ជាមួយនឹងការបញ្ចប់អាណត្តិរបស់ខ្លួន ក្រុមប្រឹក្សាខេត្តកំពតផ្តាំរដ្ឋបាលខេត្តរក្សាដីសម្រាប់សង់អាងចម្រោះទឹកឱ្យគង់វង្ស

804
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ សមាជិកក្រុមប្រឹក្សាខេត្តកំពត បានផ្តាំផ្ញើដល់រដ្ឋបាលខេត្តឱ្យបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាផ្ទៃដីជិតបីហិកតាស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអម្ពិលសម្រាប់សាងសង់អាងចម្រោះទឹកឱ្យគង់វង្ស ដោយបញ្ចៀសនូវករណីធ្លាក់លើដៃបុគ្គលដែលប៉ុនប៉ងកាន់កាប់ជាកម្មសិទ្ធិឯកជន។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ គ្រាដែលត្រូវបញ្ចប់អាណត្តិទីពីរនៃក្រុមប្រឹក្សាខេត្តកំពតនោះ លោកលឹម សំបូរបានសំណូមពរថាសូមរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាការពារផ្ទៃដីទំហំ២,៩០ហិកតា ស្ថិតនៅក្បែរចំណុចដៃព្រែកចាក សម្រាប់សាងសង់អាងចម្រោះទឹកដែលហូរមកពីគ្រប់ទិសនៃក្រុងកំពត ឱ្យបានគង់វង្ស។ ដីនៅទីនោះមានប្លង់មេសម្រាប់ធ្វើអាងចម្រោះទឹកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ លោកសមាជិកក្រុមប្រឹក្សាខេត្តបានបន្តថាកន្លងមក បុគ្គលដែលប៉ុនប៉ងចង់បានដីនេះអះអាងអំពីការមានប្លង់តែក្រុមការងារបានបដិសេធរួចហើយ ព្រោះអ្នកធំ ឬអ្នកមានដែលទិញដីនោះធ្វើឡើងនៅឆ្នាំ២០១៤ឯណេះទេ។ បើត្រូវការធ្វើប្លង់ឡើងវិញក៏មិនអាចទៅរួចដែរ ក្នុងករណីលោកអភិបាលខេត្តមិនយល់ព្រម។ ដូច្នេះត្រូវយកផ្លូវច្បាប់មកនិយាយនោះគាត់ពិតជាស្តាប់បានហើយ គឺមិនមានសិទ្ធិប្រើប្រាស់អ្វីទាំងអស់នៅលើដីនេះ។

ឆ្លើយតបចំពោះករណីខាងលើ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍​ថា ដីនោះមិនអាចអ្នកណាយកបានទេ ព្រោះស្ថិតក្នុងប្លង់មេដែលលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានចុះហត្ថលេខាយ៉ាងច្បាស់លាស់។ ដូច្នេះមិនអាចកែប្រែអ្វីបានឡើយ គឺត្រូវតែថែរក្សា និងគ្រប់គ្រងចំពោះដីទំហំ២,៩០ហិកតានេះ។ និយាយរួមគឺមិនអាចអ្នកណាម្នាក់យកបានទេ។

សូបញ្ជាក់ថាអាងចម្រោះទឹកដែលគ្រោងសាងសង់លើផ្ទៃដីជិតបីហិកតានេះ ជាផ្នែកមួយក្នុងគម្រោងនៃកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីទទួលទឹកកខ្វក់ពីប្រភពនានានៅក្រុងកំពត។ គម្រោងនេះមានទំហំទឹកប្រាក់១៥លានដុល្លារដោយផ្តោតលើ​ការងារ​មួយចំនួន ដូចជា ការសម្អាតអនាម័យ ការដាក់ប្រព័ន្ធលូ ការស្តារបណ្តាញផ្លូវទឹកដើម្បីរំដោះភាពលិចលង់ក្រុងជាដើម។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានគម្រោង​ណាមួយត្រូវបានអនុវត្តឡើយ ព្រោះធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់លក្ខខណ្ឌជាច្រើនដូចជា ការរំលោភបំពានគ្រប់ទីតាំងអភិវឌ្ឍត្រូវតែដោះស្រាយឱ្យរួចរាល់ជាមុនសិន៕B/