ជាប់គុក​៥​ឆ្នាំ ពីបទ​ចាប់ជំរិត ចេញមក​វិញ​បង្ក​ហិង្សា ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ម្តងទៀត​

276

(​កណ្តាល​) ៖ បុរស​ម្នាក់ ទើប​ចេញពី​ពន្ធនាគា​ជាប់ចោទ​ពីបទ​ជំរិត​ទា​ប្រាក់ ឥឡូវ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ចាប់ខ្លួន​ម្តងទៀត បន្ទាប់ពី​បាន​បង្ក​ហិង្សា យក​កាំបិតប៉័ងតោ​ដេញ​កាប់​បុរស​ម្នាក់ តែ​មិនត្រូវ ។ អំពើហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៣​រសៀល ថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សោ ពិសី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ រីឯ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ រុំ រ៉ា ហៅ ក្របី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ។ វត្ថុតាង​ចាប់យក​កាំបិត​បុ័ងតោ​ចំនួន​០១​។​

​សមត្ថកិច្ច​បានឱ្យដឹង​បន្តថា កន្លងមក​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​រយៈ​ពេល ៥​ឆ្នាំ ពីបទ ជំរិត​ទារប្រាក់​តាម​ទូរស័ព្ទ ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០១៧ ។ លុះ​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៥:០០​នាទី ជនសង្ស័យ​បាន​ទិញ​ស្រាស​ចំនួន​មួយ​លីត្រ​កន្លះ​ដាក់​ក្នុង​បោយ​ទឹក​របស់​ជនរងគ្រោះ មក​ផឹក​នៅ​រោង​មុខផ្ទះ​ឈ្មោះ ឃឿន ឃីម (​ប្តី​-​ប្រពន្ធ​) ជាមួយ​ឈ្មោះ អាត់ វណ្ណ​នី ភេទ ប្រុស អាយុ ១៨​ឆ្នាំ ឈ្មោះ កុយ វីដ ភេទ ប្រុស អាយុ ១៩​ឆ្នាំ និង​ឈ្មោះ អឿន អ៊ី​ន ភេទ ប្រុស ៤៦​ឆ្នាំ នៅ​ភូមិ​ក្រូចសើច ឃុំ​ពុក​ឬ​ស្សី ជាមួយគ្នា រហូតដល់​ម៉ោង ១៥:៣០​នាទី ជនរងគ្រោះ​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថា ពេល​ផឹកស្រា​ហើយ​យក​បោយ​ទឹក​ទុក​ផង គ្រាន់តែ​និយាយប្រាប់​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ទៅយក​កាំបិត​បុ័ងតោ​ពី​ផ្ទះ​ឈ្មោះ រិ​ន សា​ម៉ៃ ភេទ ស្រី ដែល​ផ្ទះ​នៅជាប់​គ្នា​នោះ ទៅ​កាប់​ជនរងគ្រោះ​ចំនួន មួយ​កាំបិត តែ​ជនរងគ្រោះ​គេចផុត ហើយ​រត់​ចូលមក​ផ្ទះ​ខ្លួន បន្ទាប់មក​ជនសង្ស័យ​បាន​ដេញតាម​កាប់​បន្តទៀត ពេលនោះ​ឈ្មោះ រី រឿន ភេទ ប្រុស ត្រូវ​ជាតា របស់​ជនសង្ស័យ​បាន​ជួយ​ចាប់​កាំបិត​បុ័ងតោ​ចេញ ក្រោយមក​ជនរងគ្រោះ​បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ពុក​ឬ​ស្សី កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល បន្ត​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ សុផាន់​