ជម្លោះ​ដណ្តើម​ម៉ូយ​ទឹកកក​៖ តុលាការ​ឃុំខ្លួន​ជនដៃដល់​ពីរ​នាក់

960
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ជនដៃដល់​ពីរ​នាក់​ដែល​ក្នុងនោះ មាន​ម្នាក់​ជា​ថៅកែ​លក់​ទឹកកក​បោះ​ដុំ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​១​ខែសីហា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ករណី​ប្រើ អំពើ​ហឹ​ង្សា បណ្តាលឱ្យ​ស្ត្រី​កូនខ្ចី​ម្នាក់​ជា​ប្រពន្ធ​ថៅកែ​លក់​ទឹកកក​បោះ​ដុំ​និង​រាយ និង​កម្មករ​ម្នាក់​រងរបួស​ធ្ងន់​។​

​អំពើហិង្សា​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នៅ​ចំណុច​កន្លែង​លក់​ទឹកកក​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​២៥៧​ក្បែរ​ផ្សារ​គីឡូ​លេខ​៤ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យដឹងថា ជនសង្ស័យ​ដែលជា​មេក្លោង​នាំ​បក្ខពួក​មក​វាយ​គេ​ដល់ផ្ទះ​នោះ​ឈ្មោះ​វ៉ាន់ នី​ម អាយុ​៣៤​ឆ្នាំ​ជា​ថៅកែ​លក់​ទឹកកក​បោះ​ដុំ​នៅផ្ទះ​លេខ​១៧៦ ផ្លូវ​លេខ​១៤៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក និង​ម្នាក់​ជា​កម្មករ​ឈ្មោះ​ទូច វី​តា អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ថៅកែ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ​សាន លក្ខិណា អាយុ​២២​ឆ្នាំ ទើបតែ​សម្រាលកូន​បាន​៥​ខែ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នី​ដា និង​ប្អូនប្រុស​ជា​កម្មករ​ឈ្មោះ​សាន សុ​គួ​ន អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ជាមួយ​បងស្រី​។ ជនរងគ្រោះ ត្រូវ​ជនសង្ស័យ​វាយ​នឹង​ដែក​ទំ​ពក់​ខ្វា​ទឹកកក​របួស​ក្បាល​ដេរ​ជាច្រើន​ថ្នេរ​។​

​សមត្ថកិច្ច បានឱ្យដឹងថា​ភាគី​ខាង​ជនសង្ស័យ បាន​ចោទប្រកាន់​ភាគី​រងគ្រោះ​ថា​រកស៊ី​ដណ្តើម​ម៉ូយ​របស់ខ្លួន​(​ជនសង្ស័យ​) ដោយ​លក់​បោះ​ដុំ​ក្នុងតម្លៃ​ថោក​ជាង​ធ្វើឱ្យ​ម៉ូយ ដែល​ធ្លាប់​ទទួលយក​ជា​យូរហើយ​នោះ​នាំគ្នា​ឈប់​ទិញ​ភាគី​ជនសង្ស័យ ក៏​នាំ​បក្ខពួក​មក​វាយ​ដល់ផ្ទះ​តែម្តង​៕ ល​