ជម្លោះ​ដី​នៅ​បិត​ត្រាង​!​អ្នកវិភាគ​នយោបាយ​ដាក់ពាក្យ​ប្ដឹង​អភិបាលខេត្ត​ព្រះសីហនុ​ទៅ​ក្រសួងមហាផ្ទៃ​

792
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហ៊ាង​គឹម​ស្រឿ​ន​អ្នកវិភាគ​នយោបាយ​និង​ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម​បានដាក់​ពាក្យ​ប្ដឹង​អភិបាលខេត្ត​ព្រះសីហនុ​និង​អភិបាលស្រុក​ព្រៃនប់​ព្រមទាំង​មន្ត្រី ពាក់ព័ន្ធ​មួយចំនួន​ទៅ​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៩​។

​ដើម្បីឱ្យ​បំភ្លឺ​ពី​ភាពស្របច្បាប់​ក្នុងការ​ប្រើប្រាស់​កម្លាំង​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០ គ្រួសារ នៅ​ភូមិ​ចំណោត រាម​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨-១៩ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​។

​លិខិត​ពាក្យបណ្ដឹង​នេះ​បាន​ចូលដល់​ក្រសួងមហាផ្ទៃ​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រសួង​បាន​វ៉ៃ​ត្រា​ទទួល​រួចរាល់​ហើយ​។​នៅក្នុង​ពាក្យបណ្ដឹង​លោក​ហ៊ាង គឹម​ស្រឿ​ន បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង ថា​នៅ​ថ្ងៃទី​១៨​និង​១៩​ខែមេសា​ឆ្នាំ​២០១៩​មាន​កម្លាំង​សន្តិសុខ​និង​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ភ្ជាប់​ទៅដោយ​ដំបង​ខែល​បានធ្វើការ​រើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រហែល​៣០០​គ្រួសារ​។​អាជ្ញាធរខេត្ត​ចោទ​ពួកគាត់​ថា ជា​ក្រុម​អនាធិបតេយ្យ​មក​រស់នៅ​លើដី​កម្មសិទ្ធិឯកជន​របស់​អ្នកដទៃ​ដោយ​ខុសច្បាប់​។

​ផ្អែក​តាម​អង្គហេតុ​និង​ករណី​រឿង​ទំនាស់​ដីធ្លី​ខាងលើ​គឺជា​ករណី​វិវាទ​នៃ​កម្មសិទ្ធិ​ដែល​ចាត់ទុកជា​ការវិវាទរ​វាង​ឯកជន​និង​ឯកជន​ក្នុងការ​កាន់កាប់​ដីធ្លី​ដែល​អាចជា​សមត្ថកិច្ចរ​បស់​តុលាការ​ឬក៏​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការដោះស្រាយ​វិវាទ​ដីធ្លី​។

​ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង​របស់​គណៈ​បញ្ជាការ​ខេត្ត​ទៅ​រុះរើ​ដោយ​គ្មាន​សាលក្រម​សាលដីកា​ឬ​សេចក្តីសម្រេច​របស់​តុលាការ​។​គ្មាន​ការដឹកនាំ​អនុវត្ត​ដោយ​ព្រះរាជអាជ្ញា​នោះឡើយ​។​

​អ្វីដែល​ប្រើប្រាស់​សកម្មភាព​ទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៨​និង​១៩​ខែមេសា​ឆ្នាំ​២០១៩​នោះ​គឺ​ចាត់ទុក​សកម្មភាព​ប្រើប្រាស់​កម្លាំង​ដោយ​ខុសច្បាប់​និង​អាច​ចាត់ទុកជា​បទល្មើស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។ ជាមួយគ្នានេះ​លោក​ហ៊ាង​គឹម​ស្រឿ​ន​បាន​ស្នើសុំ​សម្ដេច​ក្រឡាហោម​សខេង​មេត្តាជួយ​រក​យុត្តិធម៌ ដល់​ប្រជាពលរដ្ឋ​។​

​ជាការ​ឆ្លើយតប​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមេសា ថា អ្វីដែល​អាជ្ញាធរខេត្ត​ធ្វើ គឺ​ធ្វើតាម​ច្បាប់ ពីព្រោះ​ដី​នេះ គេ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ហើយ​ក្នុងនាម​រដ្ឋបាល​ដែនដី​ត្រូវតែ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ច្បាប់ និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​។​គេ​ប្តឹង​លោក​ទៅ​សម្តេច​ក្រឡាហោម ស ខេង គឺជា​សិទ្ធិ​របស់គេ​៕S/​