ជាង​២​ពាន់​នាក់​ភៀសខ្លួន និង​១៩​នាក់​ស្លាប់​ដោយ​ការប្រយុទ្ធ​គ្នា​នៅ​មី​យ៉ាន់​ម៉ា​

440
ចែករម្លែក

​មនុស្ស​ជាង​២.០០០​នាក់​ត្រូវ​បង្ខំ​អោយ​ភៀសខ្លួន​ចេញពី​ផ្ទះ​របស់​គេ និង​១៩​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​រដ្ឋាភិបាល​និ​ង​ជនបះ​​បោរ​មក​ពី​ក្រុម​ជនជាតិ​ភាគតិច​នៅ​មី​យ៉ាន់​ម៉ា​ខាងជើង​ចាប់តាំងពី​សប្តាហ៍​មុន នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ទី​២១​សីហា​។​

​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ជា​ដំណើរ​ថយក្រោយ​មួយទៀត​សំរាប់​កិច្ចខិតខំ​របស់​មេដឹកនាំ​ស៊ីវិល អ៊ុង​សាន ស៊ូ​ជី ដើម្បី​នាំ​សន្តិភាព​ចំពេល​ប្រទេស​​ស្ថិត​ក្នុង​អន្តរកាល​ពី​ការគ្រប់គ្រង​យោធា​។​

​បុគ្គលិក​ផ្តល់ជំនួយ​បាន​និយាយថា ប្រជាជន​ដែល​បាន​រើ​ទីលំនៅ​ពី​ការប្រយុទ្ធ​គ្នា​ចុង​ក្រោយ​កំពុង​ស្នាក់នៅ​តាម​វត្ត​នៅ​ជុំវិញ​ទីប្រជុំជន ឡា​ស្យូ នៅក្នុង​រដ្ឋ​សាន​និង​រស់​អាស្រ័យ​​ដោយ​ជំនួយ​ពី​ក្រុម​ផ្តល់ជំនួយ និង​ការផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​។​

​ភាព​តានតឹង​នៅក្នុង​តំបន់​នេះ​បាន​កើនឡើង​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅពេល​ក្រុមចម្រុះ​មួយ​នៃ​បណ្តា​ក្រុម​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ដែល​គេ​ស្គាល់​ថា សម្ពន្ធភាព​​ខាងជើង បានធ្វើការ​វាយប្រហារ​លើ​សាលា​យោធា​មួយ​ដោយ​បាន​សម្លាប់​មនុស្ស​ជាង​១០​នាក់ ភាគច្រើន​ជា​បុគ្គលិក​កងកម្លាំងប្រដាប់អាវុធ​។​

​ជ័យលាភី​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី បាន​ចូល​កាន់​អំណាច​បន្ទាប់ពី​ការ​ឈ្នះឆ្នោត​នៅ​ចុងឆ្នាំ​២០១៦ ដោយ​ប្តេជ្ញា​អោយ​អាទិភាព​លើ​ការពិភាក្សា​រក​សន្តិភាព​រវាង​ក្រុម​ឧទ្ទាម​​ជនជាតិភាគតិច យោធា​និង​រដ្ឋាភិបាល​ស៊ីវិល​។​តែ​ជម្លោះ​ចេះតែ​កើន​ឡើង​នៅក្នុង​រដ្ឋកា​ជីន​និង​រដ្ឋ​សាន រួម​ទាំង​រដ្ឋ​រ៉ា​ឃី​ន​ជាប់​ព្រំដែន​បង់​ក្លា​ដែស ហើយ​រដ្ឋាភិបាល​របស់​លោក​​ស្រី​ក៏​ទំនង​ជា​កំពុង​ដណ្តើម​អំណាច​ជាមួយ​យោធា​ដ៏​មាន​ឥទ្ធិពល​ថែមទៀត​៕​ដោយ​៖​វាសនា​​

ទាហានមីយ៉ាន់ម៉ាដើរកាត់ស្ពានដែលខូចខាតដោយត្រូវគ្រាប់នៅក្នុងរដ្ឋសាន

#