ជាមួយនឹង​ពិភពលោក​ដែល​តែងតែមាន​ការផ្លាស់ប្ដូរ​អាស៊ី និង​អឺរ៉ុប ត្រូវតែ​រឹតចំណង​សាមគ្គី​បន្ថែមទៀត​

318

(​ភ្នំពេញ)៖ ​នៅ​ទីបញ្ចប់​ទៅ គឺជា​រឿង​ដែល​ងាយ​យល់​បំផុត ពោលគឺ អឺរ៉ុប​នៅតែ​ត្រូវការ​អាស៊ី ហើយ​អាស៊ី​ក៏​នៅតែ ត្រូវការ​អឺរ៉ុប​វិញ​ដែរ ដែល​មិនមែន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មិត្តភក្ដិ និង​សម្ព័ន្ធមិត្ត នៅក្នុង​ពិភពលោក​ដែល​កំពុងមាន​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​មានការ​គំរាម កំហែង ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​សុទ្ធតែ​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ទាំង​ចំពោះ​ប្រជាពលរដ្ឋ​អាស៊ី​និង​អឺរ៉ុប​។ ចំណុច​នេះ​ស្ថិតនៅក្នុង​ចិត្ត​របស់ខ្ញុំ​នៅពេលដែល​ខ្ញុំ​កំពុង​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​កិច្ចប្រជុំ អាស៊ី​បូព៌ា​នៅក្នុង​ទីក្រុង​ម៉ានីល​ក្នុងពេល​ខាងមុខនេះ​។​

​បន្ទាប់ពី​ការធ្វើប្រជាមតិ​ពលរដ្ឋ​អង់គ្លេស​កាលពី​ឆ្នាំ​កន្លងទៅ មាន​ពាក្យ​ចចាមអារ៉ាម​ដែល​បំផ្លើស​ខ្លាំង ខុសពី​ការពិត​អំពី​ការបែកបាក់​សហភាព​អឺរ៉ុប​។ ផ្ទុយទៅវិញ សាធារណជន​បែរជា​មានការ​យល់ឃើញ ជា​វិជ្ជមាន​កាន់តែខ្លាំង​ឡើង​ចំពោះ​សហភាព​អឺរ៉ុប​ចាប់តាំងពី​ពេល នោះមក​។ ការចាកចេញ​របស់​ប្រទេស​អង់គ្លេស បង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​សមាជិកភាព​សហភាព​អឺរ៉ុប​ច្បាស់​ជាង​យុទ្ធនាការ​ទំនាក់ទំនង​សាធារណៈ​ពីមុនៗ​មក​ទៅទៀត​។ ប្រទេស​ដែលជា សហភាព​អឺរ៉ុប​ទាំង ២៧ កំពុងធ្វើការ​ចរចា​ចាក​អំពី​ការចេញ​ប្រកបដោយ​ភាពរឹងមាំ និង​មានការ​រៀបចំ​ល្អប្រសើរ ដោយ​ឈរលើ​ស្មារតី​ប្រកាន់យក​ភាពយុត្តិធម៌​ចំពោះ​ប្រទេស​អង់គ្លេស​។​

​ទោះបីជា​លទ្ធផល​បែបណាក៏ដោយ ក៏​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​នឹង​នៅតែមាន​ការរីកចម្រើន​យ៉ាងរឹងមាំ ដូច​ការរីកចម្រើន​ដែលមាន​ស្រាប់​ទៅហើយ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រកបដោយ​ម​ហិ​ច្ឆិ​តា​ខ្ពស់​ថ្មីៗ​ជាច្រើន កំពុង​រៀបចំឡើង​ជាមួយ​នឹង​ដៃគូ​សំខាន់ៗ ដែល​ក្នុងនោះ​រួមមាន ប្រទេស​សិង្ហ​បុរី វៀតណាម និង​ជប៉ុន​ជាដើម​។ នៅក្នុង​ខែធ្នូ​ខាងមុខនេះ បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​នឹងមាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ នៅក្នុង​ការការពារ​គំនិត ផ្ដួចផ្ដើម​ចម្បង​ថ្មីៗ​អំពី​សមត្ថភាព​ការស្រាវជ្រាវ​ផ្នែក​សន្តិសុខ និង​ការរៀបចំ​ផែនការ​កម្លាំង ហើយ​យើង​ក៏បាន គ្រប់គ្រង​លើ​វិបត្តិ​អន្តោ​ប្រវេ​សន្ត​បាន​ច្រើនជាង​វិបត្តិ​ទូក​វៀតណាម​កាលពី​ជាង ៣០ ឆ្នាំមុន​ទៅទៀត​។ បច្ចុប្បន្ន សហភាព​អឺរ៉ុប​កំពុង​សម្លឹងមើល​អនាគត​ប្រកប ដោយ​ទំនុកចិត្ត និង​សុទិដ្ឋិនិយម​ខ្ពស់​។​

​ផ្នែក​សំខាន់​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ យើង​មានបំណង​ប្រាថ្នា​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជា មួយ​នឹង​តំបន់​អាស៊ី ជាពិសេស ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលជា​អង្គការ​ដៃគូ​មួយ​ដែលមាន​ការប្ដេជ្ញាចិត្ត ដូច​យើង​ដែរ ក្នុងការ​រក្សា​នូវ​សន្តិភាព និង​សមាហរណកម្ម​តំបន់ និង​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​នេះ យើង​បានរៀបចំ អបអរសាទរ​ខួប​លើក​ទី​៤០​នៃ​ទំនាក់ទំនង​ប្រកបដោយ​មោទនភាព​។ អ៊ឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​២ និង​ជា​វិនិយោគិន​បរទេស​ធំជាងគេ​បំផុត​របស់​អាស៊ាន​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ យើង​ខិតខំ​បើកចំហ​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ថែមទៀត ដែល​ចុងក្រោយ យើង​បាន​ព្រមព្រៀង​ទៅលើ​ក្របខណ្ឌ​អន្តរ​តំបន់​ប្រកបដោយ​ម​ហិ​ច្ឆិ​តា ដែល​អាច​កំណត់​ស្តង់ដារ​ពាណិជ្ជកម្ម​ជាស​កល​។​

​ប្រទេសមួយ​ចំនួន​តូច​ដែល​កំពុងមាន​សេដ្ឋកិច្ច​ងើបឡើង កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដូចជា បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ជាដើម​។ ប្រទេស​តំបន់​អឺរ៉ុប​ចង់​ធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ធានា សមិទ្ធផល​គួរ​ជាទី ពេញចិត្ត​នេះ មាន​ភាព​យូរអង្វែង​នៅក្នុង​ពេលអនាគត ហើយ​ជួយ​ទៅដល់​ប្រជាជន ជាច្រើន​តាម​ដែល​អាច​ធ្វើបាន​។ ហេតុ​ដូច្នេះហើយ​ទើប​សហភាព​អឺរ៉ុប​បង្កើន​មូលនិធិ​អភិវឌ្ឍ​ទ្វេដង ដើម្បី​គាំទ្រ ទៅដល់​សមាហរណកម្ម​អាស៊ាន និង​ចំណាយ​ប្រាក់​ចំនួន​ជាង​២​ប៊ី​លាន​អឺរ៉ូ​នៅក្នុង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ាន​។

​ប្រទេស​ដែលជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​ចង់​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនាក់​របស់​យើង​ជាមួយនឹង​តំបន់​អាស៊ាន​ផងដែរ ដោយ​ផ្អែកទៅលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​រួម និង​គុណ​តម្លៃ​រួម​។ គួរ​ឲ្យ សោកស្ដាយ ពិភពលោក​បានក្លាយ​ទៅជា​ទីកន្លែង​ដែល​កាន់​តែមាន​គ្រោះថ្នាក់ និង​មិនអាច​ព្យាករណ៍​បាន​នៅ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។ ភាពជាក់ស្ដែង​ជា​អន្តរជាតិ​ដែលមាន​ការវិវត្ត​ឆាប់រហ័ស​តម្រូវ​ឲ្យ​យើង​ធ្វើ ការប្រឹក្សា​យោបល់​ជាមួយគ្នា និង​សហការគ្នា​។ ថ្នាក់ដឹកនាំ​របស់​យើង​គួរតែមាន​ការពិភាក្សា​ច្រើនជាង​មុន ស្មោះត្រង់​ជាង​មុន និង​ជួបគ្នា​ឲ្យ​បាន​ញឹកញាប់​ជាង​មុន​។ សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្នែក​លើ​វិធាន​គួរ​ឲ្យ​ទុកចិត្ត មាន​សារសំខាន់​ចំពោះ​យើង​ទាំងពីរ ទោះបី​យើង​និយាយ​អំពី​ពាណិជ្ជកម្ម សន្តិសុខ​តំបន់ ឬ​បញ្ហា​ផ្សេងៗ​ទៀត ដូចជា​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។ អាស៊ាន និង​អឺរ៉ុប​កំពុង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ ដែលមាន​ស្រាប់​ស្តីពី​ចំណង​ការទូត​ចាប់ពី​ការទប់ស្កាត់​ឲ្យ​ឈានដល់​ការសម្របសម្រួល​ជម្លោះ និង​ការគ្រប់គ្រង វិបត្តិ ពី​សន្តិសុខ​លំហ​សមុទ្រ​ឲ្យ​ទៅដល់​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការប្រឆាំង​អំពើ​ភេ​វរ​កម្ម​។ ចំណុច​ទាំងនេះ​មាន​ភាពចាំបាច់​យ៉ាងខ្លាំង​។​

​កាលពី​៤០ ឆ្នាំមុន ថ្នាក់ដឹកនាំ​អាស៊ី និង​អឺរ៉ុប បានធ្វើ​សេចក្ដីសម្រេចចិត្ត​ប្រកបដោយ បុរេវិនិច្ឆ័យ​នៅក្នុង​ការបង្កើត មិត្តភាព​អាស៊ាន​-​អឺរ៉ុប​។ នៅពេលនោះ មាន​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​យល់ថា សហភាព​អឺរ៉ុប​នឹង​ក្លាយ ទៅជា​ទីផ្សារ​ដ៏​ធំ​របស់​ពិភពលោក​ឬ​អាស៊ាន​ខ្លួនឯង​ជា​ក្រុម​ប្រទេស​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត​។ ហើយ​ស្ទើរតែ​គ្មាន​នរណាម្នាក់​ទាល់តែសោះ​ដែល​ព្យាករណ៍​ដឹង​អំពី​ការគំរាមកំហែង​ផ្សេងៗ ដូចជា​ការប្រែប្រួល អាកាសធាតុ ទម្រង់​នៃ​អំពើ​ជ្រុលនិយម​បែប​ហិង្សា​ក្នុងពេល​បច្ចុប្បន្ន សង្គ្រាម​កូនកាត់ ឬ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ជាដើម​។ ប៉ុន្តែ​ទោះបីយ៉ាងណា​ដ៏​ដោយ ភាពចាស់ទុំ​នៃ​ទំនាក់ទំនង​អាស៊ាន​-​អឺរ៉ុប​ក្នុងពេល​បច្ចុប្បន្ន​អាច​ប្រើប្រាស់ ជា​ឧបករណ៍​ដើម្បី​ជួយ​យើង​នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​រួមគ្នា ហើយក៏​អាចជួយ​យើង​ទាំងពីរ ភាគី​ក្នុង​ការចាប់យក​ឱកាស​ធំៗ​ដែលមាន​នៅក្នុង​ពិភពលោក​របស់​យើង​ដែលមាន​ការប្រែប្រួល​ឆាប់រហ័ស​ផងដែរ​។

​នៅ​ទីបញ្ចប់​នេះ ខ្ញុំ​ជឿជាក់ថា ក្នុងពេល​ឆាប់ៗ​នេះ យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​សហការ ជា​យុទ្ធសាស្ត្រ​ដែល​បំពេញ​សក្ដានុពល​នៃ​ទំនាក់ទំនង​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច និង​ទំនាក់ទំនង រវាង​ប្រជាជន នឹង​ប្រជាជន ដែលមាន​ភាពរឹងមាំ​ស្រាប់​រវាង​ប្រទេស​របស់​យើង​។ ខ្ញុំ​សង្ឃឹមថានឹង​មានឱកាស ពិភាក្សា​អំពី​គោលបំណង​ដ៏​ធំ​នេះ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នៅក្នុង​ទីក្រុង​ម៉ានីល និង​សម្រេចបាន​នូវ​លទ្ធផល​គួរ ឲ្យ​កត់សម្គាល់​ពី​ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា និង​មាន​ភាព​វិជ្ជមាន​អស់​រយៈពេល​បួន​ទសវត្សរ៍​កន្លង នេះ​។ សូម​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​មាន​ភាព​យូរអង្វែង​តទៅ ៕ ​ដោយៈ​លោក Donald Tusk

​កំណត់សម្គាល់ៈ​លោក Donald Tusk គឺជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដែលជា​ស្ថាប័ន​សម្រេចចិត្ត​កំពូល​រប​ស់​សហភាព​អឺរ៉ុប​

លោក Donald Tusk​
លោក Donald Tusk​