ជលផល​ដេញចាប់​អ្នក​ឆក់​ត្រី បុរស​ម្នាក់​ភ័យ​រត់​ធ្លាក់ទឹក​បាត់​ជិត​១​សប្តាហ៍ បាន​រក​សព​ឃើញ​

1124
ចែករម្លែក

​ដោយ​: សុផាន់ / កណ្តាល​: សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹកស្រះ​មួយកន្លែង ក្នុងស្រុក​ស្អាង ក្រោយពី​បុរស​រូបនោះ ត្រូវបាន​មន្ត្រីជលផល​ស្រុក​កោះធំ ចុះ​ចាប់​ខណៈ​កំពុង​ឆក់​ត្រី នៅតាម​ដង​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ ហើយ​បាន​រត់​ធ្លាក់ទឹក​បាត់​ខ្លួន​អស់​រយៈពេល​ជិត​១​សប្តាហ៍​។ សាកសព​ជនរងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ល្ងាច ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ សន ឃីម ស្ថិតក្នុង​ភូមិ​ដើម​ព្រីង ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។

​បើតាម​ការបំភ្លឺ​ឱ្យដឹងពី​ឈ្មោះ ឆាំ សុខលី ត្រូវជា​ម្តាយបង្កើត​ជនរងគ្រោះ​បានឱ្យដឹងថា មុន​កើតហេតុ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ កូន​របស់គាត់ (​ជនរងគ្រោះ​) បាន​ចុះទូក​ជាមួយ​ឈ្មោះ អ៊ា​វ បញ្ញា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា ទៅ​ឆក់​ត្រី​នៅតាម​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ពេលនោះ ពួ​គេ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ជលផល​ស្រុក​កោះធំ​ចុះ​ចាប់ ហើយ​ឈ្មោះ អ៊ា​វ បញ្ញា និង​ជនរងគ្រោះ​បាន​រត់​បែក​គ្នា​។ ប៉ុន្តែ​តាំងពី​ពេល​នោះមក ជនរងគ្រោះ​គឺ​បាន​បាត់​ខ្លួន​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ទេ រហូតដល់​ព្រឹក​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៨ ទើប​ប្រទះឃើញ​សាកសព​ជនរងគ្រោះ អណ្តែត​នៅក្នុង​ស្រះ​ទឹក​របស់​ឈ្នោះ សន ឃីម ដែល មាន​ចំងាយ​ប្រវែង​១២០​ម៉ែត្រ ពី​ផ្ទះ​ឪពុកមា​បង្កើត​ឈ្មោះ អ៊ុក សូ​នី ស្ថិតក្នុង​ភូមិ​ដើម​ព្រីង ឃុំ​កោះ​ខែល ស្រុក​ស្អាង​។​

​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ជនរងគ្រោះ មានឈ្មោះ ស៊ា​ង មករា ហៅ ចេក ភេទ​ប្រុស អាយុ ២១ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​:​កសិករ មាន​ទីលំនៅ​ភូមិ​ដើម​ព្រីង ឃុំ កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល​។
​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ត្រួតពិនិត្យ ដោយមាន​ការសហកា​ជា​អាជ្ញាធរ ភូមិ​-​ឃុំ និង​ក្រុមគ្រូពេទ្យ​។ ក្រោយ​ពិនិត្យ​រួច ឃើញថា សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ តាម​ការសន្និដ្ឋាន ជនរងគ្រោះ​អាច​ស្លាប់​ដោយសា​ឈ្លក់ទឹក​ថប់ដង្ហើម ក្រោយ​ពិនិត្យ​រួច​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រុមគ្រួសារ​សព​បាន​អះអាងថា សព​ជនរងគ្រោះ គឺ​ស្លាប់​ដោយសារតែ​ភិតភ័យ​នឹង​មន្ត្រីជលផល ដែល​ចុះ​ចាប់​នៅពេល​គាត់​ចុះទៅ​ឆក់​ត្រី​តាម​ដង​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិ​ត្រើយ​ត្រឹ​ង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​។ ក្រុមគ្រួសារ​សព ក៏បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តាជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ផង​៕ ល​

#