ជាង​៥០០​នាក់​របួស​ដោយ​រញ្ជួយ​ដី​នៅ​អ៊ីរ៉ង់​

513
ចែករម្លែក

រញ្ជួយដីកំលាំង៦,៣រិច្ឆទ័រមួយបានវាយប្រហារអ៊ីរ៉ង់ខាងលិចនៅជិតព្រំដែនអ៊ីរ៉ាក់កាលពីយប់ថ្ងៃអាទិត្យទី២៥វិច្ឆិកា បណ្តាលអោយរបួសមនុស្សជាង៥០០នាក់និងបញ្ជូនពួកអ្នកស្រុករត់ចេញមកតាមដងផ្លូវ។

រញ្ជួយដីនេះកើតឡើងជិតទីក្រុងសាប៉ូល-អេ ហ្សាហាប នៅក្នុងខេត្តឃឺម៉ាសា ដែលជាកន្លែងរងការរញ្ជួយដីខ្លាំងកាលពីឆ្នាំមុនដែលបានសម្លាប់មនុស្សជាង៦០០នាក់។

វេជ្ជបណ្ឌិត ដែលជាប្រធានសាកលវិទ្យាល័យវេជ្ជសាស្រ្ត បានប្រាប់ទូរទស្សន៍អ៊ីរ៉ង់ថា មនុស្ស៥១៣នាក់បានរងរបួស តែភាគច្រើនរបួសស្រាល និង៣៣នាក់ត្រូវការដេកពេទ្យ។

អាជ្ញាធរបាននិយាយថា ក្រុមជួយសង្រ្គោះជាច្រើនត្រូវបានបញ្ជូនទៅក្រោយរញ្ជួយដី និងកងទ័ពរួមជាមួយប្រជាការពារបានឆ្លើយតបភ្លាមៗ។

ពួកមន្រ្តីបានរាយការណ៍អំពីការខូចខាតអាគារនៅក្នុងទីប្រជុំជនព្រមទាំងផ្លូវថ្នល់ខ្លះ។រញ្ជួយដីនេះក៏បណ្តាលអោយដួលរលំបង្គោលភ្លើងនិងនាំអោយដាច់ចរន្តអគ្គិសនីខណៈសីតុណ្ហភាពចុះដល់៨អង្សាសេ។

រញ្ជួយដីកំលាំង៦,៣នេះញ័រដល់ក្រុងបាដាត នៅចម្ងាយ១៧៥គីឡូម៉ែត្រពីស្នូលរញ្ជួយ។

សូមបញ្ជាក់ថា អ៊ីរ៉ង់ស្ថិតនៅលើផ្ទៃប្រេះរបស់ផែនដី និងរងការរញ្ជួយដីជាមធ្យមម្តងក្នុងមួយថ្ងៃ។នៅឆ្នាំ២០០៣ រញ្ជូយកំលាំង៦,៦រិច្ឆទ័រមួយបានវាយពង្រាបទីក្រុងប្រវត្តិសាស្រ្តបាមនៅអ៊ីរ៉ង់ខាងត្បូង ដោយបានសម្លាប់មនុស្សប្រមាណ២៦.០០០នាក់។

រញ្ជួយដីជិតទីក្រុងសាប៉ូល-អេ ហ្សាហាបកាលពីឆ្នាំមុន កំលាំង៧,៣រិច្ឆទ័រ បណ្តាលអោយមនុស្សជាង៦០០នាក់ស្លាប់និងជាង៩០០០នាក់រងរបួស៕ដោយ៖វាសនា

ការខូចខាតបង្កឡើងដោយរញ្ជួយដីនៅអ៊ីរ៉ង់ខាងលិចកាលពីយប់ថ្ងៃអាទិត្យ