ជាថ្មីទៀត អ៊ីរ៉ាក់​ជាប់​នៅ​កណ្តាល​នៃ​ការប្រឈមមុខ​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់​

719
ចែករម្លែក

​នៅ​ពេល​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ អង្គុយ​ជជែក​ជាមួយ​មន្ត្រី​អ៊ីរ៉ាក់​នៅ​ក្រុង​បា​ដា​ត​កាលពី​សប្តាហ៍​មុន ចំ​ពេល​ភាព​តានតឹង​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ា​​ស៊ីន​តោន​និង​តេ​អេ​រ៉ង់ លោក​បាន​និយាយថា​«​បើ​អ្នក​មិន​ឈរ​នៅ​ជាមួយ​យើង ឈរ​ទៅ​ម្ខាង​»​។​

​សារ​មិន​គួរសម​ដែល​ត្រូវបាន​មន្ត្រី​អ៊ីរ៉ាក់​ផ្ញើ​ទៅកាន់​សារព័ត៌មាន​នេះ បញ្ជាក់​អំពី​គោលជំហរ​ច្បាស់លាស់​របស់​អ៊ីរ៉ាក់​ថា រដ្ឋាភិបាល​របស់​ខ្លួន​ចង់បាន​មិត្ត​ភាពល្អ​ពី​ភាគី​ទាំងសងខាង​​នៃ​ជម្លោះ​។​

​នៅពេល​ភាព​តានតឹង​ចេះតែ​កើនឡើង មាន​ការបារម្ភ​ថា រដ្ឋាភិបាល​ក្រុង​បា​ដា​ត​ជា​ថ្មី​ទៀត​អាច​ជាប់​នៅ​កណ្តាល​នៃ​ការ​ប្រទាញប្រទង់​ចុងក្រោយ​នេះ ចំ​ពេល​ខ្លួន​ស្ថិតនៅលើ​​ផ្លូវ​រើប​រើ​ឡើងវិញ​ពី​វិនាសកម្ម​នៃ​សង្គ្រាម​។​

​ប្រទេស​នេះ​ទទួល​ឲ្យ​អាមេរិក​ដាក់​ទាហាន​ជាង​៥.០០០​នាក់ និង​ជា​ជម្រក​របស់​ពួក​ជីវពល​គាំទ្រ​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល ដោយ​ខ្លះ​ចង់​ឲ្យកងកម្លាំង​អាម៉េរិក​ចាកចេញ​។​

​វ៉ា​ថេក អាល់​-​ហា​ស៊ី​មី​(Watheq al-Hashimi)​អ្នកវិភាគ​នយោបាយ​អ៊ីរ៉ាក់ បាន​និយាយថា​«​បញ្ហា​ធំ​គឺ​ថា​តើ​ក្រុម​មេដឹកនាំ​អ៊ីរ៉ាក់​នឹង​ដោះស្រាយ​ផលប្រយោជន៍​ជាតិ​របស់​គេ​យ៉ាង​​ណា នៅក្នុង​ប្រទេស​មួយ​ដែល​មហាអំណាច​ខាងក្រៅ​យកមក​ធ្វើ​ជា​ទីលាន​ប្រជែង​គ្នា​ដើម្បី​ផលប្រយោជន៍​ជាតិ​ផ្ទាល់​របស់​គេ​។​បើ​រដ្ឋ​នេះ​មិន​អាច​គ្រប់គ្រង​ក្រុម​ជីវពល​បានទេ អ៊ី​​រ៉ាក់នឹង​ក្លាយ​ជា​សង្វៀន​សម្រាប់​ជម្លោះ​ប្រដាប់អាវុធ​អាម៉េរិក​-​អ៊ីរ៉ង់​»​។​

​ទោះ​ជា​សង្គ្រាម​វោហារ​ស័ព្ទ​កើនឡើង ក៏​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ និង​ថែម​ទាំង​បាន​និយាយថា​លោក​បើកចំហ​​សម្រាប់​ការចរចា​។​តែ​ភាព​តានតឹង​នៅតែ​កើន​ខ្ពស់ មួយ​ផ្នែក​ដោយសារ​ប្រវត្តិ​គួរ​ឲ្យ​ខ្លាច​របស់​តំបន់​។​

​សម្រាប់​អ៊ីរ៉ាក់ ការ​ធ្វើ​ជា​សមរភូមិ​នៃ​សង្គ្រាម​តំណាង​របស់​ក្រុម​ពួក​មួយ​ផ្សេង​វា​មិន​ជា​អ្វី​ដែល​ថ្មី​ទេ​។​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អាយ​ភាគច្រើន​នេះ​ជា​ខ្សែ​​ខណ្ឌ​ចែក​រវាង​អ៊ីរ៉ង់​ដែល​មាន​ពួក​ស៊ីអាយ​( Shiite )​ភាគច្រើន​និង​ពិភព​អារ៉ាប់​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុន​នី​(Sunni )​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​និង​ជា​យូរ​មក​ហើយ​ជា​​សមរភូមិ​មួយ​នៃ​ការ​ប្រជែង​គ្នា​រវាង​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​ដើម្បី​ឧត្តមភាព​តំបន់​។​

​ក្នុងអំឡុង​វត្តមាន​យោធា​អាម៉េរិក​៨​ឆ្នាំ​ដែល​បានចាប់ផ្តើម​ក្រោយ​ការចូល​ឈ្លានពាន​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣ ទាហាន​អាម៉េរិក​និង​ពួក​ជីវពល​គាំទ្រ​អ៊ីរ៉ង់​បាន​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ប្រ​​ទេស​និង​ទាហាន​អាម៉េរិក​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​ឬ​រងរបួស​ដោយ​កងកម្លាំង​ជីវព​លប្រដាប់​ដោយ​សព្វាវុធ​អ៊ីរ៉ង់​។​

​កងកម្លាំង​អាម៉េរិក​បាន​ដកចេញ​ពី​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០១១ តែ​បាន​វិល​មក​វិញ​នៅ​ឆ្នាំ​២០១៤​តាម​ការអញ្ជើញ​របស់​អ៊ីរ៉ាក់​ដើម្បី​វាយ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​បាន​វាយ​កាន់កាប់​យកតំ​​បន់​ធំៗ​នៅ​ភាគ​ខាងជើង​និង​ខាងលិច​ប្រទេស​។​ពួក​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បានរួម​ដៃ​ជាមួយ​កងកម្លាំង​ដឹកនាំ​ដោយ​អាម៉េរិក​វាយ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញពី​អ៊ីរ៉ាក់​បាន​សម្រេច​ក្នុង​យុទ្ធនាការ​៣​ឆ្នាំ ។​តែ​ឥឡូវ អ៊ីរ៉ាក់​ក្លាយ​ជា​ទីតាំង​ប្រជែង​អំណាច​សាជាថ្មី​។​ការវាយប្រហារ​ណា​មួយ​លើ​ផលប្រយោជន៍​អាម៉េរិក​នៅ​អ៊ីរ៉ាក់ នឹង​បំផ្លាញ​កិច្ចខិតខំ​របស់​ប្រទេស​នេះ​ដើ​ម្បី​ទទួល​បាន​ឋានៈ​របស់​ខ្លួន​នៅក្នុង​ពិភព​អារ៉ាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

កាលពី​ថ្ងៃ​៨​ឧសភា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​(ឆ្វេង)បាន​ធ្វើដំណើរ​ទៅកាន់​អ៊ីរ៉ាក់​ដោយ​មិន​ប្រកាស​ទុក​មុន ក្រោយពី​លោក​លុបចោល​ដំណើរ​ទៅ​អាល្លឺម៉ង់​