ជាអ្នកទីផ្សារអនឡាយវ័យក្មេងម្នាក់បង្រៀនក្រុមស្រ្តីមេផ្ទះ២០០នាក់ឲ្យហ៊ានរកស៊ីដោយខ្លួនឯងមិនពឹងប្តី

282
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ អ្នកនាង អ៊ន់ ធីតា ទើបតែអាយុ២៥ឆ្នាំជាអ្នកទីផ្សារអនឡាយ វ័យក្មេងមួយរូបបានបើកសិក្ខាសាលាស្តីពីដំណើរទៅកាន់ភាពជោគជ័យនៃវិស័យជំនូញមុខអនឡាយ ដោយបង្រៀនក្រុមស្រ្តីមេផ្ទះ២០០នាក់និងជាពិសេសបណ្តុះគំនិតឱ្យហ៊ានរកស៊ីដោយខ្លួនឯងកុំចាំតែពឹងប្តីតែម្ខាង។

កាលពីមុនជាបុគ្គលិករបស់ក្រុមហ៊ុនមានប្រាក់ខែត្រឹម២៥០ដុល្លារអាមេរិកហើយត្រូវភារកិច្ចផ្ទត់ផ្គង់ចិញ្ចឹមនិងជួយឪពុម្តាយនិងប្អូនៗ អ្នកនាង អ៊ន់ ធីតា ងាកមកការរកស៊ីវិញដោយចាប់យកមុខរបបលក់តាមអនឡាយ និងធ្វើជាទីផ្សារបណ្តាញ។

សិក្ខាសាលានេះបានរៀបចំឡើងកាលថ្ងៃអាទិត្យទី១៣ ខែតុលា ក្នុងសណ្ឋាគារសាន់វ៉េ ដោយមានអ្នកចូលរួមនិងស្រ្តីមេផ្ទះប្រមាណជាង ២០០នាក់ ហើយ អ្នកនាង អ៊ន់ ធីតា បានដឹកនាំនារីជាច្រើនឱ្យចេះដាក់ទុនរកស៊ីយ៉ាងជោគជ័យ ហើយពេលនេះឈានទៅដល់ការរៀបចំសិក្ខាសាលាដ៏ធំមួយនេះ ដើម្បីចែករំលែកបទពិសោធន៍នៅលើវិថីមុខជំនួញគ្រឿងសម្អាង NNP ។

ក្នុងបទសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន អ្នកនាង អ៊ន់ ធីតា បានប្រាប់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញគន្លឹះរកស៊ីដល់នារីទាំងអស់ ឈានឆ្ពោះទៅរកភាពជោគជ័យ និងលុបបំបាត់ភាពភ័យខ្លាចក្នុងការចេញមុខធ្វើជំនួញ។ ម្យ៉ាងទៀត វាក៏ជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមកផងដែរ។

អ្នកនាង អ៊ន់ ធីតា បាននិយាយបែបនេះថា “គន្លឹះសំខាន់នៃភាពជោគជ័យ គឺភាពជាអ្នកដឹកនាំ ព្រោះការរកស៊ីរបស់យើង គឺរកស៊ីបែបលក្ខណៈជាប្រព័ន្ធ ដូចនេះបើយើងដឹកនាំខ្លាំង ដឹកនាំកូនក្រុមរាប់រយ រាប់ពាន់នាក់ នោះយើងនឹងជោគជ័យខ្លាំងដែរ។”

សូមបញ្ជាក់ដែរថា ដំបូងឡើយ អ្នកនាង អ៊ន់ ធីតា គ្រាន់តែជាអ្នកធ្វើការឱ្យគេ ទទួលបានប្រាក់ខែ ២៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែដោយសារមិនសល់លុយ ណាមួយធុញថប់នឹងការធ្វើការងារគ្មានពេលសម្រាក ទើបសម្រេចចិត្តស្វែងរកអនាគតថ្មី តាមរយៈការប្រកបរបរផ្ទាល់ខ្លួន គឺចាប់ផ្ដើមជំនួញជាមួយ NNP។

បន្ទាប់ពីការព្យាយាមត្រឹមប៉ុន្មានខែប៉ុណ្ណោះ អ្នកនាង អ៊ន់ ធីតា ក៏បានទទួលជោគជ័យ ក្លាយជាម្ចាស់ដេប៉ូ ៣ខណ្ឌ ដោយមានអ្នកតំណាងចែកចាយទាំងផ្ទាល់ និងបន្តជាង ១០០០
នាក់។ ត្រឹមពេលជាងមួយឆ្នាំប៉ុណ្ណោះ ប្រាក់ចំណេញបានកើនឡើងដល់ប្រមាណ ១ម៉ឺនដុល្លារក្នុងមួយខែ។

ចំពោះអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននារីប្រមាណ ៥ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP នៅគ្រប់ ២៥រាជធានីខេត្ត។

អ្នកស្រីបានលើកឡើងថា នារីគ្រប់រូបមិនត្រូវខ្លាចរឿងចេញមុខរកស៊ីទេ ហើយក៏មិនត្រូវពឹងលើចំណូលប្ដីដែរ។ អ្នកស្រីបានបញ្ជាក់ទៀតថា ការរកស៊ីបច្ចុប្បន្ននេះ គឺពឹងលើប្រព័ន្ធអនឡាញ ដូចនេះនារីគ្រប់រូបអាចមានត្រឹមទូរសព្ទនៅផ្ទះ ក៏រកប្រាក់ចំណេញបានដែរ៕B/