ជលផល​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅកាន់​តុលាការ​ពីបទ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​នៅ​តំបន់ហាមឃាត់​នៅ​ស្រុក​សំបូរ​

214
ចែករម្លែក

ដោយ​:​សេង​ឃួន​
​ក្រចេះ​:
នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​ជលផល​ខេត្តក្រចេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ពីបទ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ក្នុង​តំបន់ហាមឃាត់ ស្ថិតក្នុង​ភូមិ​កំពុង​ក្បឿង ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​ជលផល​នឹង​ប្រធាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ខេត្តក្រចេះ​បាន ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យ ចំនួន​ពីរ​២​នាក់ ដែល លួច ធ្វើ សកម្មភាព ឆក់ ត្រី នៅតាម ដង ទន្លេមេគង្គ ត្រូវ កម្លាំង សហគមន៍​នេសាទ​ភូមិ​កំពុង​ក្បឿង រួមសហការ ជាមួយ ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​នឹង​អាជ្ញាធរ​ចុះ ភូមិ​ឃុំ​បាន​ប្រតិបត្តិ ការបង្ក្រាប បទល្មើស នេសាទ ខុសច្បាប់​កាលពី​រសៀល​ថ្ងៃទី ២៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចម្រុះ​ឃាត់​ចាប់បាន​ចំនួន​ពីរ​នាក់​មានឈ្មោះ ថន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ និង​ឈ្មោះ សេង អឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ ជនសង្ស័យ​ចំនួន​ពីរ​នាក់​រស់នៅ​ឃុំ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ដកហូត​បាន វត្ថុតាង​រួមផ្សំ​នៃ​បទល្មើស ដែល រឹបអូស បាន គឺមាន ទូក ម៉ាស៊ីន កំលាំង​២០​សេះ​០១​គ្រឿង អាំង វែក ទ័ រ ឆក់ ត្រី​០១​គ្រឿង អាគុយ​៧០​អំពែរ​០១​គ្រឿង ក្បាល​ឆក់ ចំនួន​០១ អូក​ស្មាច់​ប្រវែង​ជិត ៦​ម៉ែត្រ។​

​មកដល់​ពេល​រសៀល​នេះ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ជលផល​នាំខ្លួន​បញ្ជូន​ទៅកាន់​សាលាតំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​