ជាមួយ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​សម្តេច​តេ​ជោ​បញ្ជាក់​ពី​ការ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​ដើម្បី​ជាតិ​

964
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ជាមួយនឹង​ការរៀបរាប់​ពី​សកម្មភាព​របស់​សម្តេច ដែល​បាន​ដឹកនាំ​សហការី ធ្វើដំណើរ​ជាសម្ងាត់​ទៅកាន់​ប្រទេស​ថៃ ដែល​ជាការ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​។​

​សកម្មភាព​ធ្វើដំណើរ​ជាសម្ងាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សហការី ឆ្ពោះទៅកាន់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​១៩៨៩ ទាំង​ប្រថុយ​គ្រោះថ្នាក់ ដោយសារ​កាលនោះ​ផ្លូវ​ដែល​ធ្វើដំណើរ​នោះ​សុទ្ធ តែ​ជា​ចម្ការមីន​និង​មាន​កងទ័ព​ត្រីភាគី​ចាំ​វាយប្រហារ​គ្រប់ពេលវេលា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់ថា​បំណង​ដែល​សម្តេច​ចេញទៅ​ប្រទេស​ថៃ​នៅពេលនោះ គឺជា​ការដាក់ចេញ​នូវ​នយោបាយ​មួយ​គឺ សំដៅ​ទប់ស្កាត់​នឹង​កាត់បន្ថយ​ការជួយ​របស់​ថៃ​ចំពោះ​ខ្មែរក្រហម​និង​ត្រីភាគី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​រៀបរាប់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​អង្គា​រ៍យ៉ា​ង​ដូច្នេះ​ថា «​រូបថត​មួយ​សន្លឹក​នេះ​បើ​ពិនិត្យឡើងវិញ​វា​ហាក់ដូច​ជាការ​ផ្សងព្រេង​ដ៏​មាន​គ្រោះថ្នាក់​តែ​សម្រាប់​ខ្ញុំ និង សហការី​គិតថា វា​ជា​មោទនភាព​ដែល​យើង​បាន​យក​ជីវិត​ទៅ​ដូរ​យក​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា ។ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​រឿងនេះ​សូម្បីតែ​ខ្ញុំ​ក៏​ទើប​រកឃើញ​រូបថត​មួយ​សន្លឹក​ដែល​អតីត​អ្នកកាសែត​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​បានប្រគល់​ឲ្យ​ខ្ញុំ​កាលពី​ថ្ងៃអាទិត្យ​នេះដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចែករំលែក​តាម​សំណេរ​នោះ​បន្តទៀតថា ថ្ងៃ​១៩ ខែកញ្ញា ឆ្នាំ​១៩៨៩ ខ្ញុំ និង ប្រតិភូ​បានធ្វើ​ដំណើរ​ជាសម្ងាត់​ទៅកាន់​ប្រទេស​ថៃ​ដោយ​ឆ្លងកាត់​ស្ពាន​តាមផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត​ដែល​ពេលនោះ​សងខាង​ផ្លូវ​ទាំង​ខាង​កម្ពុជា ទាំង​ខាង​ថៃ​សុទ្ធតែជា​ចម្ការមីន ។ ជាងនេះទៅទៀត​នៅ​សងខាង​ផ្លូវ​ប្រមាណ​មួយ​គីឡូម៉ែត្រ គឺមាន​កងទ័ព​ត្រីភាគី​ចាំ​វាយប្រហារ​គ្រប់ពេល​មកលើ​កងទ័ព​រដ្ឋ​កម្ពុជា​ដែល​នៅ​ឈរជើង​តាមផ្លូវ​ជាតិ​លេខ​៥​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​ទៀតថា ប៉ោយប៉ែត​ពេលនោះ​មានផ្ទះ​បែកបាក់​តែមួយ​ខ្នង​នៅ​ក្បាលស្ពាន​ខាង​កម្ពុជា​ក្រៅពីនោះ​គឺ​សុទ្ធតែ​ព្រៃត្រែង ។ យើង​ឆ្លង​ព្រំដែន​នៅ​ម៉ោង​ប្រមាណ ២ រសៀល​ដោយ​មិនទាន់​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅឡើយ ។ អ្នករួមដំណើរ​ជាមួយ​ខ្ញុំ​ឆ្លងកាត់​ស្ពាន​នេះ​មាន​សម្តេច ទៀ បាញ់ , លោក ចម ប្រសិទ្ធ​, លោក ចាន់ អ៊ា​ន​, លោក ខាំ​ពូន កែវ​មុនី និង ឧ​ត្ត​ម​សេនីយ៍ ឡុង សុភាព ដែល​ពេលនោះ​កាន់​មុខតំណែង​ជា​មេ​បញ្ជ​ការ​យោធភូមិ​ភា​គិ​ទី​៤ ដឹកនាំ​កម្លាំង​ការពារ​ដំណើរ​របស់ខ្ញុំ (​ឡុង សុភាព បាន​មរណភាព​ទៅហើយ​)​។ ក្រៅពី​ខាង​កម្ពុ​ជាមាន​ឧ​ត្ត​ម​សេនីយ​កងទ័ព​ថៃ​ម្នាក់​ឈ្មោះ ប៊ុន ឡត រួម​ដំណើរ​ដើម្បី​សម្រួល​ដំណើរ​យើង​ឆ្លងកាត់​ព្រំដែន​និង​ទំនាក់ទំនង​ជាមួយ​ខាង​ភាគី​ថៃ​។ តើ​ជា​បេសកម្ម​អ្វី​ទើប​សម្ងាត់​បែបនេះ​?​ខ្ញុំ​បានដាក់​ចេញ​នូវ​នយោបាយ​មួយ​គឺ អ​ព្យា​ក្រឹ​តូបនីយកម្ម​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ថៃ​សំដៅ​ទប់ស្កាត់​នឹង​កាត់បន្ថយ​ការជួយ​របស់​ថៃ​ចំពោះ​ខ្មែរក្រហម និង​ត្រីភាគី​។​ដូចនេះហើយ​ទើប​មានការ​ជួបគ្នា​ជាសម្ងាត់​រវាង​ខ្ញុំ​ជាមួយ លោក ឆាវ​វ៉ា​លិ​ត យង់​ឆៃ​យុទ្ធ ដែលជា​មេទ័ព​ជើងគោក​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ​នៅ​ថ្ងៃ ២៧ តុលា ១៩៨៨ នៅ​ទីក្រុង​វៀង​ច័​ន្ធ​ប្រទេស​ឡាវ​។ ឆ្លងកាត់​ជំនួប​នេះ​ទើប​មាន​ទ​ស្យន​កិច្ច​របស់ខ្ញុំ​ដោយ​បើកចំហរ​នាទី​ក្រុង​បាងកក​ខែមករា ១៩៨៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ខ្ញុំ​ធ្វើដំណើរ​ទៅ​បាងកក​ជាសម្ងាត់​នៅ​ថ្ងៃទី​១៩ កញ្ញា ១៩៨៩ ពេលនោះ​ទាក់ទង​រវាង​សង្គ្រាម និង​សន្តិភាព​នៅ​កម្ពុជា​ដែល​អាច​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ការស្វែងរក​សន្តិភាព​ស​ម្រា​ប់​កម្ពុជា​។ ខ្ញុំ​និង​ប្រតិភូ​ឆ្លងដែន​នៅ​ម៉ោង​ប្រហែល ២ រសៀល​ទៅ​បាយ​នៅ​អារញ្ញ​ប្រាថេត​ជាមួយ​អគ្គបញ្ជាការរង​កងទ័ព​ថៃ​រួចហើយ​បន្តដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ទីក្រុង​បាងកក​ចរចារ​ជាសម្ងាត់​ជាមួយ​នាយក​រដ្ឋ មន្ត្រី​ថៃ ឆាត​ឆៃ ឈុន​ហាវ៉ាន់ និង មេទ័ព​ជើងគោក​ថៃ ឆាវ​វ៉ា​លិ​ត យង់​ឆៃ​យុទ្ធ នា​ល្ងាច​ថ្ងៃទី ១៩ តុលា ១៩៨៩ ។ ទំនាក់ទំនង​រវាង​ខ្ញុំ​ជាមួយ​មេដឹកនាំ​ថៃ​កាន់តែ​ប្រសើរ​ដែល​នាំ​ដល់​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ រប ស់​ខ្ញុំ​នាពេល​ក្រោយមកទៀត​»៕ល/សរន

#