ជយោ ! តម្លៃ​ភ្លើង​តាម​តូប​ក្នុង​ផ្សារ​នឹង​ចុះថោក​តែ . . .

980
ចែករម្លែក

​នៅក្នុង​សន្និបាត​របស់​គណបក្ស​ប្រជាជន​ដែល​ទើបតែនឹង​បញ្ចប់ទៅ​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជា​ដល់​មន្ត្រី​ពាក់ព័ន្ធ​និង​អគ្គិសនី​កម្ពុជា​ឲ្យ​ចុះ​ជាបន្ទាន់​នូវ​តម្លៃ​ភ្លើង​តាម​បណ្ដា​តូប​លក់ដូរ​ក្នុង​ផ្សារ​ឲ្យ​ដូច​តម្លៃ​នៅតាម​ផ្ទះ​ប្រជាជន​ដោយ​អ្វីៗ​ចាប់ផ្ដើម​ពី​រាជធានី​ភ្នំពេញ​ទៅ ។​

​ជយោ​នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​ព្រោះ​កន្លងមក​ប្រធាន​ផ្សារ​ឬ​ដង្ខៅ​ផ្សារ​តែងតែ​ទទួល​ទិញ​ជា​កញ្ចប់​នូវ​ភ្លើង​ដោយ យកមក​លក់រាយ​ឲ្យ​អាជីវករ​ក្នុងតម្លៃ​ខ្ពស់​ខុសពី​ធម្មតា ។ ដំណឹង​នេះ​បានធ្វើ​ឲ្យ​អ្នកមាន​តូប​លក់ដូរ​ក្នុង​ផ្សារ​ម៉ា​ស្រុក​ខ្មែរ​ស្រែក​ជយោ ! យ៉ាង​រីករាយ ។​

នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​តែ​វា​មិនមែនជា​ដំណឹង​ល្អ​សម្រាប់​ប្រធាន​ផ្សារ ឬ​ដង្ខៅ​ផ្សារ​នោះទេ​។​បើ​បានជា​ជ្រុល​ធ្វើ​បែបនេះហើយ​បាន​សម្ដេច​ប្រកាសថា​តម្លៃ​ទឹក​ដែល​ប្រើប្រាស់​ក្នុង​ផ្សារ​នឹងធ្វើ​ឲ្យ​ដូច​តម្លៃ​នៅតាម​ផ្ទះ​ប្រជាជន​ទៀត​នោះ​នឹង​កាន់តែ​ប្រសើរ​ទ្វេ​ឡើង​ថែមទៀត​មិន​ខាន ។​

និយាយ​ដោយ​ត្រង់​ទៅ​ចុះ​ទាំង​ទឹក​ទាំង​ភ្លើង​គឺ​មេ​ផ្សារ​ទទួល​ទិញ​គេ​មក​តាម​តម្លៃ​រដ្ឋ​តែ​យកមក​លក់​ក្នុងតម្លៃ​មួយ​ខ្ពស់​ដើម្បី​ជាការ​ចំណេញ​សម្រាប់​ខ្លួនឯង ។​
​ ​
រឿង​នៅ​ផ្សារ​មាន​ច្រើន ។​សម្រាប់​អ្នកមាន​តូប​គឺ​វ័ណ្ឌ ក ជាមួយ​តម្លៃ​ទឹក​-​ភ្លើង ។​អ្នក​គ្មាន​តូប​វ័ណ្ឌ​ជាមួយ ភាស៊ី អនាម័យ សន្តិសុខ អ្ហូ​សមាន​ស្អីៗ​ទៀត​ច្រើនណាស់ ។​
​ ​
​ការបង់​តម្លៃ​សេវា​ទាំងនេះ​មិនជា​បញ្ហា​នោះទេ​។ ឯ បញ្ហា​ធំ​នោះ​គឺ​សូម​បញ្ចប់​វប្បធម៌ បញ្ចេញ​ស្នៀត​កា​រា​តេ​ដូ​ដើម្បី​ទាត់​កញ្ច្រែង​អ្នកលក់ ដូរ​បន្តិចបន្តួច បញ្ចេញ​ក្បាច់​ចំបាប់ គ្រវែង​កញ្ច្រែង​ផលិតផល​របស់​ពួកគេ​ទៅលើ​ឡាន ។ ការប្រើ​សំឡេង​យក្ស​ល្ខោន ដើម្បី​គម្រាម​អ្នកលក់ដូរ​កំប៉ិកកំប៉ុក និង​ការប្រើ​ស្នៀត​ឆក់​ដណ្ដើមយក​សោរ​ពី ម៉ូតូឌុប​ជាដើម​។​

សង្ឃឹមថា​វប្បធម៌​ដ៏​ចាស់គំរិល​មួយ​នេះ​នឹងត្រូវ​បញ្ចប់​ព្រោះ​កន្លែង​លក់ដូរ​គួរ​មានតែ​សំឡេង​តថ្លៃ​ទំនិញ​គ្នា​ទៅបាន​ហើយ​កុំ​ឲ្យ​មាន​សំឡេង​ស្រែក​ទួញ​លាយឡំ​ជាមួយនឹង​ទឹកភ្នែក​ព្រោះ​គេ​ទាត់​កញ្ឆេ​តទៅទៀត ៕ ដោយ​:​រ៉ូ​ហ្សា​

#