ជម្លោះ​ដែនទឹក​និង​អាកាស​ជាមួយ​ម៉ាឡេស៊ី​បណ្តាលអោយ​សិង្ហ​បុរី​និយាយ​ដល់​ប្រើ​កងទ័ពជើងទឹក​និង​ឆ្មាំ​សមុទ្រ​

712
ចែករម្លែក

ទំនាក់ទំនងរវាងសិង្ហបុរីនិងម៉ាឡេស៊ីកំពុងមានបញ្ហាដោយសារបញ្ហាដែនទឹកនិងអាកាសក្លាយជាជម្លោះជាចំហកាលពីថ្ងៃអង្គារទី៤ធ្នូ។

សិង្ហបុរីបាននិយាយថា ខ្លួនបានធ្វើការប្រឆាំងតវ៉ាទៅរដ្ឋាភិបាលក្រុងកូឡាឡាំពួរដោយសារតែចំណាត់ការរបស់ម៉ាឡេស៊ីក្នុងការពង្រីកព្រំដែនកំពង់ផែបារូចូលក្នុងដែនទឹករបស់សាធារណរដ្ឋ(សិង្ហបុរី)នៅឯនាយតំបន់តួស(Tuas)។

សិង្ហបុរីបានបន្ថែមថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការមាំទាំប្រឆាំងនឹងការជ្រៀតចូលនិងសកម្មភាពមិនមានការអនុញ្ញាតនៅក្នុងដែនទឹករបស់ខ្លួន ដោយ«កងទ័ពជើងទឹកសិង្ហបុរីនិងប៉ូលិសឆ្មាំសមុទ្រកំពុងយាមការពារអធិបតេយ្យភាពសិង្ហបុរីនិងរក្សាសន្តិសុខនៃដែនទឹកទាំងនេះ»។

រដ្ឋមន្រ្តីគមនាគមន៍សិង្ហបុរីលោក កាវ ប៊ូនហ្សាន់ បាននិយាយថា អំពើរបស់ម៉ាឡេស៊ី«រំលោភយ៉ាងច្បាស់លើអធិបតេយ្យភាពរបស់យើងនិងច្បាប់អន្តរជាតិ»

ការប៉ះទង្គិចសម្តីអំពីដែនសមុទ្រនេះបានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីគមនាគមន៍ម៉ាឡេស៊ីបាននិយាយថា រដ្ឋាភិបាលក្រុងកូឡាឡាំពួរមានផែនការគ្រប់គ្រងឡើងវិញដែនអាកាសលើភាគខាងត្បូងរដ្ឋចូហ័រ ដែលម៉ាឡេស៊ីបានប្រគល់សិទ្ធិគ្រប់គ្រងមកសិង្ហបុរីជាយូរមកហើយ។

ការប្រកាសរបស់រដ្ឋមន្រ្តីម៉ាឡេស៊ីនាំអោយសមភាគីសិង្ហបុរីតបវិញភ្លាមថា«ការគ្រប់គ្រងដែនអាកាសគ្មានអីពាក់ព័ន្ធនឹងអធិបតេយ្យភាពទេ និងប្រទេសជាច្រើនមានដែនអាកាសរបស់គេ​​ ឬផ្នែកខ្លះនៃវាត្រូវគ្រប់គ្រងដោយប្រទេសដទៃ។សំខាន់វាអាស្រ័យលើសុវត្ថិភាពនិងប្រសិទ្ធភាព»។

អំពីបញ្ជាដែនសមុទ្រ ក្រសួងគមនាគមន៍សិង្ហបុរីបាននិយាយថា ម៉ាឡេស៊ីបានប្រកាសផ្លាស់ប្តូរព្រំដែនកំពង់ផែបារូ នៅក្នុងការប្រកាសមួយកាលពីថ្ងៃ២៥តុលា។នៅពីរសប្តាហ៍មកនេះ នាវានៃទីភ្នាក់ងារអនុវត្តន៍ច្បាប់សមុទ្រម៉ាឡេស៊ីនិងនាយកដ្ឋានជើងទឹកម៉ាឡេស៊ី បានបើកជ្រៀតចូលក្នុងដែនទឹកទាំងនេះ។

សិង្ហបុរីបានឆ្លើយតបដោយបានធ្វើការតវ៉ាទៅម៉ាឡេស៊ី ដោយសុំអោយប្តូរការប្រកាសជូនព័ត៌មាននេះ ដើម្បី«ឆ្លុះបញ្ចាំងអំពីអធិបតេយ្យភាពសិង្ហបុរីនៅលើដែនទឹកនេះ និងសុំកុំអោយម៉ាឡេស៊ីចាត់វិធានការឯតោភាគីបន្តទៀត»ដើម្បីកុំអោយមានការយល់ខុសដែលនាំដល់ឧបទ្ទវហេតុមិនចាំបាច់ណាមួយឬអាក្រក់ជាងនេះ ។

អាជ្ញាធរកំពង់ផែសិង្ហបុរីក៏បានចេញសារាចរមួយកាលពីថ្ងៃ៣០វិច្ឆិកាដោយប្រាប់ទៅក្រុមហ៊ុននិងម្ចាស់នាវាកុំគោរពសេចក្តីជូនដំណឹងរបស់ម៉ាឡេស៊ី៕ដោយ៖វាសនា

#