ជាង​១២០០​នាក់​ស្លាប់​ដោយ​ភ្លៀង​រដូវវស្សា​នៅ​អាស៊ី​ខាងត្បូង​

1026
ចែករម្លែក
  • 4
    Shares

មនុស្សជាង១២០០នាក់ត្រូវបានសម្លាប់ដោយព្យុះភ្លៀងរដូវវស្សានាឆ្នាំនេះនៅទូទាំងអាស៊ីខាងត្បូង ខណៈចំនួនមនុស្សស្លាប់ចេះតែកើនឡើងដោយទឹកជំនន់ពាសវាលនៅក្នុងរដ្ឋកេរ៉ាឡារបស់ឥណ្ឌា។

រដូវវស្សា ដែលចាប់ផ្តើមពីខែមិថុនាដល់កញ្ញា បង្កការស្លាប់និងខូចខាតទូទៅនៅទូទាំងអាស៊ីខាងត្បូងនៅរៀងរាល់ឆ្នាំ តែឆ្នាំនេះរដ្ឋទេសចរណ៍កេរ៉ាឡា ជួបទឹកជំនន់អាក្រក់បំផុតមិនដែលធ្លាប់មានក្នុងរយៈពេលជិត១០០ឆ្នាំមកនេះ។

កេរ៉ាឡា បានរាយការណ៍អំពីមនុស្សស្លាប់៤៤៥នាក់ ជាមួយសាកសពមនុស្សច្រើនទៀតត្រូវបានរកឃើញរាល់ថ្ងៃ ខណៈការបោសសម្អាតដ៏ធំកំពុងត្រូវធ្វើឡើង។ទឹកជំនន់នាខែនេះបានបង្ខំអោយមនុស្សជាង១លាននាក់ស្វះស្វែងរកជម្រកនៅតាមជំរំបណ្តោះអាសន្នខណៈ១៥នាក់ទៀតកំពុងបាត់ខ្លួនគិតមកត្រឹមថ្ងៃចន្ទទី២៧សីហា។

រដ្ឋកេរ៉ាឡា ទទួលយកជិតពាក់កណ្តាលនៃមនុស្សស្លាប់ជាង១០០០នាក់នៅទូទាំងឥណ្ឌា ដោយជាង១៦០នាក់បានស្លាប់នៅក្នុងរដ្ឋកាណាតាកាក្បែរខាង និងជាង២០០នាក់នៅរដ្ឋអ៊ុតតា ប្រាដែស ហើយនៅរដ្ឋបឹងហ្កាល់ខាងលិចស្លាប់១៩៥នាក់ នេះបើតាមតួលេខផ្លូវការ។

អាកាសធាតុរដូវវស្សាក៏បានវាយប្រហារប្រទេសនេប៉ាល់ ដោយមនុស្ស៨៧នាក់ត្រូវបានសម្លាប់នៅទីនោះ។តែនៅស្រីលង្ការ ដែលអាជ្ញាធរបានរៀបចំជម្លៀសមនុស្ស៧៥ម៉ឺននាក់នៅតំបន់រងការគំរាមនៅឆ្នាំនេះ ចំនួនមនុស្សស្លាប់មានតែ២៤នាក់។នៅបង់ក្លាដែស ទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្ស២៩នាក់៕ដោយ៖វាសនា