ដោយ៖បូកគោ/កំពត៖ចំណោទបញ្ហាដីធ្លីស្ថិតនៅត្រង់ចំណុចមួយដែលត្រូវសួរថាបើដោះស្រាយបញ្ហាវិវាទតើនឹងមានអ្វីកើតឡើង?ព្រោះបើមិនដោះស្រាយនោះនឹងជួបករណីទំនាស់កាន់តែធ្ងន់ធ្ងរ។ដូច្នេះមន្ត្រីជំនាញនិងផ្នែកពាក់មិនត្រូវទុកបញ្ហាវិវាទដីធ្លីឱ្យក្លាយជាបំណុលដោះស្រាយមិនចេញនាពេលក្រោយនោះទេ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថា្នក់ខេត្តកាលពីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តលោកជាវតាយប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពតបានមានប្រសាសន៍ថាបញ្ហាវិវាទដីធ្លីមួយចំនួនដែលបានកើតឡើងនិងអូសបន្លាយអស់រយៈពេលដ៏យូរមកនោះហេតុអ្វីបានជាមិនដោះស្រាយឱ្យហើយរួចរាល់?
បើព្យាយាមដោះស្រាយតើនឹងមានអ្វីកើតឡើងសម្រាប់អ្នកពាក់ព័ន្ធជាមួយបញ្ហាទាំងនេះ។បើមិននាំគ្នាដោះស្រាយឱ្យរួចរាល់នោះករណីទំនាស់នឹងកាន់តែរីកធំឡើង។ដូច្នេះមន្ត្រីជំនាញនិងផ្នែកពាក់ព័ន្ធទាំងអស់មិនត្រូវទុកបញ្ហាវិវាទដីធ្លីឱ្យនៅរ៉ាំរៃក្លាយជាបំណុលដោះស្រាយមិនចេញនាពេលក្រោយនោះឡើយ។
លោកអភិបាលខេត្តបានបន្តថាលោកមិននិយាយថាគ្មានសមត្ថភាពឬយ៉ាងណានោះទេ។តែចង់ដឹងថាមូលហេតុអ្វីបានជាទុកឱ្យនៅតៗគ្នារហូតមកដោយដោះស្រាយមិនបាន តើដោយសារអ្វីៗ? ម្ល៉ោះហើយ អ្នកមកក្រោយៗនៅតែតាមដោះបន្ត។
លោកជាវ តាយបានបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគខ្លះបាននិយាយថាគេរត់ម្តងហើយម្តងទៀត ពីអភិបាលខេត្តមួទៅអភិបាលខេត្តមួយនៅតែដោះស្រាយមិនបាន។ក្នុងអង្គសន្តិបាតបានលើកឡើងហើយថាឆ្នាំ២០១៩នេះរាជរដ្ឋាភិបាលបានយកករណីដីធ្លីនេះជាបញ្ហាដោះស្រាយចម្បងដោយគ្រប់រដ្ឋបាលរាជធានីខេត្តទាំងអស់ត្រូវពិនិត្យមើលហើយដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ។
ដូច្នេះក្នុងនាមរដ្ឋបាលខេត្តលោកសូមអំពាវនាវដល់ជំនាញនិងអភិបាលស្រុកក្រុងទាំងអស់ពិនិត្យមើលបញ្ហាទាំងនេះដើម្បីចូលរួមព្រោះរដ្ឋបាលស្រុកក្រុងមានអាជ្ញាធរឃុំសង្កាត់ជាសេនាធិកាហើយនៅកៀកផ្ទាល់ជាមួយបញ្ហាទាំងឡាយ។ការចុះពិនិត្យផ្ទាល់និងធ្វើរបាយការណ៍ពិតជាគន្លឹះនៃដំណោះស្រាយដែលមានប្រសិទ្ធភាព៕S/