ជម្លោះ​របស់លោក ម៉ូ​រី​ញ៉ូ និង ប៉ុក​បា ចាប់ផ្តើម​ផ្ទុះឡើង​ជាថ្មី​

324

ជម្លោះ​រវាង​គ្រូបង្វឹក​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ចាប់ផ្តើម​ផ្ទុះឡើង​ជាថ្មី បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រកួត​ស្មើ ២-២ ជាមួយ​ក្រុម សៅ​ហេម​តុ​ន​(Southampton) កាលពី​យប់​ថ្ងៃ​សៅរ៍​។

​ប៉ុក​បា រង​ការរិះគន់​ពី​លោក ម៉ូ​រី​ញ៉ូ ដោយសារ​តែមាន​ភាព​ធូររលុង​ក្នុង​តំណែង​របស់ខ្លួន ហើយ​តាម​ព័ត៌មាន​ថា លោក​បាន​ហៅ ប៉ុក​បា ថា ជា​មេរោគ​ក្នុង​ក្រុម​។

​ប៉ុន្តែ​គេ​ជឿថា លោក ម៉ូ​រី​ញ៉ូ រិះគន់​ជា​លក្ខណៈ​ទូទៅ​ច្រើនជាង ខណៈពេល​លោក​មិន​សប្បាយ ចិត្តនឹង​ទម្រង់​លេង​របស់​កីឡាករ​របស់លោក​ដែល​គ្មាន​វិន័យ ដោយ​អះអាងថា លោក​មិនគួរ ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ស្តីបន្ទោស​នោះទេ​។

​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​បាន​អះអាងថា យុទ្ធសាស្ត្រ​របស់លោក ម៉ូ​រី​ញ៉ូ គឺ​ធ្វើ​ឲ្យ​ក្រុម រង្គោះរង្គើ ហើយ​គ្មាន​កីឡាករ​ណា​មក​គាំទ្រ​ខ្លួន ដោយសារតែ​ពួកគេ​គ្មាន​សេរីភាព​ក្នុងការ ផ្លាស់ប្តូរ​ទីតាំង​។

​ប៉ុន្មាន​ប្រកួត​កន្លងមកនេះ ប៉ុក​បា មាន​ទម្រង់​លេង​ធ្លាក់ចុះ ចំពេល​មានការ​បារម្ភ​ពី​ក្រុម គ្រូបង្វឹក​ថា កីឡាករ​រូបនេះ​សម្លឹង​រក​ច្រក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford ។ ប៉ុក​បា មិនមែនជា​កីឡាករ​ម្នាក់​គត់​ដែល​ពិចារណា​ចាកចេញ​នោះទេ កីឡាករ​ផ្សេងទៀត​ក៏​គិត ពី​អនាគត​របស់ខ្លួន​ផងដែរ​។

​ប៉ុក​បា ទើបនឹង​មានឱកាស​ចា​ប់​ផ្តើម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​របស់​យូ​ណាយ​ធី​ត​ចំពេល មាន​បញ្ហា​របួស​បន្តបន្ទាប់ បន្ទាប់ពី​ខកខាន​មិនបាន​បង្ហាញ​មុខ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Young Boys នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​សប្តាហ៍​មុន​។

​យូ​ណាយ​ធី​ត​បាន​វាយបក​តាម​ស្មើ ២-២ ជាមួយ​ក្រុម Southampton ប៉ុន្តែ​ពួកគេ​មាន​គម្លាត ៨​ពិន្ទុ​ពី​កៅអី​សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)