ង​ចាង​របស់​កូរ៉េខាងត្បូង​កាលពី​ឆ្នាំមុន​។​

​មុន​ព្រឹត្តិការណ៍​អូឡាំពិក​នោះ ជប៉ុន​បានធ្វើ​ការតវ៉ា​ចំពោះ​ការដាក់បញ្ចូល​កោះហៅ​ថា​ដូ​កកូ​ក្នុង​កូរ៉េខាងត្បូង នៅលើ​ទង់ជាតិ​ដែល​តំណាងឱ្យ​ឧបទ្វីប​កូរ៉េ​រួមគ្នា​។​

​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ជា​ញឹកញាប់​ជួប​ភាព​ប្រេះឆា​ដោយសារ​ប្រវត្តិសាស្ត្រ​រួម​របស់​ពួកគេ ដែល​កើតចេញ​មកពី​ការដាក់​នឹម​អាណានិគម​ដ៏​ព្រៃផ្សៃ​ពី​សំណាក់​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​រវាង​ឆ្នាំ ១៩១០ និង ១៩៤៥៕ ដោយ៖ កញ្ញាដាលីស

កូរ៉េខាងត្បូង​ធ្វើការ​តវ៉ា​ជុំវិញ​ការបញ្ចូល​រូប​ផែនទី​ជប៉ុន​លើ​វេ​ប​សាយ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ