ជាមួយនឹង​ការបណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម វ៉ូ​វី​ណា​ម​តែងតាំង​ទីប្រឹក្សា​មួយចំនួន​

1259
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​៖ បន្ទាប់ពី​ដំណើរការ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ចំនួន​៥៦​រូប រយៈពេល​២​ថ្ងៃ​មក​នោះ នៅ​ព្រឹក​ថ្ងៃទី​១៧​មីនា វគ្គ​សិក្ខាសាលា​អាជ្ញាកណ្ដាល​-​ចៅក្រម​ថ្នាក់ជាតិ បានបញ្ចប់​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា រ័ត្ន សុខន ជា​ប្រធាន​សហព័ន្ធ និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​សិក្ខ​សាលា​នេះ សុទ្ធតែ​ឆ្លង​ការធ្វើ​តេស្ដ​ទាំង​ទ្រឹស្ដី ទាំង​ការអនុវត្ត​ក្នុងការ​បំពេញ​តួនាទី​ជា​អាជ្ញាកណ្ដាល​ទៀតផង​។ នៅពេល​បញ្ចប់​វគ្គ ពួកគេ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​ការចូលរួម​គ្រប់ៗ​គ្នា​។​

​ជាមួយគ្នានេះដែរ សហព័ន្ធ​ក៏បាន​ប្រកាស​តែងតាំង​នូវ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​ចំនួន​៧​រូប ព្រមទាំង​ប្រគល់​នូវ​លិខិតបញ្ជាក់ ស្ដីពី​កម្រិត​ដាន់​ដល់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​របស់​សហព័ន្ធ និង​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់ដៃ​គូ ដែល​ជួយឧបត្ថម្ភ​នានា​ទៀតផង​។​

​សិក្ខាកាម​ទាំង​៥៦​រូបនេះ មកពី​៦​ខេត្ត និង​ក្លិប​ចំនួន​៣​ក្នុង​រាជធានី​ភ្នំពេញ​។ វគ្គ​នេះ បង្រៀន​ដោយ​លោក​គ្រូធំ​មកពី​ប្រទេស​វៀតណាម គឺ​លោក Nguyen Van Cuong ដែលជា​គ្រូ​របស់​សហព័ន្ធ​ពី​ភព​លោក​ទៀតផង​។ វគ្គ​នេះ មានការ​ស្វែងយល់​ពី​ប្រវត្តិ​វ៉ូ​វី​ណា​ម សិក្សា​លម្អិត​ពី​កម្រិត​ខ្សែក្រវាត់ បទបញ្ជា​នៃ​ការប្រកួត​ទាំង​វិញ្ញាសា​ប្រយុទ្ធ ទាំង​វិញ្ញាសា​សំដែង ពាក្យ​បច្ចេកទេស​នៃ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម របៀប​ផ្ដល់​ពិន្ទុ ស្វែងយល់​ពី​ចំណុច​ហាមឃាត់​ក្នុងការ​វាយ មូលហេតុ​នៃ​ការដក​ពិន្ទុ ការ​វាយ​គូប្រកួត​ឲ្យ​សន្លប់​។​

​ស្វែងយល់​ពី​សម្លៀកបំពាក់​អាជ្ញាកណ្ដាល ផ្ទៃ​ទីលាន​សម្រាប់​ប្រកួត​ជា​ផ្លូវការ គឺ​១០​ម៉ែត្រ​គុណ​១០​ម៉ែត្រ ការសិក្សា​ពី​កាយវិការ​អាជ្ញាកណ្ដាល និង​ការស្វែងយល​ពី​តារាង​ផ្ដល់​ពិន្ទុ​។ នេះ​ជាការ​សិក្សា​លម្អិត​ទាំង​ទ្រឹស្ដី និង​ការអនុវត្តន៍​លើ​ទីលាន​ផ្ទាល់​តែម្ដង​។​

​សម្រាប់​វគ្គ​នេះ លទ្ធផល​ដែល​ទ​ទល​បាន​នោះ គឺមាន​សិក្ខាកាម​ចំនួន​៦០​ភាគរយ ទទួលបាន​និទ្ទេស​ល្អ ១០​ភាគរយ បាន​និទ្ទេស​មធ្យម និង ៣០​ភាគរយ ស្ថិតក្នុង​កម្រិត​ខ្សោយ​៕L